ជំនាញ​ពាណិជ្ជកម្ម​ទាំង ៨ គួរ​បង្រៀន​ដល់​កូន​

​ក្នុង​មួយថ្ងៃៗ​កុមារ​ហាក់​ទទួល​នូវ​ការបង្គាប់បញ្ជា​ច្រើនបែប​ច្រើនយ៉ាង ដូចជា​ឃ្លា “​ត្រូវ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន​!” “​ពេល​ទំពា​ត្រូវ​បិទមាត់​!” រហូតដល់​ពេលខ្លះ​ឪពុកម្តាយ​អាច​នឹង​ភ្លេច​ប្រើពាក្យ​ផ្អែមល្ហែម​លួងលោម ដូចជា “​អរគុណ​ណា​!” “​សូម​…!” ។ ជា​ញឹកញាប់​ណាស់​ការប្រើ​ពាក្យពេចន៍​ជាមួយ​កុមារអាច​នឹង​បង្កើត​បរិយាកាស​មួយ​ធ្វើឱ្យ​កុមារ​វក់​តែ​នឹង​ការ​ស្តាប់​បញ្ជា ពុំ​នោះទេ​នឹង​ទទួលពិន័យ ហើយ​នេះ​ជាការ​ពិបាក​ក្នុងការ​បង្រៀន​កុមារ​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត ។

សូមកុំ​គិត​ខុស​ឱ្យសោះ​ថា កូនៗ​របស់​អ្នក​ចង់​ស្តាប់​តែ​បង្គាប់ ដោយ មិន​ចង់​មាន​យោបល់​ផ្ទាល់ខ្លួន​នោះ ។ ការបង្ហាត់​កូន​ឱ្យ​ឯករាជ្យ និង មាន​ជំនាញពាណិជ្ជកម្ម​តាំងពី​តូច គួរតែ​ចាប់ផ្តើម​ពី​ការ​ផ្តល់ឱកាស​ឱ្យ​កុមារ​បង្ហាញ​ពី​ខ្លួន ឯង​ដោយ​ធម្មជាតិ​ដោយ​មិន​រង​សម្ពាធ​បង្គាប់បញ្ជា ។ ទោះជា​យ៉ាងណា អ្នកជា​ឪពុកម្តាយ​ក៏ត្រូវ​ចូលរួម​បង្រៀន​កុមារ​ពី​ជំនាញ​ពាណិជ្ជកម្ម​នេះដែរ ដើម្បី​បង្កើត​ស្មារតី​ជំហរ​ជាមុនសិន ។ ឪពុកម្តាយ​គួរ​ណែនាំបង្ហាត់បង្រៀន​កូន​ឱ្យដឹងថា​ឧបសគ្គ​គឺជា​ឱកាសតាមរយៈ​ការ​បណ្តោយឱ្យ​ក្មេងធ្វើ​កិច្ចការ លេង​របស់​លេង ឬ លេង​ហ្គេម​អ្វីដែល​គេច​ង់​តាមចិត្ត​ខ្លះ និង សួរ​ឱ្យក្មេង​បញ្ចេញ​គំនិត​ជាជាង​ប្រើ​ក្មេង​ឱ្យ​ធ្វើការ​នេះនោះ​ចិ​ប​ចុ​ប​ច្រើន ។

ការបង្ហាត់​បែបនេះ​មិន​ខុសពី​ការបង្រៀន​ឱ្យ​ក្មេង​យល់​ពី​កិច្ច​ការងាយៗ ដូចជា​រៀន​ជិះ​កង់ និង រៀន​ចងខ្សែ​ស្បែកជើង​នោះទេ គឺ​ត្រូវ​រៀន​ជា​ជំហានៗ និង បន្តិច​ម្តងៗ ។ ដូចនេះ​ដើម្បី​ជា​ជំនួយ​ផ្នែក​គំនិត យើង​សូម​ណែនាំ​វិធី​បង្ហាត់បង្រៀន​កូន​នូវ​ជំនាញ​ពាណិជ្ជកម្ម​តាំងពី​តូច​មិនទាន់​ដឹងក្តី ។​

១. តស៊ូ ៖ អ្នកជំនួញ​តែងតែមាន​ការតស៊ូ​ខ្ពស់ និង ការប្តេជ្ញាចិត្ត​ធំធេង ទោះជា​ជួបនឹង​ឧបសគ្គ​ប៉ុនណា​ក៏ដោយ​ក៏​មិន​បោះបង់ ។ ដូចនេះ​អ្នក​គួរ​បង្រៀន កូន​ឱ្យ​ចេះ​បង្ហាញ​ពី​អារម្មណ៍ កុំ​បន្ទច់បង្អាក់​ក្មេង ដើម្បីឱ្យ​ក្មេង​យល់​ពី​អារម្មណ៍​អវិជ្ជមាន ឬ បដិសេធ ហើយ​ក្រោក​ឡើង​បន្ត​ទៅមុខទៀត​មិន​ចុះចាញ់ ។ ឧទាហរណ៍​ឱ្យ​កុមារ​ប្រើ​កម្មវិធី Positive Penguins ដែលមាន​ក្នុង Smart Phone ។

២. គំនិត​ច្នៃប្រឌិត និង បង្កើត​ថ្មី ៖ ឱ្យ​កុមារ​លេង​ហ្គេម ឬ របស់​អ្វីដែល​ជំរុញ​ដល់​ការគិត ច្នៃប្រឌិត និង រិះរក​មធ្យោបាយ​ដោយ​ខ្លួនឯង ព្រោះ​វា​ជាដើម​ចម​នៃ​ជំនាញ​ជា​អ្នកជំនួញ ទាមទារ​ការ​ត្រិះរិះ​ពិចារណា ផ្នត់គំនិត និង វិធី​ដោះស្រាយ​ផ្ទាល់ខ្លួន ។

៣. ឧស្សាហ៍​ព្យាយាម ៖ ចាំបាច់​ណាស់​កុមារ​មិនត្រូវ​គេចវេះ​ពី​កិច្ចការ​របស់ខ្លួន​នោះទេ ទោះ​តិចតួច​ក្តី ។ ឪពុកម្តាយ​គួរ​ទម្លាប់​កូន​ឱ្យ​ចេះ​ទទួលខុសត្រូវ ដោយ​ដាក់​ការងារ​ឱ្យ​កូន​ធ្វើ​ដល់​ចប់​ចុង​ចប់​ដើម ហើយ​ចំណាយ​ពេលវេលា​ណែនាំ​ដល់​កូន​ផង ។

៤. ការចង់​ដឹង​ចង់​ឮ ៖ គួរ​ជំរុញ​ទឹកចិត្ត​កុមារ​ក្នុងការ​ធ្វើ​អ្វី​ថ្មីៗ​មិន​ច្រំ​ដែល និង បន្តធ្វើ​រឿង​ដែល​កុមារ​ចាប់អារម្មណ៍ ព្រោះ​ការរៀនសូត្រ​នូវ​អ្វីដែល​ថ្មី​គឺជា​គោល​ការ “​រៀន​មួយជីវិត​” ដែល​អ្នកជំនួញ​ត្រូវ​អភិវឌ្ឍ​ខ្លួន​ជាប្រចាំ ។ អ្នក​គួរ​ឧស្សាហ៍​នាំ​កុមារ​ដើរ​ទស្សនកិច្ច​តាម​សារមន្ទី និង មណ្ឌល​សកម្មភាព​នានា ។​

៥. ជំនឿ​ចិត្ត​លើ​ខ្លួនឯង ៖ ជំរុញ​ទឹកចិត្ត​ឱ្យ​កុមារ​បញ្ចេញមតិ និង ផ្តល់ឱកាស ឱ្យ​កុមារ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ទោះជា​វា​មិនមែនជា​រឿង​ស្រប​នឹង​គំនិត​របស់​អ្នក​ក៏ដោយ ព្រោះនេះ​គឺជា​ឱកាស​ដែល​ក្មេង​អាច​រៀន​ពីបទ​ពិសោធ និង ការសម្រេចចិត្ត​ខុស ឬ ត្រូវ​របស់ខ្លួន ។ ដូចគ្នា​ដែរ អ្នកជំនួញ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ ហើយ​ហ៊ាន​ប្រថុយ និង មាន​ជំនឿ​ចិត្ត​លើ​ការសម្រេចចិត្ត​របស់ខ្លួន ទើប​អាច​ទទួលជោគជ័យ ។​

៦. ការយល់​ចិត្ត ៖ ដូច​ពាក្យចាស់​ពោលថា “​យកចិត្ត​គេ​ដាក់​ក្នុង​ចិត្ត​ខ្លួនឯង​” មានន័យថា យល់​ពី​ភាព​សំខាន់ និង រក្សា​ទំនាក់ទំនង​វិជ្ជមាន ។ គួរ​គោរព​គំនិត​យោបល់ និង ឯកជន​ភាព​របស់​កូន ដោយ​លើកទឹកចិត្ត​ឱ្យ​កូន​និយាយ​ពី អារម្មណ៍​របស់ខ្លួន នោះ​កូន​ក៏​នឹង​ចេះ​គោរព​យល់ចិត្ត​អ្នក និង អ្នកដទៃ​ដូចគ្នា ។​

៧. សុទិដ្ឋិនិយម ៖ រៀបរាប់​ចែករំលែក​បទពិសោធ ឬ រឿងរ៉ាវ​នានា​ជា​សារ វិជ្ជមាន និង សារ​បំផុសទឹកចិត្ត​ដល់​កុមារ ដូចជា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បីឱ្យ​កុមារ​ចេះដឹង​គុណ និង គិត​ក្នុង​ផ្លូវ​ល្អៗ ។ ជា​អ្នកជំនួញ​ម្នាក់​ត្រូវ រក្សា​គំនិត​សុទិដ្ឋិនិយម ហើយ​បើ​ចង់ឱ្យ​ពិភពលោក​ប្រសើរឡើង គឺ​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង មិនមែន​អង្គុយតែ​បន់ស្រន់​ព្រះ​នោះទេ ។​

៨. តបស្នង ៖ លើកទឹកចិត្ត​ឱ្យ​កូន​ចេះ​ជួយ​អ្នក​ជុំវិញខ្លួន ដូចជា ជួយ​មនុស្ស ចាស់ ឬ ក្មេង​ឆ្លងផ្លូវ លើក​របស់របរ​ធ្ងន់ៗ បោស​ស្លឹកឈើ​មុខផ្ទះ ជាដើម ។ ទង្វើ​ទាំងនេះ ទោះជា​មិនអាច​ជួយ​បាន​ទាំងស្រុងក៏​ជាការ​ប្រព្រឹត្ត​ខ្លួន​ល្អ ដែលជា​ទំនួល​ខុសត្រូវ​ក្នុងសង្គម​មនុស្ស​គ្រប់រូប​គួរតែ​ចូលរួម ៕