យុទ្ធ​នាការ​សម្អាតទីក្រុង​កំពត ដើម្បី​អបអរបុណ្យ​សមុទ្រ​ឆ្នាំ​២០១៥

ខេត្តកំពត ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៩ ធ្នូ ២០១៥ នេះ អាជ្ញាធរ​ខេត្ត បាន​ធ្វើ​យុទ្ធនាការ​ជា​ព្រឹត្តិការណ៍​ទិវា​អនាម័យ​បរិស្ថាន ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​តាម​មន្ទីរ​អង្គភាព សិស្សា​នុសិស្ស និស្សិត ទាំង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ប្រជាពលរដ្ឋ​ស​ក្នុង​ខេត្ត​ប្រមាណ​ជាង​១​ពាន់​នាក់​បាន​ចូលរួម ។

លោក​ខូ​យ ឃុន​ហ៊ួ អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការ​រៀបចំ​អនាម័យ​បរិស្ថាន​សំអាត​ទីក្រុង​ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​មាន​សារសំខាន់ និង​ចាំ​បាច់​បំផុត ដែល​អាជ្ញាធរ​ខេត្ត​-​ក្រុង​កំពត និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អា​វុធ សិស្ស និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ដើម្បី​ធ្វើការ​បោសសម្អាត​នូវ​រាល់​ការដ្ឋាន សំណង់​នានា​ក្នុង​ក្រុង​កំពត ដែល​រដ្ឋបាល​ខេត្ត​ក្រុង​កំពត បាន​ធ្វើ​កន្លង​មក​ជា​ច្រើន​ខែ​មក​ហើយ សម្រាប់​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើ​ទឹកដី​ក្រុង​កំពត ខេត្តកំពត ដែល​ចាប់ផ្តើម​ថ្ងៃ​ទី​១១ ដល់​១៣ ធ្នូ ២០១៥ ដែល​សល់​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។