ជិះ​ម៉ូតូលឿន​ពេក​បុក​រថយន្ត​ពី​ក្រោយ​​បណ្តាល​ឱ្យ​រង​របួស​​​​២នាក់​

​ខេត្ត​ព្រះ​សីហុនុ ៖ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ​បុក​ជា​មួយ​រថយន្ត​ ​បណ្តាល​ឱ្យ​នារី​២នាក់រង​របួសកាល​ពីវេលា​៥​និង​១០​នាទី​ល្ងាច​​ថ្ងៃ​ទី​៨ ធ្នូ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៣ ​​ត្រង់​ចំណុច​បឹង​ផ្លុង ស្ថិត​​នៅ​ក្នុ​ងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ ​។

​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-0188 មួយ​គ្រឿង ​​​ជិះ​​គ្នា​២នាក់ បើក​បរ​ដោយ​​ឈ្មោះ កែវ សុភណ្ឌ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ និង​អ្នក​ជិះ​ពីក្រោយ​​ឈ្មោះ ជុំ ស្រីទូច ​អាយុ​១៧​ឆ្នាំ មាន​ទី​លំនៅ​​ភូមិ​វាល​ធំ ឃុំ​វាលរេញ​ ស្រុក​ព្រៃ​នប់ ​ធ្វើ​ដំណើរ​​​​យ៉ាង​លឿន​​ទិ​ស​ដៅ​ពី​កំពត​​មក​វាល​រេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ជ្រុល​ចង្កូត​ទៅ​បុក​​ពី​ក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5936 មួយ​គ្រឿង ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​​​​​​​រង​របួស​​​ទាំង​២នាក់​​តែ​ម្តង ចំណែក​អ្នក​​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​​បាត់​ស្រមោល ។​

​ក្រោយ​កើតហេតុ​ នារី​គ្រោះ​ទាំង​២នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​​ឯក​ជន​ ចំណែក​រថយន្ត​និង​ម៉ូតូ​​ត្រូវ​បាន​សមត្ថកិច្ច​វាស់​វែង​រួច​​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​​រង់​ចាំ​ដោះ​ស្រាយ​​តាម​ផ្លូវច្បាប់ ៕