ទឹកប្រាក់​ប្រមាណ​១៦៨​លាន​ដុល្លារ ត្រូវបាន​ខាតបង់​នៅ​ឆ្នាំ​២០១៣ ដោយសារ​ផលវិបាក​លើ​សុខភាព​បង្កដោយ​អំពើហិង្សា​លើ​កុមារ​

ភ្នំពេញ:  ការសិក្សា​ថ្មី​មួយ​ចេញផ្សាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃនេះ បាន​បង្ហាញថា ប្រទេស​កម្ពុជា​បាន​បាត់បង់​យ៉ាងហោចណាស់​ទឹកប្រាក់​ចំនួន ១៦៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៣ ឬ ១,១ ​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ (GDP) ​របស់ខ្លួន ដោយសារតែ​ផលប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​បង្កឡើង​ដោយ​អំពើហិង្សា​លើ​កុមារ​។​

​របាយការណ៍​ដែលមាន​ចំណងជើង​ថា “​បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយ​អំពើហិង្សា​លើ​កុមារ​” ក៏​បង្ហាញ​ផងដែរ​ថា ការបាត់បង់​ផលិតភាព​ដោយសារ​អំពើហិង្សា​នៅ​វ័យ​កុមារ​មាន​ចំនួន​សរុប ៨៣,៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ស្មើនឹង ០,៥៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​។ លើសពីនេះ ឱកាស​របស់​ក្មេងស្រី​ដែល​បាន​ទទួលរង​អំពើហិង្សា​លើផ្លូវ​កាយ ក្នុង​ការបន្ត​ការអប់រំ​ក្រោយ​មធ្យមសិក្សា មានការ​ថយចុះ​ចំនួន​៦​ភាគរយ​។​

​លោកស្រី​វេជ្ជបណ្ឌិត​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា​“​ការស្រាវជ្រាវ​ថ្មី​នេះ​បាន​ប្រាប់​ឲ្យ​យើង​ដឹងថា បន្ទុក​សេដ្ឋកិច្ច​ដែល​កើតចេញពី​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​របស់​យើង មាន​កម្រិត​គួរ​ឲ្យ​កត់សម្គាល់ ដែល​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ​ជាបន្ទាន់​ពី​សំណាក់​មនុស្ស​គ្រប់រូប ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុ​ជា​ដើម្បី​កុមារ​”​។​

​លោកស្រី​បាន​បន្ថែមទៀតថា “​អំពើហិង្សា​លើ​កុមារ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ មិនតែប៉ុណ្ណោះ លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ដែរ​ថា ការទប់ស្កាត់​អំពើហិង្សា​លើ​កុមារ ឬ​កា​រប​ឈ្ឈ​ប់​អំពើហិង្សា​មុនពេល​វា​កើតឡើង គឺជា​ភាព​វៃឆ្លាត​មួយ​ដែល​នឹង​អាច​ចូលរួមចំណែក​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​។​”

​អំពើហិង្សា​ដែល​ជួបប្រទះ​នៅ​វ័យ​កុមារ អាចមាន​ផលវិបាក​អវិជ្ជមាន​លើ​សុខភាព​ពេញ​មួយជីវិត ប៉ះពាល់​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​ជនរងគ្រោះ ដូចជា​ផលប៉ះពាល់​អវិជ្ជមាន​លើ​ការអភិវឌ្ឍ​ខួរក្បាល បញ្ហា​ឥរិយាបថ បញ្ហា​ផ្លូវកាយ​និង​ផ្លូវចិត្ត​កាត់បន្ថយ​កម្រិត​នៃ​ការអប់រំ និង​កាត់បន្ថយ​ចំណូល​នាពេល​អនាគត​។​

​លោកស្រី ដេ​បូរ៉ា កូ​មី​នី នាយិកា​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា “​នេះ​គ្រាន់តែ​ជាការ​រកឃើញ​មួយចំណែក ដោយសារតែ​ការស្រាវជ្រាវ​នេះ​បាន​ពិនិត្យ និង​វិភាគ​លើ​ផលវិបាក​លើ​ផ្នែក​សុខភាព​មួយចំនួន​ប៉ុណ្ណោះ​ដែល​កើតចេញពី​អំពើហិង្សា​លើ​កុមារ មានន័យថា​ការខាតបង់​ចំពោះ​សង្គម​ជា​រៀងរាល់ឆ្នាំ​ពិត​ជាមាន​កម្រិត​ខ្ពស់ជាង​នេះ​”​។

​លោកស្រី​បាន​បន្តទៀតថា “​អំពើហិង្សា​លើ​កុមារ មិន​ថា​កើតឡើង​នៅទីណា​និង​របៀប​ណា​នោះទេ គឺ​សុទ្ធតែ​មិន​ត្រឹមត្រូវ​ទាំងអស់ ហើយ​គឺជា​ការរំលោភបំពាន​លើ​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ​។ ការសិក្សា​នេះ​ក៏​បញ្ជាក់​ផងដែរ​ថា ផលប៉ះពាល់​នៃ​អំពើហិង្សា មិន​ត្រឹមតែ​ប៉ះពាល់​ផ្ទាល់​ដល់​កុមារ​នោះទេ តែ​វា​បង្ក​ផលវិបាក​ជា​អវិជ្ជមាន​យូរអង្វែង​ដល់​ប្រទេស​ទាំងមូល​”​។​

​ការស្រាវជ្រាវ​ដែល​ពិនិត្យ​ទៅលើ​បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយ​អំពើហិង្សា​លើ​កុមារ​នេះ គឺជា​ការសិក្សា​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​ដឹកនាំ​ស្រាវជ្រាវ​ដោយ​បណ្ឌិត Xiangming Fang អ្នកជំនាញ​សកល​លើ​វិស័យនេះ ក្រោម​ការគាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ​។ ការសិក្សា​នេះ​ភាគច្រើន​ប្រើប្រាស់​ទិន្នន័យ​ពី​របាយការណ៍​នៃ​ការអង្កេត​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា (CVACS) ដែល​បាន​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៣​។ ផលប៉ះពាល់​លើ​សុខភាព​និង​ឥរិយាបថ​ប្រឈម ដែល​រួមមាន បញ្ហា​ផ្លូវចិត្ត​ការឆ្លង ជំងឺ​ដោយសារ​ការរួម​ភេទ ការ​ធ្វើបាប​ខ្លួនឯង ការជក់បារី បញ្ហា​ប្រើប្រាស់​ជាតិ​ស្រវឹង និង​មរណភាព​កុមារ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ត្រូវបាន​ប្រើប្រាស់​ដើម្បី​វិភាគ​លើ​ការសិក្សា​បន្ទុក​សេដ្ឋកិច្ច​នេះ​។​

​របាយការណ៍​នៃ​ការអង្កេត​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា (CVACS) ដែល​ចេញផ្សាយ​កាលពី​ខែតុលា​ឆ្នាំ​២០១៤ បានបង្ហាញ​ពី​វិសាលភាព​និង​លក្ខណៈ​នៃ​អំពើហិង្សា​លើ​កុមារ​នៅ​ទូទាំងប្រទេស​។ ការអង្កេត​នេះ​បាន​បង្ហាញថា មាន​កុមារ​ម្នាក់​ក្នុងចំណោម​២​នាក់​បាន​ទទួលរង​អំពើហិង្សា​ផ្លូវកាយ​បង្កឡើង​ដោយ​ឪពុក​ឬ​ម្តាយ ឬ​មនុស្សពេញវ័យ​ជា​សាច់ញាតិ គ្រូ មិត្តភក្តិ​ឬ​សមាជិក​សហគមន៍ និង​មាន​កុមារ​ម្នាក់​ក្នុងចំណោម​៤​នាក់​បាន​ទទួលរង​ការរំលោភបំពាន​ផ្លូវចិត្ត​។​

​តាមរយៈ​ការវិភាគ​លើ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បង្កដោយ​អំពើហិង្សា​លើ​កុមារ ការសិក្សា​ថ្មី​នេះ​មាន​គោលបំណង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​រវាង​អ្នកតាក់តែង​គោលនយោបាយ មន្ត្រី​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ​នៅ​ថ្នាក់ជាតិ​រួមទាំង​ទប់ស្កាត់​និង​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​កុមារ​។​

​សិក្សា​អង្កេត​នោះ​អាច​សម្រេច​ទៅបាន ដោយសារ​មាន​កិច្ចសហការ​យ៉ាង​ល្អ​ក្នុង​ភាពជា​ដៃគូ និង​ការប្តេជ្ញាចិត្ត​របស់​គណៈ​ក​ម្មា​ធិ​ការ​អន្តរក្រសួង ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ចំនួន​១៣៕​