អ្នក​សម្រួល​​ចរាចរណ៍​កុំឱ្យស្ទះ ត្រូវម៉ូតូ​បុកបែកពងស្វាស

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​អ្នក​សារព័ត៌មាន​កម្លាំង​មនុស្សធម៌​ម្នាក់ កំពុង​តែ​បញ្ជា​ចរាចរណ៍​កកស្ទះ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍​បុក​ចំ​ពងស្វាស​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​០៨ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ លើ​កំណាត់​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ​សុ​ឡា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ប្រធាន​ក្រុម​អ្នក​សារព័ត៌មាន​កម្លាំង​មនុស្សធម៌ ស្នាក់​នៅ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។ អ្នក​បើក​ម៉ូតូ​បង្ក​ឈ្មោះ​ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ធ្វើការ​នៅ​រោងចក្រ​ហុងដា ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1I-8734 ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ចំណុច​ខាងលើ មានការ​កកស្ទះ​ចរាចរណ៍​ហើយ​ជន​រង​គ្រោះ​កំពុង​តែ​បញ្ជា​ចរាចរណ៍​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ស្រាប់តែ​មាន​ម៉ូតូ​បង្ក​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ពី​ជើង​ទៅ​ត្បូង​មក​ដល់​បុក​អ្នក​កំពុង​បញ្ជា​ចរាចរណ៍​ចំ​ច្រក​គាវ​ប្រឡោះ​ជើង គឺ​ចំ​ពងស្វាស​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​តាម
រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​អ្នក​បើក​ម៉ូតូ​ត្រូវ​ឃាត់ខ្លួន​បាន ។

ក្រោយ​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ែ​ន រ​ដ្ឋា ជា​មន្ត្រី​យោធា​ត្រូវជា​បង​របស់​ជន​បង្ក​បាន​មក​អះអាង​ថា ជន​បង្ក​មាន​ជំងឺ​សរសៃប្រសាទ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។ មិនតែប៉ុណ្ណោះ ពេល​បុក​ជន​រង​គ្រោះ​រង​របួសធ្ងន់ ហើយ​ជន​បង្ក​បាន​និយាយ​ឡូឡា​ឈ្លោះប្រកែក​ជាមួយ​សមត្ថកិច្ច​ធ្វើ​ឲ្យ​បងប្រុស​ទ្រាំ​មិន​បាន​វាយតប់​ពីរ​ដៃ ។ ម៉ូតូ​របស់​ជន​បង្ក​ត្រូវ បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​មាន​ជ័យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​ទៀត ៕