កំពង់ផែ​ស្វយ័ត​ភ្នំពេញ ឡើង​ផ្សារ​ហ៊ុន​ជា​ផ្លូវការ​នៅថ្ងៃនេះ​

រូបថតពីហ្វេសប៊ុក ខុទ្ទកាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ជួញដូរ​នៅលើ​ទីផ្សារ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​៩​ខែធ្នូ​នេះ​។ ការប្រកាស​បើក​ជួញដូរ​មូល​ប​ត្រ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចុះបញ្ជី​ផ្លូវការ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(CSX)​។​

​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ផ្សា​រមូល​ប​ត្រ​កម្ពុជា CSX ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា SECC បានសម្រេច​ជា​ស្ថាពរ​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដំណើរការ​បោះពុម្ពផ្សាយ​មូល​ប​ត្រលក់​នៅលើ​ទីផ្សារ​។ មូល​ប​ត្រ​ដែល​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បោះផ្សាយ​លក់​ជា​ប្រភេទ​មូល​ប​ត្រ​កម្មសិទ្ធិ​មាន​សិទ្ធិ​បោះឆ្នោត ហើយ​បោះផ្សាយ​លក់​ក្នុង​ចំនួន​៤,១៣៦,៨៧៣ លើ​ចំនួន​មូល​ប​ត្រ​កម្មសិទ្ធិ​មាន​សិទ្ធិ​បោះឆ្នោត​សរុប​២០,៦៨៤,៣៦៥ ក្នុង​ថ្លៃ​៥,១២០​រៀល ក្នុង​មួយ​ឯក​តា​មូល​ប​ត្រ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ជា​ក្រុមហ៊ុន ទី​៣ ដែល​បាន​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​ពីរ​ទៀត គឺ​ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល​។ កាលពីពេល​កន្លងទៅ​មន្ត្រីជាន់ខ្ពស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា លោក សុខ ដា​រ៉ា បាន​អះអាងថា នៅ​ចុងឆ្នាំ​២០១៥​នេះ នឹង​អាចមាន​ក្រុមហ៊ុន​ចំនួន​២​ទៀត គឺ​ក្រុមហ៊ុន TY Fashion ដែលជា​ក្រុមហ៊ុន​ផ្នែក​សំលៀកបំពាក់ និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​(PPSEZ) ទទួលបាន​សិទ្ធិ​បោះផ្សាយ​លក់​មូល​ប​ត្រ​។​

​ទីផ្សារ​មូល​ប​ត្រ​របស់​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២ ហើយ​នាពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន ២ ដែល​បោះផ្សាយ និង​លក់​មូល​ប​ត្រ​ជា​សាធារណៈ​។ ក្រុមហ៊ុន​ទាំងពីរ​នោះ ទី ១ ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​ដំណើរការ​នៅ​ឆ្នាំ ២០១២ និង​ក្រុមហ៊ុន Grand Twins International ដែល​ទទួលបាន​សិទ្ធិ​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ឆ្នាំ ២០១៤ ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​