នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាបចុះ​បង្ក្រាប​ទីតាំង​​ហ្គេ​ម​បាញ់​ត្រីដុះ​ស្លែ​ក្នុង​ផ្សារ​ជ័យ

ខេត្តសៀមរាប​ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​ដឹកនាំ​ផ្ទាល់​ដោយលោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ឆែកឆេរ​ទីតាំង​ល្បែងប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែខុសច្បាប់​មួយ​កន្លែង​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន៣នាក់ ​ក្នុង​នោះ​ម្ចាស់​ភាគហ៊ុន​ម្នាក់​ ​​អ្នក​បច្ចេកទេស​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​​​២​នាក់ ​​អ្នក​ស៊ីសង​លុយ​ភ្នាល់​ហ្គេ​ម ជា​ជនជាតិ​ខ្មែរ​អ៊ិស្លា​ម​ម្នាក់ ​យក​មក​សួរនាំ​នៅ​ការិយាល័យ​នគរបាល​កំរិត​ស្រាល​ ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួនយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។

​ប្រតិបត្តិការ​​​នេះ​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១១យប់ ​ថ្ងៃ​ទី​០៧​ ធ្នូ​ ​២០១៥ ​ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​ជ័យ តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុងភូមិភ្ញា​ជ័យ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

​ក្រោយ​ពី​​ឃាត់ខ្លួន ​សមត្ថ​កិច្ច​បាន​ដកហូត​​វត្ថុ​តាង រួម​មាន​​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​ទូ​,​ ហ្គេ​ម​តុក្កតា​ចំនួន​២​ទូ​,​ លិខិតឆ្លងដែន​២,​ កូនសោចាក់​​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២,​ សៀវភៅ​ទូទាត់​លុយ​ និង​កត់​ពង់​ចំនួន​២​ក្បាល​,​លិខិត​អាជីវកម្ម​ចំនួន​១,​ សៀវភៅ​វិ​ក្ក័​យ​ប័ត្រ​២​ក្បាល​, ​វិ​ក្កយ​ប័ត្រ​សន្លឹក​ចំនួន​៦០​សន្លឹក​,​ ប័ណ្ណ​ផ្ញើ​ម៉ូតូ កង់ ចំនួន​៥៧​សន្លឹក​,​ កៅអី​ចំនួន​១៤​ និង​នាមប័ណ្ណ​ចំនួន​៥​សន្លឹក ៕