ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៧

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៧

​គ្រោងឆ្អឹង​របស់​កូន​អ្នក ចាប់ផ្តើម​ប្រែក្លាយ​ពី​ឆ្អឹងខ្ចី​ទន់ៗ ទៅ​ជា​ឆ្អឹង​រឹង ហើយ​ទងផ្ចិត ក៏​ចាប់ផ្តើម​ឡើង​ក្រាស់ ហើយ​រឹងមាំ​ជាង​មុន​ដែរ​។ ក្នុង​អាទិត្យ​នេះដែរ កូន​របស់​អ្នក​ប្រហែលជា​មាន​ទម្ងន់ ១៤១ ក្រាម (​ប៉ុន​មើម​ស្ពៃ​) និង​មាន​ប្រវែង​ប្រហែល ១២,៧ សង់ទីម៉ែត្រ​។ គេ​អាច​កម្រើក ឬ​ធ្វើ​ចលនា​សន្លាក់ ហើយ​ក្រពេញ​ញើស ក៏​ចាប់ផ្តើម​អភិវឌ្ឍន៍​ដែរ​។​

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​តើ​អ្នក​កំពុងតែ មាន​អារម្មណ៍​អ្វី​ខ្លះ​ទៅ​? លែង​សូវ​ស្រួល​ហើយ​មែន​ទេ ពីព្រោះ​ក្បាលពោះ​របស់​អ្នក ប្រហែល​ជា​ចាប់ផ្តើម​រីក​ធំ ហើយ​រឿងរ៉ាវ​ជាច្រើន​ទៀត ក៏​នឹង​ផ្លាស់ប្តូរ​ជីវិត​រស់នៅរ​បស់​អ្នក​ដែរ​។

អ្នក​ប្រហែលជា​ពិបាក​ដើរ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន នៅ​ពេល​ឡើង​ចុះ​កាំជណ្តើរ​។ បន្ថែម​ពីលើ​នេះ អ្នក​ត្រូវ​បញ្ឈប់​ការពាក់​ស្បែក​កែង​ចោត ដោយ​ប្តូរ​មក​ពាក់​ស្បែកជើង​ទាបៗ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ឬ​ការរង​របួស​ទៅលើ​ពោះ​របស់​អ្នក​។ យ៉ាងណាមិញ ពេល​អ្នក​ជិះ​ឡាន ត្រូវ​ចង់ចាំ​ថា អ្នក​បាន​ដាក់​ខ្សែក្រវ៉ាត់​ត្រឹមត្រូវ ខាងក្រោម​ក្បាលពោះ​របស់​អ្នក​បន្តិច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​កូន​។​

​អ្នក​ប្រហែល​ជា​កត់សម្គាល់ឃើញ​ថា ភ្នែក​របស់​អ្នក​ហាក់ដូចជា​ស្ងួត​បន្តិច ដូច្នេះ អ្នក​អាច​សាកសួរ​គ្រូពេទ្យ អំពី​ថ្នាំ​បន្តក់​ភ្នែក ដែល​អ្នក​អាច​ប្រើ​បាន​។​

​អ្វី​ដែល​អ្នក​គួរ​ធ្វើ ក្នុង​សប្តាហ៍​នេះ​
​នឹង​រក​ឈ្មោះ​ដាក់​ឲ្យ​កូន​
​វា​ជា​ពេលវេលា​ដ៏​ល្អ ដើម្បី​រក​ឈ្មោះ​ដាក់​ឲ្យ​កូន​ហើយ​។ ចូរ​សរសេរ​ឈ្មោះ ដែល​អ្នក និង​ស្វាមី​ពេញចិត្ត​ទាំង ១០ ហើយ​យក​មួយ​ដែល​ល្អ​បំផុត ដើម្បី​ហៅ​កូន​របស់​អ្នក​។ អ្នក​ក៏​ឆែក​វចនានុក្រម ដើម្បី​មើល​អត្ថន័យ ឈ្មោះ​របស់​កូន​អ្នក​ផងដែរ​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។