ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​៦០០​នាក់​ផ្ដិត​មេដៃ​សុំ​បង្កើត​សហគមន៍​ព្រៃ​ឈើ

តំណាង និង​អ្នក​ភូមិ​នៃ​ឃុំ​ពេជចង្វារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង គ្រោង​ដាក់​លិខិត​ស្នើសុំ​បង្កើត​សហគមន៍​ព្រៃ​ឈើ​ដែល​មាន​ភ្ជាប់​ស្នាម​មេដៃ​អ្នក​គាំទ្រ​ចំនួន ៦០០​នាក់ ទៅ​សាលា​ខេត្ត​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ។ តំណាង​សហគមន៍​ថា ក្រុម​អ្នក​ភូមិ​នៃ​ឃុំ​ពេជចង្វារ ធ្លាប់​ដាក់​លិខិត​ដូច​គ្នា​នេះ​ជូន​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​តាំង​ពី​ឆ្នាំ​២០០៤ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។

សហគមន៍​ពេជចង្វារ​រុក្ខា​ល្អ​ឆើត ដែល​មាន​តែ​ឈ្មោះ​មិន​ទាន់​កំណត់​ទំហំ​ដី​ច្បាស់លាស់ និង​មិន​ទាន់​មាន​លិខិត​អនុញ្ញាត​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នោះ ត្រូវ​តំណាង​ប្រជាពលរដ្ឋ​បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា សហគមន៍​អាច​នឹង​ទទួល​ស្គាល់​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦។ ពេល​នោះ អ្នក​ភូមិ​ចំនួន ៦ នៃ​ឃុំ​ពេជចង្វារ នឹង​មាន​ឱកាស​ពេញ​លេញ​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ ដើម្បី​បម្រើ​ផល​ប្រយោជន៍​រួម។

តំណាង​សហគមន៍ លោកស្រី យិន ប៉ិច មាន​ប្រសាសន៍​ថា ប្រជា​សហគមន៍ និង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បរិបូរណ៍ ត្រៀម​ខ្លួន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទៃ​ដី​ព្រៃ​ដែល​នៅ​សេសសល់​ជាក់ស្ដែង​ពី​ការ​វាស់វែង​របស់​ក្រុម​និស្សិត​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ។ លោកស្រី​រំឭក​ថា ផ្ទៃ​ដី​ទំហំ​ជាង ១.៨០០​ហិកតារ​ដែល​បាន​កំណត់ និង​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​កាល​ពី​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៧ បច្ចុប្បន្ន​មិន​ដឹង​ថា​នៅ​សល់​ទំហំ​ប៉ុន្មាន​នោះ​ទេ ក្រោយ​ពី​ក្រុម​និស្សិត​វាស់​កាត់​ដី​ជូន​ពលរដ្ឋ និង​ក្រោយ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​បន្ថែម​ពី​សំណាក់​ពលរដ្ឋ ឬ​អ្នក​មាន​លុយ​មួយ​ចំនួន៖ «ការ​វាស់វែង​ដី​លក្ខណៈ​ប្រព័ន្ធ និង​ក្រុម​យុវជន​វាស់វែង អត់​បាន​គិតគូរ​ដល់​ការ​បង្កើត​សហគមន៍​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ឬ​កន្លែង​មើល​គោ​ក្របី។ អ៊ីចឹង​យើង​ចាប់​ផ្ដើម​បង្កើត​សាជាថ្មី»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បរិបូរណ៍ លោក ពុំ ម៉េង បញ្ជាក់​ថា ការ​បង្កើត​សហគមន៍​ព្រៃ​ឈើ ខាង​លោក​មិន​អាច​សម្រេច​អ្វី​បាន ក្រៅ​ពី​បង្កើត​គណៈកម្មការ​ចម្រុះ​ដែល​មាន​សុរិយោដី និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​កំណត់​ស្នើសុំ​ទៅ​ថ្នាក់​លើ​បន្ត​ទៀត។ លោក​ថា នៅ​ស្រុក​បរិបូរណ៍ ទើប​មាន​សហគមន៍​ព្រៃ​ឈើ​ចំនួន​ពីរ​ប៉ុណ្ណោះ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​បង្កើត​សហគមន៍ គឺ​សហគមន៍​ត្រពាំងចាន់ និង​សហគមន៍​មួយ​រយ​ប៉ែតសិប​ប្រាំ​កា (១៨៥​K)៖ «ខ្ញុំ​មិន​ទាន់​ចុះ​ឃើញ​តំបន់​ហ្នឹង​នៅ​សល់​ប៉ុន្មាន​អី​ប៉ុន្មាន ព្រោះ​កាល​ហ្នឹង​ក្រុម​យុវជន​ចុះ​វាស់ ហើយ​ដី​នៅ​សល់​ប៉ុន្មាន​អី​ប៉ុន្មាន ខ្ញុំ​អត់​ទាន់​ដឹង នៅ​លើ​មេ​ឃុំ។ យើង​រៀបចំ​បង្កើត (សហគមន៍​ព្រៃ​ឈើ) ព្រោះ​សួរ​ឃុំ​ទៅ​ថា អាច​មាន​សល់​ដី​ខ្លះ»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​ពី​អាជ្ញាធរ​ខេត្ត​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ខណៈ​អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ ទូរស័ព្ទ​ចូល​ជាច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

តំណាង​សហគមន៍ ចង់​ឃើញ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​រៀបចំ​ដី​ព្រៃ​សហគមន៍​នេះ ព្រោះ​ខ្លាច​ពលរដ្ឋ ឬ​អ្នក​មាន​លុយ​មួយ​ចំនួន ឆ្លៀត​ឱកាស​វាតទី ឬ​ទន្ទ្រាន​ដី​ព្រៃ​បន្ថែម​លើស​ពី​ដី​របស់​ខ្លួន ដែល​បាន​វាស់វែង​ជូន​ដោយ​ក្រុម​និស្សិត​កាល​ពី​ឆ្នាំ​២០១២ រួច​ហើយ។ អ្នក​ភូមិ​នៃ​ឃុំ​ពេជចង្វារ ភាគ​ច្រើន​ត្រូវ​ការ​ចាំបាច់​នូវ​ព្រៃ​ឈើ ដើម្បី​រក​អនុផល និង​ឈើ​សម្រាប់​សង់​ផ្ទះ​ឲ្យ​កូន​ចៅ​រស់នៅ​ក្រោយ​មាន​គូស្រករ ឬ​រៀបការ​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។