​លោក ផល សំណាង មេ​ប៉ុស្តិ៍​៥ និង​លោក នៀវ សារុន មេ​ប៉ុស្តិ៍​៤ ឃុបឃិត​ឲ្យ​យួន​កាប់​ឈើ​ខ្មែរ​

​សកម្មជន​ព្រៃឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​គេ​សង្កេតឃើញ​មាន​គោយន្ត​កន្ត្រៃ និង​គោយន្ត​ច្នៃ របស់​ជនជាតិ​យួន​ចូលមក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ព្រំដែន​ប្រទេស​កម្ពុជា​ត្រង់ចំណុច​ប៉ុស្តិ៍​៤ និង​ប៉ុស្តិ៍​៥ ដែល​គ្រប់គ្រង​ដោយ​លោក ផល សំណាង និង​លោក នៀវ សារុន ដោយ​ក្នុង​មួយថ្ងៃ​មិន​ក្រោម​ពី​៥០​ទៅ​៦០​គ្រឿង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សកម្មភាព​កាប់​ឈើ​របស់​ជនជាតិ​យួន ហើយ​ដឹកជញ្ជូន​ទៅ​ប្រទេស​យួន​បាន​យ៉ាង​រលូន​បែបនេះ​ត្រូវគេ​សង្ស័យថា​ជាការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ខ្មែរ និង​ឈ្មួញ​យួន​។​

​ប្រ​ភ​ព័ត៌មាន​ពី​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ក្រុម​ឈ្មួញ​បាន​ចាត់ចែង​បក្ខពួក​កេណ្ឌ​ប្រជាពលរដ្ឋ​ក្រីក្រ​ចូល​កាប់​ឈើ​តាម​ព្រៃ​សហគមន៍ អា​រំលំ​ឡាំង​ជា​បួន​ជ្រុង​មានដូចជា ធ្នង់ បេង នាងនួន ដឹក​ចេញពី​ក្នុងព្រៃ​ការពារ​ដែល​ស្ថិតនៅក្នុង ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​យ៉ាង​គគ្រឹកគគ្រេង​មិនមាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ទប់ស្កាត់ ឬ​បង្ក្រាប​ឡើយ​។ លោក ផល សំណាង និង​លោក នៀវ សារុន ជា​មេ​ប៉ុស្តិ៍​៤ និង​ប៉ុស្តិ៍​៥ បាន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ថា​បានទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ខ្មែរ និង​យួន ទើប​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​មិនមាន​ការកោតខ្លាច​ច្បាប់ទម្លាប់​អ្វី​ឡើយ​។​

ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា ខេត្ត​ម​ណ្ឌ​គិរី បាន​បញ្ជាក់ថា ឈ្មួញ​ជនជាតិ​យួន​សម្រុក​ដឹកជញ្ជូន​ឈើ​ទាំងថ្ងៃទាំងយប់​ធ្វើជា​ចំហ​គ្មានអ្វី​លាក់បាំង​នោះទេ ហើយ​ជា​ញឹកញយ​ពួកគេ​បានចេញ​មុខ​កាង ឬ​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ឈ្មួញ​តូចតាច​ផ្សេងៗ​ទៀត​បាន​ដោយ​រលូន​។ ប្រភព​ដដែល​បាន​រិះគន់ថា​រដ្ឋាភិបាល​កម្ពុ​ជា​គួរ​ត្រួតពិនិត្យ​បញ្ហា​ទាំងនេះ​ឡើងវិញ ព្រោះ​ប្រទេសជិតខាង​កម្ពុជា​កុំថាឡើយ​ទៅ​កាប់​ឈើ ឬ​ជួញ​ឈើ​សូម្បីតែ​ឆ្លង​ដែល​ខុសច្បាប់​ក៏​សមត្ថកិច្ច​ប្រទេស​ទាំងនោះ​រឹតបន្តឹង​យ៉ាងខ្លាំង​ដែល​វា​ផ្ទុយស្រឡះ​ពី​ប្រទេស​កម្ពុជា​ដែល​ការអនុវត្ត​ច្បាប់​នៅមាន​ភាព​ធូររលុង​៕

KA-30-10-2015-09