អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​​​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់​​​គ្នា

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយ​មានការ​ណែនាំ​ពី​សំណាក់ លោក​ឧត្តម​សេនី​យ៍​ត្រី​ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្តក្នុង​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ ព្រមទាំង​សៀវភៅ​គ្រួសារជូន​ដល់​ប្រជាពលរដ្ឋ​សំរាប់​ប្រើប្រាស់ និង​​បំពេញតំរូវការ​ផ្សេង​ៗ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​ ធ្នូ ២០១៥ នេះនៅ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​មៀន ស្រុក​អូ​រាំង​ឪ មានការ​ណែនាំ​ជំរុញ​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណជូន​ដល់​ប្រជាពលរដ្ឋ​ប្រុស​ស្រី ពិសេស​អ្នក​ដែល​គ្រប់អាយុ​ត្រៀម​ទៅ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខដើម្បី​ជៀសវាង​ការ​លំបាក​ផ្សេង​ៗ​ផង​ដែរ​។

អធិការ​នគរបាល​ស្រុក​អូ​រាំង​ឪ លោក​វរ​សេនី​យ៍ទោ​លឿង រ​ដ្ឋា ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​នោះ​មានការ​ចូលរួម​ពី​លោក​មេឃុំ នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល មេ​ភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ​ប្រញាប់​នាំ​គ្នា​រួសរាន់​មក​ធ្វើ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ លោក​វរ​សេនី​យ៍ទោ លឿង រ​ដ្ឋា ឲ្យ​ដឹង​ទៀត​ថា សំរាប់​ពលរដ្ឋ​ដែល​មកធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ត្រូវ​មាន​ភ្ជាប់​មក​ជាមួយ​ដូច​ជា សំបុត្រ​កំណើត​ ឬ​សំបុត្រ​បញ្ជាក់​កំណើតត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​ចាស់ និង​សៀវភៅ​គ្រួសារ ឫ​សៀវភៅ​ស្នាក់​នៅ៕