រុ​ស្ស៊ី​បាញ់​គ្រាប់​មី​ស៊ី​ល​ធុន​CALIBRE​លើ​បណ្តា​គោលដៅ​នៅ​ស៊ី​រី​ចេញពី​នាវាមុជទឹក

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឆ​យ​ហ្គូ​រ ប្រកាស​នា​ថ្ងៃ​ទី​៨ ធ្នូ ថា កងទ័ព​រុ​ស្ស៊ី​បាន​វាយប្រហារ​លើ​បណ្តា​គោលដៅ​នៅ​ស៊ី​រី ដោយ​គ្រាប់​មី​ស៊ី​ល​បណ្តែត​ជា​លើក​ដំបូង​បាញ់​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។

លោក​ឆ​យ​ហ្គូ​រ អះអាង​ថា យើង​បាន​ប្រើប្រាស់​បណ្តា​មី​ស៊ី​ល​បណ្តែត CALIBRE ចេញពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ ការ​វាយប្រហារ​នេះ​លើ​ទីតាំង​រឹង​មាំ​២​កន្លែង​របស់​ពួក​ភេរវ​ករ​នៅ​ជិត​ទីក្រុង​រ៉ា​កា រដ្ឋធានី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ រាល់​គោលដៅ​ត្រូវ​បាន​កម្ទេច ។ លោក​គូសបញ្ជាក់​ថា បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងកាត ឃ្លាំង​ស្តុក​គ្រាប់រំសេវ និង​កន្លែង​ផលិត​គ្រាប់​មីន​រង​ការ​វាយប្រហារ ។ លោក​ធ្វើការ​កត់​សម្គាល់ថា មី​ស៊ី​ល​បណ្តែត CALIBRE ជា​ថ្មី​ម្តងទៀត​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា​ដែល​បាញ់​ពី​ចម្ងាយ ។

ជាមួយនឹង​ការ​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​នេះ ក្រុង​ម៉ូ​ស្គូ​បាន​ពង្រឹងសមត្ថភាព​យោធា​ក្នុង​សង្គ្រាម​នៅ​ស៊ី​រី ។ ក្នុង​ការ​វាយប្រហារ​លើក​មុន​ៗ មី​ស៊ី​ល​បណ្តែត​ធុន​ដូច​គ្នា​នេះ​ត្រូវ​បាន​បាញ់​តម្រង់​លើ​បណ្តា​គោលដៅ​នៅ​ស៊ី​រី​ចេញពី​បណ្តា​នាវាចម្បាំង​នៅ​សមុទ្រ​កា​ស្ពី​យែ​ន ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៨ ធ្នូ លើក​ឡើង​ថា បណ្តា​មី​ស៊ី​ល​បណ្តែត CALIBRE អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដោយ​លោក​សង្ឃឹមថា ការ​ប្រើប្រាស់​កម្លាំង​នុយក្លេអ៊ែរ​ដាច់ខាត​នឹង​ពុំ​ចាំបាច់​ឡើយ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ។

លោក​ឆ​យ​ហ្គូ​រ ថ្លែង​ទៀត​ថា សហរដ្ឋអាមេរិក​ដែល​ធ្វើ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី​ដែរ ព្រមទាំង​អីុ​ស្រា​អែ​ល​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​មុន​ពី​ការ​វាយប្រហារ​ទាំងនេះ​របស់​រុ​ស្ស៊ី​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក PETER COOK អះអាង​ថា រុ​ស្ស៊ី​បាន​ប្រាប់​យើង​ឱ្យ​ដឹង​មុន​ពី​ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​​មួយ​សំដៅ​បង្ការ​បណ្តា​ឧប្បត្តិហេតុ​តាម​អាកាស​នៅ​ស៊ី​រី ។ យើង​សរសេ​ើ​រ​ចំពោះ​វិធានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​របស់​រុ​ស្ស៊ី ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ខាង​ការពារ​អា​េ​ម​រិ​កមួយ​រូប​អះអាង​ថា រុ​ស្ស៊ី​ក៏​បាញ់​នា​ថ្ងៃ​ទី​៨ ធ្នូ នោះ​នូវ​បណ្តា​មី​ស៊ី​ល​ចេញពី​នាវាចម្បាំង​ទាំងឡាយ​នៅ​សមុទ្រ​កា​ស្ពី​យែ​ន​ផង​ដែរ ។ បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ធ្វើ​សកម្មភាព​ឆ្ងាយ​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍ MOZDOK នៅ​អូ​សេ​ទី​ខាងជើង ក៏​ត្រូវ​បាន​រុ​ស្ស៊ី​ប្រើ​វាយ​ប្រហារ​​ដែរ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​ថា បណ្តា​យន្តហោះ​រុ​ស្ស៊ី​បាន​ចេញ​វាយប្រហារ​៦០០​លើក ហើយ​កម្ទេច​គោលដៅ​៣០០​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ៕