ក្រោយ​ចាញ់ឆ្នោត​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ឱ្យ​រដ្ឋាភិបាល​លោក​លាលែង

ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃ​ទី​៨ ធ្នូ បាន​ស្នើ​ដល់​រដ្ឋាភិបាល​លោក​ឱ្យ​លាលែង​២​ថ្ងៃ ក្រោយ​ជ័យជម្នះ​យ៉ាង​ធំធេង​បំផុត​របស់​ពួក​ប្រឆាំង​ក្នុង​ការ​បោះ​ឆ្នោត​សភា ។

ប៉ុន្មាន​ម៉ោង​មុន​នេះ លទ្ធផល​ជា​ស្ថាពរ​នៃ​ការ​បោះ​ឆ្នោត​អះអាង​ពី​ការ​ទទួល​បាន​សំឡេង​២​ភាគ​៣ ក្នុង​សភា​របស់​គណបក្សប្រឆាំង ។ នេះ​ជា​សំឡេង​ដែល​អាច​ជា​ពិសេស​រៀបចំ​ធ្វើការ​បោះ​ប្រជាមតិ ឬ​ក៏​បង្កើត​សភាធម្មនុញ្ញ​មួយ ។

ក្នុង​កម្មវិធី​តាម​ទូរទស្សន៍​របស់​លោក​ប្រចាំ​ស​ប្តា​ហ៍ លោក​ម៉ា​ឌូ​រ៉ូ ថ្លែង​ថា ខ្ញុំ​ស្នើ​ដល់​គណៈរដ្ឋមន្ត្រី​ឱ្យ​ដាក់​ពាក្យសុំ​លាលែង ដើម្បី​អនុវត្ត​ដំណើរការ​នៃ​ការ​កែទម្រង់ និង​កែប្រែ​ថ្មី​របស់​គ្រប់​រដ្ឋាភិបាល​ជាតិ ។ លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ចង់ឱ្យ​មានកម្ម​វិធី​មួយ​សម្រាប់​ដំណាក់កាល​ថ្មី​នៃ​បដិវត្តន៍​ជាមួយនឹង​ការ​កែប្រែ ដោយ​ស៊ីជម្រៅ​មួយ ។

សមាជិក​សភា​ទើប​ជាប់​ឆ្នោត​១១២​រូប របស់​ក្រុមចម្រុះ​ប្រឆាំង​គឺ​គណបក្ស​តុ​ឯកភាព​ប្រជាធិបតេយ្យ MUD នឹង​រួម​ប្រជុំ​នា​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​លើក​ឡើង​ពី​តួនាទី​របស់​ពួក​គេ​ក្នុង​សភា​ថ្មី​នា​ពេល​អនាគត​ដែល​នឹង​បង្កើត​ឡើង​នា​ថ្ងៃ​ទី​៥ មក​រា ។

ក្រុមចម្រុះ​ប្រឆាំង​ជាមួយ​សំឡេង​ភាគច្រើន​២​ភាគ​៣​ក្នុង​សភា​ក៏​អាច​អនុម័ត និង​កែប្រែ​ផង​ដែរ នូវ​ច្បាប់​នានា​ហើយ​អាច​ដាក់​ឱ្យ​បោះ​ប្រជាមតិ​លើ​បណ្តា​សន្ធិសញ្ញា​អន្តរជាតិ ព្រមទាំង​គម្រោង​ច្បាប់​នានា ហើយ​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៩ ដែល​អាច​ផ្លាស់​ប្តូរ​តំណែង​បណ្តា​ចៅក្រម​នៃ​តុលាការ​កំពូល​រហូត​ដល់​អាច​កាត់​បន្ថយ​រយៈពេល​នៃ​អាណត្តិ​របស់​តុលាការ​នេះ​ទៀត​ផង ព្រមទាំង​ឱ្យ​មានការ​ចាក​ចេញពី​អំណាច​មុន​កាលកំណត់​របស់​លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​ផង​ដែរ ៕