លោកពូ​ទី​ន ចង់ឱ្យ​បណ្តា​អ្នក​ជំនាញការ​បរទេស​ពិនិត្យ​ប្រអប់​ខ្មៅ​យន្តហោះ​រុ​ស្ស៊ី​បាញ់​ធ្លាក់

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​៨ ធ្នូ ថា រុ​ស្ស៊ី​រក​ឃើញ​ប្រអប់​ខ្មៅ​មួយ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក SU-24 ដែល​តួ​ក​គី​បាញ់​ធ្លាក់​នៅ​ព្រំដែន​ស៊ី​រី កាលពី​ខែវិច្ឆិកា ហើយ​ឱ្យ​មានការ​ត្រួតពិនិត្យ​ខ្លឹមសារ​នៃ​ប្រអប់​ខ្មៅ​នេះ​ជាមួយ​បណ្តា​អ្នកឯកទេស​បរទេស ។

ពេល​បង្ហាញ​ប្រអប់​ខ្មៅ​នោះ លោកពូ​ទី​ន ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ស័​រ​ហ្គេ​យ ឆ​យ​ហ្គូ​រ ថា ខ្ញុំ​ស្នើ​ដល់​លោក​កុំ​អាល​បើក​ប្រអប់​ខ្មៅ​នា​ពេល​នេះ ទុក​បើក​រួម​ជាមួយ​បណ្តា​អ្នក​ជំនាញការ​បរទេស ។

លោក​ឆ​យ​ហ្គូ​រ ថ្លែង​ថា ដែនដី​ដែល​យន្តហោះ​របស់​រុ​ស្ស៊ី​ធ្លាក់​ត្រូវ​បាន​រំដោះ​ដោយ​កងកម្លាំង​ពិសេស​ស៊ី​រី ដែល​បែប​នេះ​ទើប​អាច​រក​ឃើញ​ប្រអប់​ខ្មៅ​ក្នុង​តំបន់​មួយ​ដែល​មុន​នេះ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ។

លោក​ប្រធានាធិបតី​ពូ​ទី​ន ថ្លែង​ទៀត​ថា ការ​វិភាគ​ប្រអប់​ខ្មៅ​នឹង​អាច​កំណត់​ពី​ទិស​ដៅ និង​ពី​ទីតាំង​របស់​យន្តហោះ​នេះ​ពេល​ត្រូវ​បាញ់​ធ្លាក់​ដោយ​កងទ័ពអាកាស​តួ​ក​គី ។

លោកពូ​ទី​ន ប្រាប់​ឱ្យ​ដឹង​ជា​មុន​ថា ការ​បើក​ប្រអប់​ខ្មៅ​ទោះបី​ខ្លឹមសារ​ក្នុង​នោះ​មាន​បែប​ណា​ក៏​ដោយ ក៏​នឹង​ពុំ​អាច​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​រុ​ស្ស៊ី ហើយនឹង​មិន​អាច​រំសាយ​កំហឹង​របស់​លោក​ចំពោះ​តួ​ក​គី​ឡើយ ក្រោយ​អំពើ​ក្បត់​នេះ​ជា​ការ​លួច​ចាក់​ពីក្រោយ​ខ្នង​មក ៕