ផ្ទុះ​ធុង​ហ្គា​ស​ឆេះ​​បន្ទប់​ផ្ទះ​ជួល​​ភ្ញាក់​ផ្អើល​ទាំង​ថ្ងៃ​ត្រង់​​នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​​​​ផ្ទុះធុង​ហ្គា​ស​​ឆេះ​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី២ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​​​​កាល​ពី​វេលា​ម៉ោង១២​​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៩ ធ្នូ ២០១៥ នេះ ​ស្ថិត​នៅ​​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ ប៉ុន្តែ​សំណាងល្អ​ ពុំ​​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​​​មនុស្ស​ណា​ម្នាក់​ ​។

​​លោកវរសេនីយ៍ទោ ភុល ភ័​ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ បានឱ្យ​​ដឹង​ថា​ បន្ទប់​ផ្ទះជួលជាន់​ទី​២​​ដែល​ឆេះ​ខាង​លើ​នេះ​ ជាក​ម្មសិ​ទ្ធិរបស់​ឈ្មោះ​ ឯក សា​រុន ភេទ​ប្រុស ​ដែល​​បង្ក​ឡើង​​​ដោយ​ម្ចាស់​បន្ទប់​ជួល​ជនជាតិរុស្ស៊ី​​​​ ​​ពេល​ចម្អិនម្ហូប​​ទុក​ចោល មក​អង្គុយ​មើល​ទូរទស្សន៍ ​ស្រាប់​តែ​​ធ្លាយ​ទុយោ​ធុង​ហ្គា​ស​បណ្តាល​ឱ្យ​ឆេះ​​​តែ​ម្តង​ បង្ក​​ការ​​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ជាប់​បន្ទប់ ​អ្នក​រស់នៅ​ជិតខាង​ និង​សមត្ថកិច្ច​ចេញ​មក​​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ទាន់​ពេលវេលា​ ។

​ប្រភព​ដ​ដែល​បាន​បន្ត​ថា ​​ពិតជា​មហា​សំណាង​ណាស់ ដែល​ពុំ​​បណ្តាល​​ឱ្យ​​មនុស្ស​ណា​ម្នាក់គ្រោះ​ថ្នាក់​ ​និង​​ខូ​ច​ខាត​ទ្រព្យសម្បត្តិ ក្រៅ​អំពី​សម្ភារ​ផ្ទះបាយ​បន្តិចបន្តួច​នោះ​ កត្តា​ទាំងនេះ​ក៏​ដោយសារ​តែ​មានការ​អន្តរា​គម​ន៏​យ៉ាង​ទាន់​ពេលវេលា​ពី​ក្រុម​ពន្លត់អគ្គិ​ភ័យរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដោយ​ប្រើប្រាស់​ទឹក​អស់​តែ​ចំនួន​​១​រថយន្ត​​​ប៉ុណ្ណោះ ​។

​ក្រុម​សមត្ថកិច្ច​ដែល​​​ចុះ​ជួយ​អន្តរា​គម​ន៏ បាន​​រិះគន់​ទៅ​លើម្ចាស់ផ្ទះ​ ​​ដែល​មានការ​ធ្វេសប្រហែសក្នុង​លក្ខ​ណៈបច្ចេកទេស​ពាក់​ព័​ន្ឋ​អគ្គិភ័យ ​ដោយ​​​ក្នុង​ផ្ទះ​​​​​ពុំ​មាន​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​តាម​ជាន់​នៃ​បន្ទប់​របស់​ភ្ញៀវ​ នេះ​សំណាង​ហើយ​បាន​បំពង់​ពន្លត់អគ្គិភ័យ​​អ្នក​ជិត​ខាង​​មក​ជួយ​ពន្លត់ទាន់​ បើ​ជួយ​​មិ​ន​ទាន់​ពេល​​នោះទេ ​ប្រាកដ​ជា​កើត​មាន​​វិនាស​សកម្ម​​​​​ជាក់​ជា​ពុំខាន​ ។​ ហេតុនេះការិយាល័យ​បង្ការ ​និងពន្លត់អគ្គិ​ភ័យ ​គួរតែ​ចុះ​ធ្វើការ​ផាកពិន័យ​ដល់​គ្រប់​ម្ចាស់​អាជីវកម្ម ពាណិជ្ជករ ទាំងឡាយ​ណា​ដែល​មិន​ពុំ​គោរព​តាម​ការ​ណែនាំ​​ពី​​មន្ត្រី​ជំនាញ​ ៕