ចុះ​ឆែកឆេ​ទីតាំង​ផ្ទះ​២​កន្លែង ដែល​លួច​ថតចំលង​ស៊ី​ឌី តាម​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប​ប៉ុស្តិ៍​ថៃ

ភ្នំពេញ: កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយលោក មាស ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និងលោក យឹម សុជាតិ នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញសហការ​ជាមួយនិង​កម្លាំង​មូលដ្ឋាន ចុះ​ឆែកឆេ​ទីតាំង​ផ្ទះ​២​កន្លែង ដែល​លួចថតចំលង​ស៊ី​ឌី តាម​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប​ប៉ុស្តិ៍​ថៃ ដែល​នាំចូល​ផ្ដាច់មុខ​ដោយរំលោភ​ក្ម​សិ​ទិ្ធ​បញ្ញា​របស់​ក្រុមហ៊ុន សៅ ណ​យ ។

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្ទះ​លេខ​KH៤២ ផ្លូវ​២៦៥ និង​ទីតាំង​មួយទៀត​នៅ​ចំណុចលេខ​៧៨B ផ្លូវ​លេខ​១៨៦ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

​តាម​ប្រភពពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ដោយយោង​តាមពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន សៅ ណ​យ ដែលជា​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប​ប៉ុស្តិ៍​ថៃមាន​ប៉ុស្តិ៍​ចំនួន​៥ គឺ ប៉ុស្តិ៍​លេខ​១ ប៉ុស្តិ៍​លេខ​៣ ប៉ុស្តិ៍​លេខ​៥ ប៉ុស្តិ៍​លេខ​៧ ប៉ុស្តិ៍​លេខ​៨នាំចូល​ផ្ដាច់មុខ​នោះ ទើប​កម្លាំង​នគរបាល​និង​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ​របស់សាលាដំបូង​រាជធានី​ភ្នំពេញ រួម​និង​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះមក​ឆែកឆេទីតាំង​ទាំង​២​នេះ ជាក់ស្ដែង​រកឃើញ​ឧបករណ៍​ប​ញ្ជូ​ល​សម្លេង , ថត​សម្លេង ,កាត់ត​រូបភាព និង​សម្ភាៈ​ពាក់ព័ន្ធ​ជាច្រើន​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជាអ្នកមើលការខុសត្រូវ​ឈ្មោះ គាន សេង​គី អាយុ​៣០​ឆ្នាំ មុខរបរ​កាត់ត​រូបភាពស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​រួមទាំង​វត្ថុតាង​ត្រូវបាន​នគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច​នាំយកទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែកឯ​ម្ចាស់​ទីតាំង​ឈ្មោះ​ទុំសុ​វណ្ណា​រិ​ទ្ធិ មិន​នៅ​កន្លែងកើតហេតុ​ទេ ។​

​គួរបញ្ជាក់​ផងដែរ​ថា ទីតាំង​ដែល​លួច​ថតចំលង​ស៊ី​ឌី តាម​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប​ប៉ុស្តិ៍ថៃ ដែល​នាំចូល​ផ្ដាច់មុខ​ដោយ​រំលោភ​ក្ម​សិ​ទិ្ធ​បញ្ញា​របស់​ក្រុមហ៊ុន សៅ ណ​យដើម្បី​យកទៅលក់​ធ្វើ​អាជីវ​កម្មនេះ គឺ​អស់​រយះពេល​៣​ឆ្នាំ​មកហើយ ៕