ចាប់បាន​ចោរឆក់​កាបូប​ជនបរទេស នៅ​ខណ្ឌដូនពេញ​

​​ភ្នំពេញ ៖ ជនសង្ស័យ ២ នាក់ ត្រូវបាន​ប៉េអឹម​ខណ្ឌដូនពេញ​ដេញ​ឃាត់ខ្លួន​បាន​ភា្ល​មៗ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស កាលពី​វេលា​ម៉ោង ១១ និង ១០ នាទី​យប់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ ៣៦០ កែង​នឹង​ផ្លូវ ១០៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។​ មន្ត្រី​អាវុធហត្ថ​ខណ្ឌ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​ជនសង្ស័យ ២ នាក់ បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ ១១០ ពណ៌​ខ្មៅ មួយគ្រឿង បាន​ជិះ​ឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស ២ នាក់ ដែល​កំពុង​ដើរ​ក្បែរ​ម្តុំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​បណ្តោយ​ផ្លូវ​លេខ ១៧៤ ក្នុង​សង្កាត់​បឹងរាំង ។

ពេលនោះ​កម្លាំង​ល្បាត​បានឃើញ​ក៏​ដេញតាម​រហូតដល់​ចំណុច​ផ្លូវ​លេខ ៣៦០ កែង​នឹង​ផ្លូវ​លេខ ១០៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ជនសង្ស័យ​ក៏បាន​បុក​ម៉ូតូ​អ្នកដំណើរ​ម្នាក់​បណ្តាលឱ្យ​ដួល និង រងរបួស​បែក​មុខ​បែក​មាត់​ម្នាក់ ហើយក៏​ត្រូវបាន​កម្លាំង​ឃាត់​បានតែ​ម្តង ។​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់ កម្លាំង​អាវុធហត្ថ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូល​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ (​ប្រភព TV5)