សេដ្ឋី​អាមេរិក ដូ​ណា​ល់​ត្រាំ គួរ​ដកខ្លួន​ពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​

​ក្រោយ​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​និង​បង្កប់​អត្ថន័យ​រើ​ង​អើ​ង​សាសនា​បន្តបន្ទាប់​គ្នា ទាំង​សាធារណមតិ​អាមេរិក និង​ស្ថាប័ន​អន្តរជាតិ​ចាប់ផ្តើម​ទិតៀន​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ។ មានការ​ទាមទារ​ឲ្យ​បេក្ខជន​ដែល​នាំមុខគេ​នេះ​ឈប់ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ថែមទៀត​។​

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នាំមុខគេ​លោក ដូ​ណា​ល់ ត្រាំ កំពុង​ប្រឈម​មុខការ​ថ្កោលទោស​និង​រិះគន់​ពី​សំណាក់​ប្រជាជន​អាមេរិក​ផង អ្នកនយោបាយ​បក្ស​ខ្លួន​ផង និង​សហគមន៍​អន្តរជាតិ​ផង ក្រោយ​លោក​បន្ត​ប្រើប្រាស់​ពាក្យសម្តី​ដែល​ប៉ះពាល់​ដល់​សេរីភាព​សាសនា​នៅ​សហរដ្ឋអាមេរិក​ដែលជា​សង្គម​ពោរពេញ​ដោយ​សេរីភាព​។

​ការទិតៀន​បេក្ខជន​ប្រធានាធិបតី និង​ជា​អ្នកជំនួញ​ដ៏​ល្បី ដូ​ណា​ល់ ត្រាំ នេះ​កើតឡើង ក្រោយ​លោក​ចេញមុខ​ស្នើ​ឲ្យ​មានការ​ហាមឃាត់​ជនអន្តោប្រវេសន៍​ដែល​កាន់សាសនា​ឥស្លាម​ចូលមក​រស់នៅ​ទឹកដី​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។ លោក ដូ​ណា​ល់ ត្រាំ អះអាងថា វា​ជា​វិធាន​ការដែល​អាមេរិក​ត្រូវធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​បច្ចុប្បន្ន ក្រោយ​មានការ​វាយប្រហារ​នៅ​កាលី​ហ្វ​រ​នីញ៉ា​។​

​ក្រោយពេល​រង​ការរិះគន់​ខ្លាំង លោក ដូ​ណា​ល់ ត្រាំ បាន​លើកយក​គោលនយោបាយ​ប្រធានាធិបតី Franklin D. Roosevelt ដែល​ប្រើប្រាស់​កាលពី​អំឡុង​សង្គ្រាមលោកលើកទី​២ ដោយ​ចាប់​ឃុំឃាំង​ប្រជាជន​អ៊ីតាលី ជប៉ុន និង​អាល្លឺម៉ង់​ផង​នោះ​។ តែ​យ៉ាងណាក៏ដោយ ជានិច្ច​ជា​កាល សមាជិក​បក្ស​សាធារណរដ្ឋ​រូបនេះ​តែង​ចាត់ទុក​គំនិត​ខ្លួនឯង​ត្រឹមត្រូវ តែ​លោក​និយាយ​ឲ្យ​តែ​រួចពីមាត់ និង​គ្មាន​គិតគូរ​វែងឆ្ងាយ​មុន​និយាយស្តី​ឡើយ​។

​អ្នកនយោបាយ និង​ប្រជាជន​អាមេរិក​ក៏​បង្ហាញ​ការយល់ឃើញថា ការលើកឡើង​របស់​បេក្ខជន​ប្រធានាធិបតី​រូបនេះ​ជា​ទង្វើ​មួយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​អាមេរិក ហើយ​វា​បង្ក​ផលប៉ះពាល់​ដល់​តម្លៃ​សហរដ្ឋអាមេរិក​ដែលជា​រដ្ឋ​គោរព​សិទ្ធិសេរីភាព​សាសនា​យ៉ាង​ទូលំទូលាយ​នោះ​។

​ឆ្លើយតប​ការលើកឡើង​នេះដែរ សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​លោក David Jolly បានចេញ​មុខ​ស្នើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ឈប់​បន្ត​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ទៀត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​គណបក្ស​។ ហើយ​តំណាងរាស្ត្រ​រូបនេះ​បាន​ព្រមាន​ថា បើសិន​លោក ដូ​ណា​ល់​ត្រាំ ក្លាយជា​ប្រធានាធិបតី វា​ច្បាស់​ថា សេរីភាព​សាសនា​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ត្រូវ​បំផ្លាញ​មិន​ខាន​។
​ចំណែក​ប្រធាន​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក Zeid Ra'ad Al Hussein ក៏បាន​រិះគន់​លោក ដូ​ណា​ល់​ត្រាំ ផងដែរ​ដោយ​លោក​ហៅ​សម្តី​នេះ​ជាស​ម្តី​គ្មាន​ការទទួលខុសត្រូវ ហើយ​លោក​ជឿជាក់ថា អ្វីដែល​លោក ដូ​ណា​ល់​ត្រាំ ចង់​ធ្វើ​គ្មានអ្វី​ក្រៅពី​ធ្វើ​ឲ្យ​ប្រជាជន​ម៉ូ​ស្លី​ម​ស្លូតត្រង់​មិនដឹង​អ្វី​សោះ​រងគ្រោះ​ឡើយ​។

​វា​អាច​ថា ជា​រៀង​សមរម្យ​ដែល លោក ដូ​ណា​ល់​ត្រាំ ចាក​ចេញពី​ការ​ប្រជែង​ដណ្តើមយក​តំណែង​ប្រធានាធិបតី​។ តាំងពី​ចាប់ផ្តើម​ជជែក​ដេញដោល​គ្នា​ក្នុង​បក្ស លោក ដូ​ណា​ល់​ត្រាំ នៅតែ​លើក​គោលនយោបាយ​ទាំង​ក្នុង​និង​ការបរទេស​ដែល​បញ្ឆេះ​ការ​ស្អប់ខ្ពើម​រើស អើ​ង​សាសនា និង​ពូជសាសន៍​ផង​។

​កន្លងមក​ស្នើ​ឲ្យ​មាន​ការសង់​ជញ្ជាំង​ហាម​ជន​ចំណាកស្រុក​មកពី​ម៉ិចស៊ីកូ​ដែលជា​ប្រទេសជិតខាង ហើយ​ទិតៀន​រដ្ឋាភិបាល​ម៉ិចស៊ីកូ​យ៉ាង​ចាស់ដៃ រហូតដល់​ម៉ិចស៊ីកូ ខឹងសម្បារ​ខ្លាំង​ថែមទៀត​។ ក្រៅពីនេះ​លោក​បានស្នើ​ឲ្យ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឈប់​ទទួល​ជនភៀសខ្លួន​ពី​ស៊ី​រី ដោយ​លើក​ហេតុផល​សន្តិសុខ  និង​ស្នើ​ឲ្យ​មាន​ការបិទ​វិហារ​ឥស្លាម​ដើម្បី​ទប់ស្កាត់​បញ្ហា​ភេរវកម្ម​ថែមទៀត ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​