អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ក្នុង​ព្រឹ​តិ្ត​ការណ៍​បុណ្យ​សមុទ្រ​ខេត្តកំពត​ឆ្នាំ​នេះ​ច្រើន​ពេក​អាជ្ញាធរ​ប្រកាស​លែង​ទទួល

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ កន្លង​មកនេះ លោក វ៉ា​ត់  ចំរើន អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​រៀបចំ​ធ្វើ​នៅ​ខេត្តកំពត​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ធ្នូ ។ ការ​រៀបចំ​ខុស​ពី​បណ្ដា​ឆ្នាំ​មុន​ៗ ពិសេស​ផ្នែក​សន្តិសុខ​តែ​ម្ដង គឺ​ត្រូវ​មានការ​ប្រយ័ត្នប្រយែង​បំផុត ព្រោះ​អ្នក​មក​លេង​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្ដែង គ្រាន់តែ​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​រត់ គឺ​មានការ​កើនឡើង​យ៉ាងច្រើន​រហូត​ដល់​ថ្នាក់​អាជ្ញាធរ​ខេត្តកំពត សម្រេច​ផ្អាក​លែង​ទទួល​ទៀត​ហើយ ។

លោក​វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ជ្រើសរើស​ប្រភេទ​កីឡា​ចំនួន​១១​ដាក់​ឱ្យ​លេង​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ក្នុង​នោះ​មាន​រត់​កម្សាន្ត (Funrun) ចម្ងាយ​៣​គីឡូម៉ែត្រ និង​៥​គីឡូម៉ែត្រ​ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​រហូត​ដល់​ទៅ​ជាង​១.៥០០​នាក់ ។ កីឡា​ចំបាប់​បុរាណ​​លោក​សម្រេច​បញ្ជូន​កីឡាករ​ពី​ភ្នំពេញ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ទៅ​ប្រកួត​ក្រៅពី​នោះ​គឺ​ទុក​ឱ្យ​ប្រជាជន​នៅ​ទីនោះ​មានឱកាស​បាន​លេង​កម្សាន្ត​ជាមួយ​គ្នា ។ កីឡា​ប្រណាំងទូក​ប្រពៃណី​មាន​ទូក​ចំណុះ​១៥​នាក់​ទៅ​២០​នាក់​ហើយ​ឆ្នាំ​នេះ ដោយសារ​តែ​សហព័ន្ធ​ប្រណាំង​ទូកក្ដោង​ទើបតែ​បង្កើត គណៈកម្មការ​បុណ្យ​បាន​ដាក់​ឱ្យ​មានការ​សម្ដែង​ទូកក្ដោង​កម្សាន្ត​ផង​ដែរ ។ កីឡា​ល្បុក្កតោ មាន​កីឡាករ​១២​រូប​ចូលរួម​សម្ដែង​។ ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ មិន​ប្រកួត​យក​ចាញ់​ឈ្នះ​ឡើយ គឺ​គ្រាន់តែ​ធ្វើ​ឡើងជា​លក្ខណៈ​សម្ដែង​ប៉ុណ្ណោះ ។ កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​២​នាក់​ទល់​នឹង​២​នាក់​។ កីឡា​លោត​ឆត្រយោង​ជា​លក្ខណៈ​សម្ដែង ។ កីឡា​អេ​ឡិច​ត្រូ​និក​E-Sports មាន​១៦​ក្រុម​ចូលរួម​ប្រកួត ។ កីឡា​ប្រណាំង​កង់​ចម្ងាយ​៤០​គីឡូម៉ែត្រ​និង​១០​គីឡូម៉ែត្រ ។ កីឡា​អុកចត្រង្គ មិន​ទាន់​ដឹង​ថា មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប៉ុន្មាន​គូ​នោះ​ទេ ។

លោក​វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​បុណ្យ​សមុទ្រ​កាន់តែ​មាន​ភាព​អធិកអធម​ថែម​ទៀត លោក​បាន​សម្រេច​ដាក់​កីឡា​ក្បាច់គុន​ចម្រុះ​៣​ប្រភេទ​បន្ថែម​ទៀត គឺ​ការ​សម្ដែង​ក្បាច់គុន​តេ​ក្វា​ន់​ដូ វ៉ូ​វី​ណា​ម និង​កា​រ៉ា​តេ​ដូ ។ ក្រៅពី​ការ​សម្ដែង​ក្បាច់គុន និង​កីឡា​ជា​ច្រើន​ប្រភេទ​ទៀត​នោះ នៅ​មានការ​ប្រគំ​តន្ត្រីសម័យ របាំ ឆាកកំប្លែង​របស់​ក្រុម​នាយ​គ្រឿន និង​ក្រុម​PSE​ផង​ដែរ ៕