​បង្ហាញមុខ​ក្រុម​ប្លន់​ប្រដាប់អាវុធ​១០​នាក់​ដែល​ធ្វើសកម្ម​ភាព​កក្រើក​ក្រុងភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​នគរបាល​ខណ្ឌដង្កោ ​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​កាលពី ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​បង្ហាញមុខ​ក្រុមចោរ​ប្រដាប់អាវុធ ចំនួន​១០​នាក់​មាន​ស្រី​៣​នាក់ និង​ម៉ូតូ​៧​គ្រឿង ដែល​ត្រូវបាន​បង្ក្រាប និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ប៉ុន្មាន​ថ្ងៃនេះ ដែល​ជាប់​ពាក់ព័ន្ធ​សកម្មភាព​បាញ់​ប្លន់ និង​វាយ​ប្លន់​ជាង​១០​ករណី នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់ និង​របួស​ទៀតផង​។ 

​    ​លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​កម្លាំង​របស់​លោក សហការ​ជាមួយ កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​តាម​បណ្តា​ខណ្ឌ​ផ្សេងទៀត ក្រោម​ការបញ្ជា​ផ្ទាល់ ពី​សំណាក់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ដោយមាន​ការសម្របសម្រួល ពី​តំណាង​អយ្យការ បាន​ចាប់ខ្លួន ជា​បន្តបន្ទាប់ តាំងពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ រហូត​បង្ហាញមុខ នៅ​ព្រឹក​ថ្ងៃនេះ មុន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​។ 

​    ​យោងតាម របាយការណ៍ របស់​នគរបាល​ខណ្ឌ​ដង្កោ បាន​បង្ហាញថា ជនសង្ស័យ​ទាំងនេះ បានធ្វើ​សកម្មភាព ប្លន់​យក​ម៉ូតូ តាំងពី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​មកម្ល៉េះ ស្ថិតនៅ​សង្កាត់​ពន់​សាំង ខណ្ឌ​ព្រែ​ព្នៅ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ និង​តាម​ខណ្ឌ​ផ្សេងទៀត ចំនួន​១២​ករណី រួមមាន ខណ្ឌដង្កោ ៣​លើក ពោធិ​សែន​ជ័យ ៣​លើក ខណ្ឌ​ព្រែ​ព្នៅ ៣​លើក ជ្រោយចង្វារ​១​លើក និង​ខេត្តកំពង់ចាម​២​លើក​។ 

​    ​តាម របាយការណ៍ បាន​បន្តទៀតថា ប្រតិបត្តិ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុមចោរប្លន់​ទាំងនេះ គឺ​បាន​កើតឡើង កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​ពេលនោះ ជនសង្ស័យ​៣​នាក់ មាន​ស្រី​ម្នាក់ បាន​ប្រើល្បិច​ឲ្យ​បក្ខពួក​ជា​ស្រី្ត ហៅ​ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប យកទៅ​ប្លន់​តែ​ត្រូវ កម្លាំង​ល្បាត​បង្ក្រាប​ទាន់ពេល​។ 

​    ​ក្រោយ ការចាប់ខ្លួន​រួចមក កម្លាំង​នគរបាល ក៏បាន​ឈានទៅដល់​ការ តាម​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៧​នាក់​ទៀត ក្នុងនោះ​ចាប់ខ្លួន នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ៤​នាក់ ខណ្ឌទួលគោក​ម្នាក់ និង​ខេត្តកណ្តាល ២​នាក់​។ ក្រោយ​បង្ហាញមុខ​រួចមក ជនសង្ស័យ​ទាំងនេះ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​។ 

​    ​សម្រាប់ ប្រតិបត្តិ​ការបង្ក្រាប និង​ចាប់ខ្លួន ក្រុមចោរប្លន់​ទាំងនេះ ដោយ​ជោគជ័យ អភិបាល​ខណ្ឌដង្កោ លោក នុត ពុធ​ដា​រ៉ា ក៏បាន​ឧបត្ថម្ភ​ថវិកា ដល់​កងកម្លាំង​ផងដែរ ជាការ​លើកទឹកចិត្ត ឲ្យ​បន្តការងារ​នេះ កាន់តែខ្លាំង​ឡើង ដើម្បី​រក្សា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​៕ 

​បង្ហាញមុខ​ក្រុម​ប្លន់​ប្រដាប់អាវុធ​១០​នាក់​ដែល​ធ្វើសកម្ម​ភាព​កក្រើក​ក្រុងភ្នំពេញ
​បង្ហាញមុខ​ក្រុម​ប្លន់​ប្រដាប់អាវុធ​១០​នាក់​ដែល​ធ្វើសកម្ម​ភាព​កក្រើក​ក្រុងភ្នំពេញ