អភិបាលរងខេត្តកែប បំភ្លឺការចោទប្រកាន់ លក់ទីស្នាក់ ការឧទ្យានជាតិកែបចំណូល សហគមន៍ និងអភិវឌ្ឍកោះទន្សាយ

ភ្នំពេញ៖ លោកស្រី ព្រំ ចំរើន អភិបាលរងខេត្ដកែប  បានបំភ្លឺទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយ (ACU)  ចំពោះការចោទប្រកាន់ ពាក់ព័ន្ធករណី លក់ទីស្នាក់ការ ឧទ្យាន ជាតិកែប  ចំណូលទូកសហគមន៍ ទេសចរណ៍កោះទន្សាយ និងការអភិវឌ្ឍន៍កោះទន្សាយ។

យោងតាមលិខិតបំភ្លឺរបស់លោកស្រី ព្រំ ចំរើន ដែលត្រូវបាន ACU ផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ការរំលោភដីនៅឧទ្យាន ជាតិកែប ស្ថិតនៅក្រោយវត្ដសមុទ្រវង្សី ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្ដកែប ដើម្បីសាងសង់សំណង់សម្រាប់លក់នោះ។ ត្រូវបានលោកស្រីលើកឡើងថា “ខ្ញុំលក់តែដី របស់ខ្ញុំ ដែលបានទិញពីឈ្មោះលី យ៉ុងណាំ តែប៉ុណ្ដោះ ហើយមិនបានលក់ដីទីស្នាក់ការឧទ្យានជាតិកែប នោះទេ”។

ចំណែកយកប្រាក់ពីទូក សហគមន៍ទេសចរណ៍កោះទន្សាយ ក្នុងមួយទូកចំនួន ៦ដុល្លារតាំងពីឆ្នាំ២០០៩ ដល់ចុងឆ្នាំ២០១២ គិតជាប្រាក់ មាន៦៤,៦៥៦ដុល្លារ។ ត្រូវលោកស្រីបកស្រាយថា ចំពោះប្រាក់ដែលបង់ឲ្យលោកនោះ គឺជាថ្លៃឈ្នួលទីតាំងដី ពីព្រោះសហគមន៍បានប្រើប្រាស់ដី និងទីតាំងលក់សំបុត្រនៅលើដី របស់ លោកស្រី។
ដោយឡែកសម្រាប់ការ អភិវឌ្ឍន៍នៅលើកោះទន្សាយវិញ លោកស្រីបានថ្លែងថា ខ្លួនមិនបានញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ារារាំង ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែល ទទួលបានការអភិវឌ្ឍន៍កោះទន្សាយ ដូចការចោទប្រកាន់ទេ។ផ្ទុយទៅវិញ ក្រុមហ៊ុន មិនបានចុះទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាឲ្យ បានដាច់ស្រឡះនោះទេ៕