សម្តេច ហេង សំរិន ទទួលតំណែងប្រធានសភា តំបន់អាស៊ី លើកទី៨

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ បានក្លាយជាប្រធានសភាតំបន់អាស៊ី ខណៈដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត លើកទី៨ សភាតំបន់អាស៊ី នៅពេលនេះ។ ពិធីប្រគល់តួនាទី ប្រធានសភាតំបន់អាស៊ី ជូនសម្តេច បានប្រារព្ធ ធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់មហាសន្និបាត សភាតំបន់អាស៊ី លើកទី៨ នៅសណ្ឋាគារ សុខាភ្នំពេញ និងរ៉េស៊ីដង់។

តួនាទីជាប្រធានសភាតំបន់អាស៊ី ត្រូវបានប្រគល់ បន្ទាប់ពី លោក មីយ៉ាន រ៉ាសា រ៉ាប៉ានី ប្រធានព្រឹទ្ធសភា នៃ សាធារណរដ្ឋប៉ាគីស្ថាន និងដែលបានធ្វើជា ប្រធានសភាតំបន់អាស៊ី (APA)ចំនួន២ឆ្នាំមកហើយ ចប់អណត្តិ។ សម្តេច ហេង សំរិន ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិតំបន់អាស៊ីនេះ រយៈពេល២ឆ្នាំ ក្នុងមួយអាណត្តិ គឺនៅឆ្នាំ២០១៥ និងឆ្នាំ ២០១៦។

នៅក្នុងពិធី ផ្ទេរនិង ទទួលញញួរ ជានិមិត្តរូប នៃប្រជាជាតិអាស៊ី និងការផ្ទេរតំណែងប្រធានអេភីអេ ដែលមាន សំឡេងទះដៃអបអរសាទរ កងរំពងនោះ មីយ៉ាន រ៉ាសា រ៉ាប៉ានី ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប៉ាគីស្ថាន និងដែលជាប្រធានសភាតំបន់អាស៊ី ពីរឆ្នាំមកហើយ បានមានប្រសាសន៍ គំាទ្រចំពោះការទទួលតំណែង ជាប្រធានសភាតំបន់អាស៊ីរបស់សម្តេច ហេង សំរិន នៅពេលនេះ។ លោកមានសង្ឃឹមថា សម្តេចនឹងដឹកនាំ ស្ថាប័ននេះ ទទួលបានជោគជ័យ បន្តពីលោក ហើយនឹងធ្វើឲ្យតួនាទីអេភីអេ កាន់តែសំខាន់ ក្នុងការរកសុខសន្តិភាព ជួនប្រជាពលរដ្ឋនៅតំបន់នេះ។

លោកមីយ៉ាន រ៉ាសា រ៉ាប៉ានី បានគួសបញ្ជាក់ថា លោកនិងសមាជិកអេភីអេទំាងអស់ នឹងគោរពការដឹកនាំ និងការ សម្រេចចិត្តរបស់សម្តេចហេងសំរិន ក្នុងឋានៈជាប្រធានអេ ភីអេចាប់ពីពេលនេះទៅ។ បន្ទាប់ពីការទទួលញញួរ រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ ទៅកាន់មហាសន្និបាតថា «ក្នុងនាមប្រជាជន កម្ពុជា ខ្ញុំមានកិត្តិយសសេចក្តីរីករាយ និងមោទនភាពទទួលរាប់រងជាប្រធាន ដឹកនាំមហាសន្និបាតលើកទី៨ និងជា ប្រធានអេភីអេ សម្រាប់អាណត្តិឆ្នាំ២០១៥ និង ឆ្នំា២០១៦» ។

សម្តេចមានប្រសាសន៍បន្តថា « ខ្ញុំពេញចិត្តទទួលយកភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ និងមានជំនឿយ៉ាងមុតមំាថា នឹង ទទួលបានកិច្ចសហការល្អពីបណ្តាប្រទេសជាសមាជិកដើម្បីធ្វើយ៉ាងណាជំរុញដំណើរការរបស់អេភីអេនេះ ឲ្យកាន់តែ មានប្រសិទ្ធភាព និងសមាហរណកម្មយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្រតិបត្តិក្នុងតំបន់»។

សម្តេចប្រធានសភាតំបន់អាស៊ីថ្មីៗ បានគូសបញ្ជាក់ថា នេះជាមហាកិត្ដិយសសម្រាប់សភា រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការទទួលញញួរ ដែលជានិមិត្តរូប នៃតំណាងប្រជាជាតិអាស៊ីទាំងមូល។ ជាមួយគ្នានេះ ការគាំទ្រពីសំណាក់ប្រទេសជាសមាជិកទាំងអស់ ជាកត្តានាំមកនូវភាពជោគជ័យនៃបំណងប្រាថ្នា ដ៏ខ្ពង់ខ្ពស់ របស់អេភីអេ។ សម្តេចបញ្ជាក់ថា « ខ្ញុំសង្ឃឹមថា ក្នុងស្មារតីកិច្ចសហការជិតស្និទ្ធពីសំណាក់លោកលោកជំទាវ លោក លោកស្រី មហាសន្និបាតរបស់យើង នឹងនាំមកនូវសាមគី្គភាព ភាតរភាពក្នុងរង្វង់មហាគ្រួសារសភាអាស៊ី ដែលជារតនៈសម្បត្តិមិនអាចកាត់ថ្លៃបានសម្រាប់ភាពសុខដុមរម្យនានៃប្រជាជាតិអាស៊ីយើង»។

គួរបញ្ជាក់ថា តាមធម្មនុញ្ញនិងបទបញ្ជផ្ទៃក្នុងរបស់សភា តំបន់អាស៊ី បានកំណត់ថា ប្រធានភាតំបន់អាស៊ី ត្រូវបាន ជ្រើសរើសពីចំណោមប្រធានសភា នៃសភាជាសមាជិក សម្រាប់អាណត្តិ២ឆ្នាំ ដោយការអបអរសាទរ ឬដោយ ការបោះឆ្នោត ដែលទទួលបានការគំាទ្រ ពីសំឡេងភាគច្រើននៃគណៈប្រតិភូដែលចូលរួម នៅក្នុងសម័យប្រជុំដំបូង នៃមហាសន្និបាត៕

សម្តេច ហេង សំរិន ទទួលតំណែងប្រធានសភា តំបន់អាស៊ី លើកទី៨

សម្តេច ហេង សំរិន ទទួលតំណែងប្រធានសភា តំបន់អាស៊ី លើកទី៨

សម្តេច ហេង សំរិន ទទួលតំណែងប្រធានសភា តំបន់អាស៊ី លើកទី៨

សម្តេច ហេង សំរិន ទទួលតំណែងប្រធានសភា តំបន់អាស៊ី លើកទី៨