របាយការណ៍៖ ការងារបង្កបង្កើន ស្រូវឆ្នាំ២០១៥ ជួបផលអវិជ្ជមាន ច្រើនមកពីគ្រោះ រាំងស្ងួត

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ដោយបង្ហាញថា ការងារបង្កបង្កើតផលស្រូវ ប្រចាំឆ្នាំ២០១៥ បានជួបប្រទះឥទ្ធិពលអវិជ្ជមាន បណ្ដាលមកពីគ្រោះរាំងស្ងួត ទឹកទន្លេ មានកម្រិតទាប និងធ្វើឲ្យផ្ទៃដីដាំដុះថយចុះ ធៀបឆ្នាំ២០១៤។

យោងតាមរបាយការណ៍នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥បានឲ្យដឹងថា ទោះបីជាមានផលប៉ះពាល់ ដោយកត្តាមួយចំនួន ក៏ដោយ ប៉ុន្តែទិន្នផលជាមធ្យម មានការកើនឡើង ហើយបរិមាណផលិតផល មិនមានការថយ ចុះខ្លាំងជាងឆ្នាំមុន នោះឡើយ។

ផ្ទៃដីប៉ះពាល់ខូតខាតដោយគ្រោះធម្មជាតិ សន្ទូង ពង្រោះសរុបចំនួន ២៤២.៤១៦ហិចតា (ស្មើនឹង៩% នៃផ្ទៃដីអនុវត្ត ២.៥៦១.៩៥៧ហិកតា) ក្នុងនោះខូតខាតទាំងស្រុង អស់ចំនួន ២៥.៧៦០ហិកតា។

ផ្ទៃដីប្រមូលផល សរុបចំនួនប្រមាណ ២.៥៣៦.១៩៤ហិកតា តែតិចជាងឆ្នាំ ២០១៤ចំនួន១.៧៧៩ហិកតា ទិន្នផល ជាមធ្យមប៉ាន់ស្មាន អាចនឹងទទួលបាន ២.៨២៩តោន/ហិកតា លើសឆ្នាំមុនចំនួន១៤គក្រ/ហិកតា និងបរិមាណ ផលិតផល សរុបប្រមាណ៧.១៧៤.៥៤៩តោន កើនលើសឆ្នាំមុនចំនួន ៣១.០២៨តោន។

របាយការណ៍ខាងលើបន្តថា “ម្យ៉ាងទៀតវឌ្ឍនភាពនៃការធ្វើប្រពលវប្បកម្ម ដំណាំស្រូវពុំទាន់អនុវត្តឲ្យបាន ពេញ លេញតាមបច្ចេកទេស កសិកម្មសមស្របជាកត្តាធ្វើឲ្យ ទិន្នផលមធ្យមនៅមានកម្រិតទាប គួបផ្សំនឹងការចំណាយ ថ្លៃដើម ផលិតកម្មមានកម្រិតខ្ពស់”។

បើគិតពីតុល្យភាពស្បៀងរវាងសេចក្ដីត្រូវការ និងបរិមាណផលស្រូវ បានឃើញថា អាចនៅសល់បរិមាណស្បៀង គិតជាស្រូវជាង៤,៥លានតោន (ឆ្នាំមុនសម្រេចបាន៤,៧លានតោន) និងគិតជាអង្ករប្រមាណជាង ២,៩១តោន (ឆ្នាំមុនជាង៣,០១លានតោន) សម្រោប់នាំចេញ៕

របាយការណ៍៖ ការងារបង្កបង្កើន ស្រូវឆ្នាំ២០១៥ ជួបផលអវិជ្ជមាន ច្រើនមកពីគ្រោះ រាំងស្ងួត