ក្រុមហ៊ុន Samsung ប្រារព្ធពិធី ០៣ ព្រមគ្នា នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

Mr. Warren Yue Choon Chew តំណាង របស់ក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំនៅកម្ពុជា

ពិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតបញ្ចប់វគ្គ សិក្សាជំនាន់ទី២ ពិធីបើកវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៣ និងពិធីបើកវគ្គបណ្តុះ បណ្តាលថ្នាក់ជាតិ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី ០៨ ធ្នូ ២០១៥

o    ឯកឧត្តម ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិកា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

o    ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

o    លោក គឹម វណ្ណី អ្នកសម្របសម្រួល នៃវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី២

o    លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ជាទីគោរពរាប់អាន

ខ្ញុំបាទមានក្តីសោមនស្ស រីករាយឥតឧបមា ដោយបានតំណាង ឲ្យក្រុមហ៊ុនសាមសុង នៅកម្ពុជានាថ្ងៃនេះ ចូលរួមក្នុង ពិធីប្រគល់វិញ្ញាបនបត្រ ដល់និស្សិតបញ្ចប់ វគ្គសិក្សាជំនាន់ទី២ និងពិធីបើកវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៣ ព្រមទាំងពិធី បើកវគ្គបណ្តុះបណ្តាល ថ្នាក់ជាតិ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា។

វគ្គបណ្តុះបណ្តាល Samsung Tech Institute ត្រូវបានផ្តួចផ្តើម បង្កើតឡើងនៅ ប្រទេសកម្ពុជាតាំងពី ឆ្នាំ ២០១៤ មក តាមរយៈ កិច្ចសហការគ្នាយ៉ាងរឹងមាំ ជាមួយវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា។ រហូតដល់ពេលនេះ យើងមានសិស្ស ចំនួន២ជំនាន់ ហើយដែលបានបញ្ចប់វគ្គ បណ្តុះបណ្តាលនេះ។ ក្នុងចំណោមនិស្សិត ដែលបានបញ្ចប់ការសិក្សានេះ និស្សិតមួយចំនួន កំពុងធ្វើការនៅមជ្ឈមណ្ឌលសេវាកម្ម របស់ក្រុមហ៊ុនសាមសុង នៅទីក្រុងភ្នំពេញ និងនិស្សិតខ្លះទៀតកំពុងធ្វើការ ក្នុងក្រុមហ៊ុនល្បីៗនៅប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើ software ការថែទាំ ការជួសជុលទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន ថែបប្លែត និងផលិតផលដទៃទៀត។ និស្សិតដែលពូកែ ត្រូវបានជ្រើសរើស ឲ្យទទួលការហ្វឹកហាត់បន្ថែម នៅ មជ្ឈមណ្ឌលសេវាកម្ម របស់ក្រុមហ៊ុនសាមសុង ហើយពួកគាត់សុទ្ធ តែទទួលបានឱកាស ការងារជាបុគ្គលិកពេញម៉ោង នៅ ការិយាល័យ របស់ក្រុមហ៊ុនសាមសុង នៅក្នុងទីក្រុងភ្នំពេញ។

លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី វគ្គបណ្តុះបណ្តាល Samsung Tech Institute មានគោលបំណង ពង្រឹងធនធានមនុស្សលើវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ ជូនសិក្ខាកាម ជាមួយនឹងចំណេះដឹង មូលដ្ឋានគ្រឹះ ការសិក្សាទ្រឹស្តី និងបទពិសោធអនុវត្តផ្ទាល់ ជាមួយផលិតផលអេឡិចត្រូនិក ដែលកំពុងពេញនិយម ប្រើប្រាស់យ៉ាងទូលំទូលាយ នៅជុំវិញពិភពលោក នោះគឺផលិតផលសាមសុង។

ក្រុមហ៊ុនសាមសុង ផ្តល់តម្លៃយ៉ាងខ្ពស់ដល់ ការចូលរួមក្នុងការអភិវឌ្ឍសង្គម សម្រាប់ភាពរីកចម្រើន នៅក្នុងសហគមន៍ តាមរយៈ ការអភិវឌ្ឍធនធានមនុស្ស។ ដូច្នេះហើយបានជា ពីមួយឆ្នាំទៅមួយឆ្នាំ  យើងខិតខំ វិនិយោគបន្ថែមទៅលើ វគ្គបណ្តុះបណ្តាល Samsung Tech Institute ។ កាលពីឆ្នាំ ២០១៤ វគ្គបណ្តុះបណ្តាល យើងបានចាប់ផ្តើមឡើង ជាមួយសិក្ខាកាមចំនួន ៥០នាក់ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៤ ក៏បានកើនឡើងរហូតដល់ ៦២នាក់ ក្នុងឆ្នាំ ២០១៥ ហើយនៅក្នុងឆ្នាំ២០១៦នេះ យើងគ្រោងនឹងទទួល សិក្ខាកាមរហូតដល់៨០នាក់ បន្ថែមទៀត។

ខ្ញុំបាទសង្ឃឹមថា វគ្គបណ្តុះបណ្តាលរយៈពេល ៤ខែ នេះ នឹងមានតម្លៃបំផុតសម្រាប់ សិក្ខាកាមដែលចូលរួម ហើយសង្ឃឹមថា ពួកគាត់នឹងខិតខំអស់ពីលទ្ធភាព ដើម្បីក្រេបជញ្ជក់ចំណេះដឹង ពីសាស្ត្រាចារ្យជំនាញៗ។ វគ្គបណ្តុះបណ្តាល នេះនឹងផ្តល់ អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់និស្សិតផ្ទាល់ គ្រួសាររបស់គាត់ ក៏ដូចជាប្រទេសជាតិទាំងមូល។  

ខ្ញុំបាទ សូមឆ្លៀតក្នុងឱកាសនេះ បង្ហាញនូវអរគុណ យ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន Solidus Marketing សម្រាប់ការបន្តគាំទ្រ វគ្គបណ្តុះបណ្តាល Samsung Tech Institute តាំងពីដើមរហូតមកដល់ពេលនេះ។ បើគ្មានការគាំទ្ររបស់ អ្នកទាំងអស់គ្នាទេ ក៏យើងមិនអាចឈានមក ដល់ភាពជោគជ័យដូចជាថ្ងៃនេះដែរ។
សូមអរគុណ!

ក្រុមហ៊ុន Samsung ប្រារព្ធពិធី ០៣ ព្រមគ្នា នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

ក្រុមហ៊ុន Samsung ប្រារព្ធពិធី ០៣ ព្រមគ្នា នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

ក្រុមហ៊ុន Samsung ប្រារព្ធពិធី ០៣ ព្រមគ្នា នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា