Gary Neville ​ចង់​ជួយ​ Valencia ​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ

Gary Neville ​ចង់​ជួយ​ Valencia ​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ

អ្នក​ចាត់ការ​វ័យ​ក្មេង Gary Neville ​ដែល​ទើប​តែ​ចូល​មក​ដឹក​នាំ​ក្រុម Valencia ​កាល​ពី​សប្ដាហ៍​មុន បាន​បញ្ជាក់​ថា​លោក​មក​អេស្ប៉ាញ​នេះ​ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់ មិនមែន​មក​ដក​ស្រង​បទពិសោធន៍​ក្នុង​ការ​ដឹក​នាំ​ក្រុម​ធំ​នោះ​ទេ ហើយ​ចាប់​តាំង​ពី​ចូល​មក​ដល់ Valencia ​អតីត​ជំនួយ​ការ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​មិន​មាន​សម្ពាធ​អ្វី​ឡើយ។

 

Gary Neville ​ចង់​ជួយ​ Valencia ​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ

 

ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី ក្រុម Valencia ​ត្រូវ​ការ​ឈ្នះ​ក្រុម Lyon ​ដាច់​ខាត​នៅ​យប់​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​បាន។  មួយ​វិញ​ទៀត​ជ័យជម្នះ​នោះ​ទៀត​សោត ពួកគេ​ត្រូវ​ឱ្យ​ក្រុម Zenit ឈ្នះ​ឬ​ស្មើ​ជាមួយ Gent ​ទៀត​ដែរ ទើប​ក្រុម Valencia ​អាច​ឡើង​បាន ហើយ​ផ្ទុយ​ទៅ​វិញ បើ​ក្រុម Gent ​ឈ្នះ Zenit ​ហើយ នោះ​ក្រុម Valencia ​គ្មាន​ឱកាស​ឡើង​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ក្រុម​អេស្ប៉ាញ​មួយ​នេះ​មាន​៦​ពិន្ទុ ចាញ់​ក្រុម​លេខ​២ Gent ​១​ពិន្ទុ ស្រប​ពេល​ដែល​ក្រុម​ឈរ​នៅ​លេខ​១ Zenit ​មាន​១៥ពិន្ទុ​ពេញ។

 

ដោយសារ​តែ​ valencia ​ត្រូវ​ការ​ជ័យជម្នះ​យ៉ាង​នេះ​ហើយ លោក Neville ​បាន​និយាយ​លេង​សើច​មុន​ប្រកួត​ថា​ក្រុម​លោក​ត្រូវ​ឈ្នះ​ពាន​រង្វាន់​២ ហើយ​និង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត​ នេះ​គឺ​ជា​អ្វី​ដែល​លោក​ត្រូវ​ធ្វើ។ បន្ថែម​ពី​លើ​ពាក្យ​លេងសើច​នេះ​ដែរ អ្នក​ចាត់ការ​វ័យ​៤០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​៖ “វា​មិន​អាច​ទៅ​រួច​ទេ សម្រាប់​ខ្ញុំ​ដែល​មក​អង្គុយ​ទី​នេះ​ហើយ​មិន​បង្ហាញ​មហិច្ឆតា​របស់​ខ្លួន​នោះ។ យើង​មក​ទី​នេះ ដើម្បី​ឈ្នះ។ គោលបំណង​របស់​យើង គឺ​ឈ្នះ​គ្រប់​ប្រកួត យើង​មាន​គោលដៅ​ខ្ពស់… ខ្ញុំ​មិន​ចង់​ឱ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​នោះ​ទេ”។

 

ងាក​ទៅ​មើល​ប្រវត្តិ​របស់ Valencia ​ប៉ះ​ក្រុម Lyon ​វិញ គឹ​ធ្លាប់​ជួប​គ្នា​តែ​៣​ដង​គត់ ដែល​៣​ដង​នោះ​ក្រុម Valencia ​ឈ្នះ​ទាំង​អស់។ ក្រុម​អេស្ប៉ាញ​មួយ​នេះ ធ្លាប់​ប្រកួត​ជាមួយ​ក្រុម​នៅ​បារាំង ៥៨​ដង​មក​ហើយ ដោយ​ក្នុង​នោះ ឈ្នះ​៤០​ដង ស្មើ​៨​ដង​និង​ចាញ់​១០​ដង៕

 

អត្ថបទ៖ មុន្នី រម្យ
ផ្ដល់សិទ្ធ៖ Valencia