កងទ័ព​អីុ​រ៉ា​ក់​វាយ​រុលទៅមុខ​ប្រឈម​មុខ​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដើម្បី​រំដោះ​ក្រុង​រ៉ា​ម៉ា​ឌី

កងទ័ព​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​៨ ធ្នូ វាយ​ដណ្តើម​យក​បាន​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នូវ​សង្កាត់​គន្លឹះ​មួយ​នៃ​ទីក្រុង​រ៉ា​ម៉ា​ឌី ដែល​នោះ​ជា​ការ​រុលទៅមុខ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ឈាន​ទៅ​ដណ្តើម​យក​ដែនដី​ដ៏​ធំ​ដែល​ស្ថិត​ក្នុង​ដៃ​ពួក​ជី​ហា​ដ រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ។

បណ្តា​អ្នក​ទទួលខុសត្រូវ​អីុរ៉ា​ក់​ថ្លែងប្រាប់ AFP ថា ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​មក កងកម្លាំង​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​អាច​ដណ្តើម​យក​បាន​សង្កាត់​តា​មី​ម ភាគ​និរតី​ទីក្រុង​នេះ ស្ថិត​នៅ​ចម្ងាយ​ត្រឹម​១០០​គីឡូម៉ែត្រ ពី​ក្រុង​បា​ដា​ដ ។

ជាទី​ប្រជុំជន​ខេត្ត​អាល់​អាន​បា​ដ៏​ធំ​ក្រុង​រ៉ា​ម៉ា​ឌី ដែល​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេ EUPHRATE ស្ថិត​លើ​វាលទំនាប​មាន​ជីជាតិ​ត្រូវ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយ​យក​បាន​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ដែល​នោះ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កងទ័ព​អីុ​រ៉ា​ក់ ។

លោក SABAH AL NOMANE អ្នកនាំពាក្យ​របស់​ផ្នែក​តស៊ូ​ប្រឆាំង​ភេរវកម្ម​អីុ​រ៉ា​ក់​ថ្លែងប្រាប់ AFP ថា ពេល​នេះ​កងទ័ព​យើង​រំដោះ​បាន​ទាំងស្រុង​សង្កាត់​តា​មី​ម បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ កងទ័ព​អីុរ៉ា​ក់​ទទួល​ការ​ជួយ​ទ្រទ្រង់​តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ។

អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​នៃ​ប្រតិបត្តិការ​រួម ឧត្តមសេនីយ៍ YAHYA RASOOL វាយតម្លៃ​ថា ការ​រំដោះ​សង្កាត់​តា​មី​ម នឹង​ជួយ​យើង​ច្រើន ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ទីក្រុង​រ៉ា​ម៉ា​ឌី ទាំងមូល ។ ចំណែក​ប្រមុខ​ប៉ូលិស​ខេត្ត​អាល់​អាន​បា ឧត្តមសេនីយ៍ HADI AL IRZAYIJ  អះ​អង​ថា កងកម្លាំង​អីុ​រ៉ា​ក់​ជិត​លុក​ចូល​ដល់​កណ្តាល​ទីក្រុង​នេះ​ហើយ ៕