ទឹកប្រាក់​ប្រមាណ ២.៥០០ លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​គម្រោង ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត

ភ្នំពេញ: ​ថវិកា​ប្រមាណ ២.៥០០ លាន​ដុល្លារ សម្រាប់​គម្រោង​ការងារ​សាងសង់​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ដែល​ផែនការអភិវឌ្ឍន៍​ផ្លូវ​នេះ ធ្វើឡើង​ដោយ
​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន រួម​ជាមួយនឹង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា នៅក្នុង​សិក្ខាសាលា​កម្ពុជា​-​ជប៉ុន ស្តីពី​ផ្លូវ​ល្បឿន​លឿន កាលពី​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​កំណើនសេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​អាស៊ាន បរិមាណ​ចរាចរណ៍​ព្រមទាំង​យានយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​នៅ​កម្ពុជា នឹងមាន​ការកើនឡើង ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឲ្យ​មាន​បរិ​មាណនៃ​ការបាត់​បង់ជីវិត ក៏ដូចជា​ការ​ខូ​ត​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្ល​ល់ មានការ​កើនឡើង​។ ដូច្នេះ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ត្រូវ​រំពឹងថា នឹង​ជួយ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុងតែ​កើនឡើង​នេះ​។​

​លោក​បាន​បន្តថា "​ដើម្បី​ធ្វើ​ឲ្យ​ហេ​ដ្ឋា​រចនាសម្ព័ន​ធ​ដឹកជញ្ជូន​ផ្លូវថ្នល់ មាន​ភាពប្រសើរឡើង និង​សមស្រប​ទៅតាម​តម្រូវការ និង​កំណើន​បរិមាណ​ចរាចរណ៍ ការបង្ក​ភាព ងាយស្រួល ដល់​អ្នកប្រើប្រាស់​ផ្លូវ​ដោយ​កាត់បន្ថយ​ពេលវេលា និង​សោហ៊ុយ​ធ្វើដំណើរ គឺមាន​សារសំខាន់​ណាស់​។ ហេតុ​ដូច្នេះហើយ ពេលនេះ​គឺជា​ពេលដែល​កម្ពុជា​ចាំបាច់​ត្រូវ​ចាប់ផ្តើម​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​វា​នឹង​ជា​កត្តា​លិ​ករ​មួយ​ផងដែរ សម្រាប់​ជួយ​ជំរុញ​ឲ្យ​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​គឺជា​ការប្តេជ្ញាចិត្ត​របស់​យើង​"​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា គោលបំណង​ចម្បង​នៃ​អង្គសិក្ខាសាលា​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​ផែនការអភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​ការចូលរួមចំណែក​នូវ​ចំណេះដឹង បទពិសោធន៍​បច្ចេកទេស សម្រាប់​ការងារ​សាងសង់​ផ្លូវថ្នល់​៕​

ទឹកប្រាក់​ប្រមាណ ២.៥០០ លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​គម្រោង ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត