ម៉ាឡេស៊ី​ប្រកា​សរក​ម្ចាស់​យន្តហោះ​ប៊ូ​អ៊ីង​៣​គ្រឿង​ដែល​ទុកចោល​នៅ​ព្រលាន​

​ខណៈ​បាត់​យន្តហោះ​MH370 នៅ​រក​មិនទាន់​ឃើញ នៅពេលនេះ​ម៉ាឡេស៊ី​បានប្រកាស​រក​ម្ចាស់​យន្តហោះ​ប៊ូ​អ៊ីង​៧៤៧ ដែល​ត្រូវបាន​ទុកចោល​នៅ​ព្រលានយន្តហោះ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​អស់​ពេល​យូរ​មកហើយ​។​

​ប្រតិបត្តិ​ករ​គ្រប់គ្រង​ព្រលានយន្តហោះ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​បានចេញ​សេចក្ដីប្រកាស​នៅតាម​កាសែត ដើម្បី​ស្វែងរក​ម្ចាស់​យន្តហោះ​ប៊ូ​អ៊ីង​៧៤៧​ចំនួន​បី​គ្រឿង​ដែល​ត្រូវ​បោះបង់ចោល​។ ក្នុង​សេចក្ដីប្រកាស​បានបញ្ជាក់​ថា ប្រសិនបើ​មិន​មក​យក​យន្តហោះ​នេះ​ក្នុង​រយៈពេល​១៤​ថ្ងៃក្រោយ​ការចេញ​សេចក្ដីប្រកាស​នេះ យើង​រក្សា​សិទ្ធិ​លក់​ឬ​ចាត់ចែង​យន្តហោះ​នេះ​តាមច្បាប់​របស់​ម៉ា​លេ​ស៊ី​»​។ 

​លោក Zainol Mohd Isa ជា​អ្នកគ្រប់គ្រង​ទូទៅ​ព្រលានយន្តហោះ​ម៉ា​លេ​ស៊ី បាន​និយាយថា ៖ «​យើង​បាន​ព្យាយាម​ទាក់ទង​ម្ចាស់​យន្តហោះ​ចុងក្រោយ​។ ពួកគេ​ជា​ជនបរទេស មិនមែនជា​ប្រជាជន​ម៉ា​លេ​ស៊ី​ទេ​»​។ លោក​បន្តថា វា​មាន​មូលហេតុ​ច្រើន​នៅ​ពីក្រោយ​រឿងនេះ​។ ជួនកាល​ប្រហែលជា​ពួកគេ​គ្មាន​លុយ​ដើម្បី​ដំណើរការ​បន្តទៀត​។​

​ជាមួយនឹង​ប្រកាស​ស្វែងរក​ម្ចាស់​យន្តហោះ លោក Zainol Mohd Isa ក៏បាន​បញ្ជាក់ដែរថា ព្រលានយន្តហោះ​កំពុងតែ​រង់ចាំ​ការបង់​លុយ​ពី​ម្ចាស់​លើ​សេវាកម្ម ចំណត​និង​ការ​បង់លុយ​ដទៃទៀត​។ ហើយ​ប្រសិនបើ​មិនមាន​ការបង់ថ្លៃ​នៅត្រឹម​ថ្ងៃទី​២១​ខាងមុខនេះ​ទេ យន្តហោះ​នឹងត្រូវ​ដាក់​ដេញថ្លៃ​ឬ​លក់​ដើម្បី​យកប្រាក់​មក​សង​ថ្លៃ​ជំពាក់​។ យន្តហោះ​ពីរ​ជា​យន្តហោះ​ដឹក​អ្នកដំណើរ និង​មួយទៀត​ជា​យន្តហោះ​ដឹកទំនិញ​។​

​គួរ​រម្លឹក​ដែរ​ថា នេះ​មិនមែនជា​លើកទីមួយ ដែលមាន​យន្តហោះ​ត្រូវបាន​ទុកចោល​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួរ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន គេ​សង្កេតឃើញ​មាន​យន្តហោះ​តូចៗ​ត្រូវបាន​ម្ចាស់​ទុកចោល ហើយ​ពេល​រក​ម្ចាស់​មិនឃើញ ក៏ត្រូវ​បានដាក់​លក់​ឲ្យ​សាធារណជន​ផងដែរ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​