យោធិន​ចូល​និវត្តន៍​និង​គ្រួសារ​អតីត​យោធា​ពលី​និង​ពិការ​១៥១​គ្រួសារ​ទទួល​បាន​ដី​សម្បទាន

យោធា​ចូល​និវត្តន៍ និង​គ្រួសារ​អតីត​យោធា​ពលី និង​ពិការ ​១៥១​គ្រួសារ ទទួល​បាន​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជ​រដ្ឋាភិបាល រួម​មាន ដី​លំនៅឋាន និង​ផ្ទះ រួម​ទាំង​ដី​សម្រាប់​ប្រកប​របរ​កសិកម្ម​នៅ​ខេត្ត​រតនគិរី។ ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​អតីត​យោធា​ទាំងអស់​នោះ ធ្វើ​ឡើង​ជា​លើក​ទី​១ នៅ​ខេត្ត​រតនគិរី និង​ជា​លើក​ទី​៩ សម្រាប់​ខេត្ត​៨ ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស។

តំបន់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​អតីត​យោធា​ចូល​និវត្តន៍ និង​ក្រុម​គ្រួសារ​យោធា​ពលី និង​ពិការ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រតនគិរី រៀបចំ​ឡើង​នៅ​ឯ​តំបន់​ជនបទ​មួយ​ឋិត​ក្នុង​ភូមិ​បី ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ចម្ងាយ​ជាង ៥០​គីឡូ​ម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ នេះ អតីត​យោធា​ចូល​និវត្តន៍ និង​ក្រុម​គ្រួសារ​យោធា​ពលី និង​ពិការ​ចំនួន ១២៣​គ្រួសារ​ក្នុង​ចំណោម ១៥១​គ្រួសារ បាន​ធ្វើ​ដំណើរ​ពី​បណ្ដា​ស្រុក​ក្នុង​ខេត្ត និង​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន ដើម្បី​ចូលរួម​ចាប់​ឆ្នោត​ទទួល​បាន​ដី​លំនៅឋាន​ទំហំ ២​ពាន់​ម៉ែត្រ​ការ៉េ និង​ផ្ទះ​ថ្ម​ប្រក់​ស័ង្កសី​ទំហំ ៣៥​ម៉ែត្រ​ការ៉េ និង​ដី​ធ្វើ​កសិកម្ម​ទំហំ​ពីរ​ហិកតារ​ក្នុង​មួយ​គ្រួសារ។

ជា​អតីត​យោធា​ពិការ​ជើង​ម្ខាង និង​បាន​ចូល​និវត្តន៍​កាល​ពី ៤​ឆ្នាំ​កន្លង​ទៅ​នេះ លោក លឹម នូ ចាត់​ទុក​ការ​ផ្តល់​ដី​សម្បទាន​ពេល​នេះ ថា​ជា​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​យោធា​បាត់បង់​សមត្ថភាព និង​យោធា​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ។ លោក​អះអាង​ថា នឹង​ចូល​រស់នៅ និង​បង្កបង្កើនផល​លើ​ដី​សម្បទាន​នេះ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ឲ្យ​បាន​រីក​ចម្រើន​ជាង​មុន៖ «ខ្ញុំ​សប្បាយ​ចិត្ត នឹង​ខិតខំ​ដាំ​ដំណាំ​ដែល​អាច​ដាំ​ដុះ​បាន។ ខ្ញុំ​ចាប់​ឆ្នោត​បាន​ដី​ឡូ និង​ផ្ទះ និង​ដី​ដាំ​ដុះ»

ផ្ទះ​ចំនួន ៤០​ឡូ​អម​សង​ខាង​ផ្លូវ​លំ រួម​ទាំង​អណ្ដូង​ស្នប់​ចំនួន​ប្រាំ ត្រូវ​បាន​ស្ថាបនា​លើក​ដំបូង​សម្រាប់​ការ​ចាប់​ឆ្នោត​ទទួល​យក​គោល​នយោបាយ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ខេត្ត​រតនគិរី នា​ឆ្នាំ​២០១៥ នេះ។ ចំណែក​ការ​សាងសង់​បន្ត នឹង​ត្រូវ​ធ្វើ​គ្រប់​ផែនការ​កំណត់​គ្រប់​ក្រុម​គ្រួសារ​សម្រាប់​យោធា​ទទួល​បាន​ដី​សម្បទាន ១៥១​គ្រួសារ។

មាន​កំណើត​ជា​ជនជាតិ​ដើម​ភាគ​តិច និង​ជា​អតីត​យោធា​ខេត្ត​រតនគិរី ចូល​និវត្តន៍ លោក ស្រង់ លាង រៀបរាប់​ថា លោក​បាន​មក​ឃើញ​ទីតាំង​ទទួល​ដី​សម្បទាន​នេះ។ លោក​រីករាយ និង​សម្រេច​ចិត្ត​នាំ​ក្រុម​គ្រួសារ​មក​រស់នៅ​ទីនេះ។ លោក​ថា ទីតាំង​នេះ​ថ្វី​ត្បិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ស្រុក និង​ខេត្ត ក៏ប៉ុន្តែ​ជា​តំបន់​កសិកម្ម​ដែល​អាច​ឲ្យ​ប្រកប​របរ​ដាំ​ដុះ​ចិញ្ចឹម​គ្រួសារ​បាន​ប្រសើរ៖ «ខ្ញុំ​នឹង​មក​នៅ ខ្ញុំ​សប្បាយ​ចិត្ត​ត្រេកអរ ខ្ញុំ​អាច​រស់​នៅ​បាន»

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រៀបចំ​ដី​បម្រុង​ជាង ៨.៧០០​ហិកតារ​នៅ​ភូមិ​បី ឃុំ​ត្រពាំងក្រហម ចុះ​បញ្ជី​ជា​ដី​រដ្ឋ​សម្រាប់​គោល​នយោបាយ​សម្បទាន​សង្គមកិច្ច​នៅ​ក្នុង​ខេត្ត និង​សម្រាប់​ចែក​ជូន​ពលរដ្ឋ​គ្មាន​ដីធ្លី។

អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចាប់​ឆ្នោត​ទទួល​ដី​សម្បទាន​នេះ បាន​ក្រើន​រំឭក​ដល់​គ្រួសារ​អតីត​យោធា ឲ្យ​ប្រុង​ប្រយ័ត្ន​ថែ​រក្សា​ដី និង​ផ្ទះ​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល ឲ្យ​នៅ​គង់វង្ស រួម​ទាំង​ធ្វើ​យ៉ាង​ណា ហាម​កាប់​ឈើ​អនាធិបតេយ្យ​នៅ​តំបន់​ព្រៃ​ក្បែរ​ដី​សម្បទាន។ លើស​ពី​នេះ​ទៀត លោក​បាន​ជំរុញ​ឲ្យ​គ្រួសារ​យោធា​ទាំង​នោះ ខិតខំ​បង្កបង្កើនផល​លើក​ស្ទួយ​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ឡើង៖ «សំណូមពរ​ដោយ​ទទូច​ដល់​បង​ប្អូន​និវត្តជន យើង​សុំ​គ្រប់គ្រង​ថែ​រក្សា​ប៉ុណ្ណឹង ហើយ​សូម​ការពារ ព្រោះ​មាន​តែ​បង​ប្អូន​នៅ​ទី​ហ្នឹង​ទេ ដែល​ការពារ​តំបន់​ដី​ព្រៃ​ដែល​ជា​តំបន់​ថែ​រក្សា​ការពារ ថ្វី​ត្បិត​ដី​នេះ​ជា​ដី​បម្រុង​សម្រាប់​បង​ប្អូន​និវត្តជន​ក្រោយៗ​ទៀត»

រាជ​រដ្ឋាភិបាល ចាប់​ពី​ឆ្នាំ​២០១១ បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ខេត្ត​ចំនួន​៩ រួម​មាន ខេត្ត​រតនគិរី ស្ទឹងត្រែង កំពត ព្រះសីហនុ សៀមរាប កំពង់ស្ពឺ ក្រចេះ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ ទៅ​ឲ្យ​អតីត​យោធា​ចូល​និវត្តន៍ និង​ក្រុម​គ្រួសារ​យោធា​ពលី​ពិការ​ជាង ២.៦០០​គ្រួសារ និង​ផ្ទះ ១.៥៦០​ខ្នង។

អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឌុច វនទីតូ អំពាវនាវ​ឲ្យ​ដៃគូ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ជួយ​សហការ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម សិប្បកម្ម ចិញ្ចឹម​សត្វ សេវា​សុខភាព​សាធារណៈ ​ជាដើម ជូន​អតីត​កងទ័ព​ដែល​បាន​មក​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ។ ម្យ៉ាង​វិញ​ទៀត លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន លើក​កម្ពស់​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​តាំង​ទី​លំនៅ​ថ្មី ដើម្បី​ប្រែ​ក្លាយ​តំបន់​សម្បទាន​នេះ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​បៃតង រួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​បាន​រីក​ចម្រើន៖ «បង​ប្អូន​យើង​មក​រស់​នៅ​បាន​អាជ្ញាធរ​ជួយ​មើល​ដិត​ដល់ ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដែល​ត្រូវ​បាន​រៀបចំ​ជា​ក្រុម ឬ​ភូមិ​ថ្មី ឬ​សហគមន៍ ដើម្បី​ថែ​រក្សា​ការពារ​ផ្ទះ​សម្បែង និង​ទប់ស្កាត់​ការ​រំលោភ​បំពាន​ការ​កាន់​កាប់​ដី​សម្បទាន​ក្នុង​តំបន់​គោលដៅ​នេះ និង​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​សម្បទានិក​ឲ្យ​បាន​ល្អ​ប្រសើរ​ផង»

តំបន់​សម្បទាន​ដី​សង្គមកិច្ច​នៅ​ខេត្ត​រតនគិរី នឹង​ត្រូវ​រៀបចំ​ជា​ភូមិ​ថ្មី មាន​ទីផ្សារ វត្ត​អារាម សាលា​រៀន មណ្ឌល​សុខភាព សម្រាប់​អតីត​យោធា និង​ក្រុម​គ្រួសារ​ពួក​គេ​រស់នៅ​ជា​អចិន្ត្រៃយ៍ ទើប​អាច​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ជា​ដី​ឯកជន​បាន។ ដោយឡែក​មុន​ការ​កំណត់ ៥​ឆ្នាំ អ្នក​ទទួល​បាន​ដី​សម្បទាន មិន​មាន​សិទ្ធិ​លក់​ដូរ ឬ​ទុក​ចោល​មិន​ដាំ​ដុះ ឬ​មិន​មក​រស់នៅ​លើ​ដី​នោះ​បាន​ទេ។

យ៉ាង​ណា​ក៏ដោយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​រតនគិរី លោក ទឹម ស៊ីណាត បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​គ្រួសារ​យោធា ២៨​គ្រួសារ​ដែល​មិន​ទាន់​បាន​ចាប់​ឆ្នោត​ទទួល​ដី និង​ផ្ទះ​តាម​គោល​នយោបាយ​សម្បទាន​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ នេះ នឹង​ត្រូវ​មក​ចាប់​ឆ្នោត​ជា​បន្ត​នៅ​មន្ទីរ​សង្គមកិច្ច ឬ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម នៅ​រាល់​ពេល​ម៉ោង​ធ្វើ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។