ការសិក្សាថ្មី បង្ហាញថា កម្ពុជាខាតបង់ ប្រាក់១៦៨លានដុល្លារ ដោយសារ អំពើហិង្សាលើកុមារ

ភ្នំពេញ៖ ការសិក្សាថ្មីមួយ ចេញផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥បានលើកឡើងថា កម្ពុជាបានបាត់បង់ទឹកប្រាក់ ចំនួន១៦៨លានដុល្លារ ក្នុងឆ្នាំ២០១៣ ឬ១,១ ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP) ដោយសារផលប៉ះពាល់អវិជ្ជមាន លើសុខភាពបង្កឡើងពីអំពើហិង្សាលើកុមារ។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ unicef បានឲ្យដឹងថា របាយការណ៍ដែលមានចំណងជើង “បន្ទុកសេដ្ឋកិច្ចនៃផលវិបាល ចំពោះសុខភាព ដោយសារអំពើហិង្សា នៅវ័យកុមារមានចំនួន សរុប៨៣,៣លានដុល្លារ ក្នុងឆ្នាំ២០១៣ស្មើ នឹង០,៥៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសនេះ។ លើសពីនេះ ឱកាសរបស់ក្មេងស្រី ដែលបានទទួលរងអំពើហិង្សាលើផ្លូវកាយ ក្នុងការបន្ដការអប់រំក្រោយមធ្យមសិក្សា មានការថយចុះចំនួន៦ភាគរយ”។

យោងតាមប្រភពដដែលបានឲ្យដឹងថា ការស្រាវជ្រាវដែលពិនិត្យ ទៅលើបន្ទុកសេដ្ឋកិច្ចនៃផលវិបាល ចំពោះសុខភាព នេះ គឺជាការសិក្សាដំបូងគេនៅកម្ពុជា ដែលដឹកនាំស្រាវជ្រាវដោយបណ្ឌិត Xiangming Fang អ្នកជំនាញសកលលើវិស័យនេះ ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ។

ការសិក្សានេះ ភាគច្រើនប្រើប្រាស់ទិន្នន័យ ពីរបាយការណ៍នៃការអង្កេត អំពើហិង្សាលើកុមារនៅកម្ពុជា (CVACS) ដែលបានស្រាវជ្រាវ នៅឆ្នាំ២០១៣។ ផលប៉ះពាល់លើសុខភាព និងឥរិយាបថប្រឈម ដែលរួមមាន បញ្ហាផ្លូវចិត្ដ ការឆ្លងជំងឺដោយសារការរួមភេទ ការធ្វើបាបខ្លួនឯង ការជក់បារី បញ្ហាប្រើប្រាស់ជាតិស្រវឹង និងមរណភាពកុមារពាក់ព័ន្ធនិងអំពើហិង្សា ត្រូវបានប្រើប្រាស់ដើម្បីវិភាគ លើការសិក្សាបន្ទុកសេដ្ឋកិច្ចនេះ។

តាមរយៈការវិភាគ លើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បង្កដោយអំពើហិង្សាលើកុមារនេះ មានគោលបំណងជំរុញ ឲ្យមានកិច្ចសហការ រវាងអ្នកតាក់តែងគោលនយោបាយ មន្រ្ដីរាជរដ្ឋភិបាលអង្គការ មិនមែនរដ្ឋាភិបាលជាដៃគូ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងប្រព័ន្ធ ការពារកុមារនៅថ្នាក់ជាតិ រួមទាំងទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើកុមារ៕