ការព្រមាន​អំពី​ការបំពុល​ខ្យល់​នៅ​ទីក្រុង​ប៉េកាំង​ចូល​ជា​ធរមាន

ការព្រមាន​អំពី​ការបំពុល​ខ្យល់​នៅ​ទីក្រុង​ប៉េកាំង​ចូល​ជា​ធរមាន

ស្រ្តី​ម្នាក់​ពាក់​ម៉ាស​ខ្ទប់​មុខ​ ខណៈ​ដើរ​សំដៅ​ទៅ​កាន់​ស្ថានីយ​រថភ្លើង​ក្រោម​ដី នៅ​ពេល​ដែល​ខ្យល់​អាកាស​នៅ​ទីក្រុង​ប៉េកាំង​មាន​ការបំពុល​យ៉ាង​ខ្លាំង​ ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

កូន​សិស្ស​សាលា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ស្ថិត​នៅ​ផ្ទះ ​ហើយ​អ្នក​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ បាន​ប្តូរ​ទៅ​ប្រើ​ការដឹកជញ្ជូន​សាធារណៈ ​នៅ​ពេល​ដែល​ការប្រកាស​ភាព​អាសន្ន​ពី​ខ្យល់​កខ្វក់​របស់រដ្ឋ​ធានី​នៃប្រទេស​ចិន​បាន​ចូល​ជា​ធរមាន។

អ្នក​ស្រុក​បាន​ពាក់​របាំង​ការ​ពារ​មុខ​ នៅ​ពេល​ដែល​ពួកគេ​ដើរ​កាត់តាម​ផ្លូវ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ផ្សែង​លាយ​អ័ព្វ​ពណ៌ប្រផេះ​ ដែល​បាន​គ្រប​ដណ្តប់​ទស្សនីយ​ភាព​របស់​ទីក្រុង​ប៉េកាំង។

លោក ​ហេ សៀបាវ ​អ្នក​ស្រុក​ក្រុង​ប៉េកាំង​បាន​និយាយ​ថា​ «ខ្ញុំ​បាន​រស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​អស់​រយៈ​ពេល​២០​ឆ្នាំ​ ​ហើយ​កាល​ពី​ពេល​មុន ​ខ្ញុំ​មិន​បាន​ធ្លាប់​ឃើញ​ដូច​នេះ​ទេ​។​ កាល​ពី​ពេល​មុន ​មាន​រថយន្ត​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ​ចូរ​អ្នក​មើល ​មាន​រថយន្ត​ច្រើន​ណាស់។ នេះ​ជា​ហេតុផល​យ៉ាង​ច្រើន​ដែល​បាន​បណ្តាល​ឲ្យ​មាន​ជាតិ​កខ្វក់‍»។​

អាជ្ញាធរ​ទីក្រុង​ប៉េកាំង ​បាន​ចេញ​ការ​ប្រកាស​ភាព​អាសន្ន​កាលពី​ថ្ងៃ​ច័ន្ទ ​បន្ទាប់​ពីបាន​ឃើញ​កម្រិត​ធាតុ​ល្អិត​ៗ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដែល​ហៅ​ថា PM2.5 ហួស​ពី​ចំនួន​២៥ Micrograms ក្នុង​មួយ​ម៉ែត្រ​គូប​ ដែល​ត្រូវ​បាន​ស្នើ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)។

នៅ​ក្រោម​ការ​ប្រកាស​ភាព​អាសន្ន​នេះ ​សាលារៀន​ត្រូវ​បាន​បិទ​ទ្វារ ​រថយន្ត​នឹង​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​បើក​បរ​នៅ​លើ​ផ្លូវ​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ ​ដោយ​ផ្អែក​លើ​ចំនួន​ចុង​ក្រោយ​នៅ​លើ​ស្លាកលេខ​របស់​រថយន្ត ​ហើយ​ការសាង​សង់​នៅ​ខាងក្រៅ​ទាំងអស់ ត្រូវ​បាន​បញ្ជារ​ឲ្យ​បញ្ឈប់។​ ការ​ប្រកាស​ភាព​អាសន្ន​នឹង​បញ្ឈប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ពេលអាកាស​ធាតុ​ត្រជាក់ ​ត្រូវ​គេ​រំពឹង​នឹង​កាត់​បន្ថយ​កម្រិត​ផ្សែង​លាយ​អ័ព្ទ​នេះ។

ក្រុម​អាជ្ញាធរ​បាន​ស្ថិត​នៅ​ក្រោម​ការរិះគន់​ ចំពោះ​ការ​ខកខាន​មិន​បាន​ចេញ​ការ​ប្រកាស​ភាព​អាសន្ន​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​ទីក្រុង​ប៉េកាំង ​ក៏​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ផ្សែងលាយ​អ័ព្ទ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នេះ៕