ជនជាតិ​ដើម​ភាគ​តិច​ព្នង​បន្ត​តវ៉ា​ទាមទារ​ឲ្យ​ផ្អាក​ផ្ដល់​ដី​សម្បទាន​ដល់​ពលរដ្ឋ​ចំណាក​ស្រុក

តំណាង​សហគមន៍​ជាង ៤០​នាក់​មក​ពី​ភូមិ​ចំនួន​៧ នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​នៅ​មុខ​សាលា​ឃុំ​ប៊ូស្រា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្អាក​ការ​ចែក​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក ដោយសារ​មាន​ផល​ប៉ះពាល់​ដី​តំបន់​កប់​សព និង​ព្រៃ​តំណម​របស់​ពួក​គាត់។ ចំណែក​អាជ្ញាធរ​ឃុំ​ប៊ូស្រា បាន​បដិសេធ​ថា នេះ​មិន​មែន​ជា​គម្រោង​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​ដែល​អ្នក​ភូមិ​បារម្ភ​នោះ​ឡើយ។

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ប៊ូស្រា បាន​ចេញ​មុខ​ដោះស្រាយ​ការ​តវ៉ា​របស់​តំណាង​សហគមន៍​មក​ពី​ភូមិ​ចំនួន​៧ នៅ​វេលា​ម៉ោង​ប្រមាណ ១១​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ បន្ទាប់​ពី​តំណាង​សហគមន៍​ជាង ៤០​នាក់ ប្រមូល​ផ្តុំ​គ្នា​មុខ​សាលា​ឃុំ​ជា​លើក​ទី​ពីរ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ឈប់​គម្រោង​វាស់វែង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​វាល់​យោង។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ តំណាង​អ្នក​ភូមិ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា​ម្តង​រួច​ហើយ សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រុក​ពេជ្រាដា បញ្ឈប់​គម្រោង​វាស់វែង​ដី​នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​វាល់​យោង ដោយសារ​តែ​សហគមន៍​អះអាង​ថា តំបន់​ដី​សម្បទាន​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ដី​កប់​សព និង​ដី​ព្រៃ​តំណម​សហគមន៍។

តំណាង​សហគមន៍​មួយ​រូប គឺ​លោក ស្រ៊ីវ ធី មាន​ប្រសាសន៍​ថា ការ​តវ៉ា​បី​ចំណុច​របស់​សហគមន៍ រួម​មាន សំណើ​ផ្អាក​ការ​វាស់វែង​ដី​ជា​បន្ទាន់ សំណូមពរ​ឲ្យ​អាជ្ញាធរ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ មុន​នឹង​រៀបចំ​ដី​សម្បទាន​នៅ​តំបន់​សហគមន៍​រស់នៅ និង​សុំ​ឲ្យ​អាជ្ញាធរ ផ្តល់​ព័ត៌មាន​មួយ​សប្ដាហ៍ មុន​នឹង​រៀបចំ​វាស់វែង​ដី​តំបន់​នោះ៖ «ឲ្យ​មាន​ការ​ទាក់ទង​គ្នា ខ្ញុំ​ជឿជាក់​ថា ការងារ​អ្វី​ដែល​អាជ្ញាធរ​គាត់​ធ្វើ សហគមន៍​អាច​ទទួល​យក​បាន ហើយ​អត់​មាន​ការ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក»

អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ បាន​ចេញ​លិខិត​បង្គាប់​ការ​បង្កើត​ក្រុម​ការងារ​ចុះ​វាស់វែង​ដី​លំនៅឋាន និង​ដី​បង្កបង្កើនផល​ជាក់ស្តែង​ដី​សម្បទាន​សង្គមកិច្ច​វាល់​យោង ដោយ​មាន​សមាសភាព​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ថ្នាក់​ស្រុក ១២​នាក់ ក្នុង​តួនាទី​វាស់វែង​ដី​លំនៅឋាន និង​ដី​ដាំ​ដុះ ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​ដី​ពិត​ប្រាកដ អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ព្រៃ​ឈើ ច្បាប់​ភូមិបាល និង​ច្បាប់​បរិស្ថាន រួម​ទាំង​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​សាងសង់​លំនៅឋាន ឬ​កាប់​ព្រៃ​ឈើ​បន្ត។

ឆ្លើយ​តប​ការ​តវ៉ា​របស់​សហគមន៍ មេ​ឃុំ​ប៊ូស្រា លោក យើត សារីន ថ្លែង​បញ្ជាក់​ថា ក្រុម​ការងារ​ថ្នាក់​ស្រុក មិន​បាន​ចុះ​វាស់វែង​ដើម្បី​បែង​ចែក​ដី​សម្បទាន​នោះ​ទេ គឺ​វាស់វែង​ស្រង់​ស្ថិតិ​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​តែ​ប៉ុណ្ណោះ៖ «នែ​អ៊ីចេះ! គេ​វាស់វែង​ដី​ដែល​គេ​ធ្វើ​ផ្ទះ​ប៉ុន្មាន​គ្រួសារ អាស្រ័យ​ផល​ប៉ុន្មាន​កន្លែង មិន​មែន​ឲ្យ​សម្រេច​ទេ ដើម្បី​រាយការណ៍​ទៅ​ស្រុក​ខេត្ត»

ស្រដៀង​គ្នា​នេះ​ដែរ អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ឲ្យ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ និង​វាស់វែង​ផ្ទៃ​ដី​ដែល​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​តែ​ប៉ុណ្ណោះ៖ «អភិបាល​ខេត្ត​ថ្មី​លោក​ឲ្យ​ក្រុម​ការងារ​ស្រុក ចុះ​វាស់​លើ​ផ្ទៃ​ដី​ដែល​គាត់​បាន​ដាំ​ដំឡូង និង​សង់​លំនៅឋាន​បច្ចុប្បន្ន ឲ្យ​ដឹង​ប៉ុន្មាន​ហិកតារ​ទេ អត់​មាន​វាស់​បែង​ចែក​ផ្តល់​ជូន​ទេ ហើយ​យើង​ក៏​បាន​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែរ»

រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១១ បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី រៀបចំ​ដី​សម្បទាន​សង្គមកិច្ច ៣​ពាន់​ហិកតារ សម្រាប់​ជន​ក្រីក្រ និង​ជនជាតិ​ដើម​ភាគ​តិច​គ្មាន​ដី​តាំង​ទី​លំនៅ។

មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) បាន​អង្កេត​ទៅ​លើ​ករណី​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​នេះ និង​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី ដូចជា ការ​បែង​ចែក​ដី​នៅ​យឺតយ៉ាវ អ្នក​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​មួយ​ចំនួន មិន​មាន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​ដី​តាម​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល ដី​សម្បទាន​ខ្លះ​ត្រូវ​បាន​គេ​លក់​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ និង​ជម្លោះ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ និង​សហគមន៍​ជនជាតិ​ចាម ដែល​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ដើម្បី​យក​ដី។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា សហគមន៍​ប៊ូស្រា បាន​អភិរក្ស​ព្រៃ​តំបន់​នោះ​ច្រើន​ឆ្នាំ​មក​ហើយ និង​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជំនាញ​ទៀត​ផង។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​សហការ​ជាមួយ​សហគមន៍​ដើម្បី​សិក្សា​ផល​ប៉ះពាល់ មុន​នឹង​ផ្តល់​ដី​តំបន់​នោះ​ជា​សម្បទាន​សង្គមកិច្ច៖ «ឲ្យ​មាន​ការ​ទាក់ទង​គ្នា ខ្ញុំ​ជឿជាក់​ថា ការងារ​អ្វី​ដែល​អាជ្ញាធរ​គាត់​ធ្វើ សហគមន៍​អាច​ទទួល​យក​បាន ហើយ​អត់​មាន​ការ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក»

ទោះ​ជា​យ៉ាង​នេះ​ក្តី សហគមន៍​ប៊ូស្រា មាន​បំណង​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​លុប​ចោល​តំបន់​ដី​សម្បទាន​សង្គមកិច្ច​នេះ​វិញ ពីព្រោះ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ កំពុង​កើត​មាន​ច្រើន​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។