មហាសន្និបាត​ APA ផ្ដោតសំខាន់ ការលើកកម្ពស់ វប្បធម៌អហិង្សា និងវប្បធម៌សន្ទនា

ភ្នំពេញ៖ មហាសន្និបាត លើកទី៨ នៃសភាតំបន់អាស៊ី (APA) នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ ផ្ដោតសំខាន់ការលើកកម្ពស់ វប្បធម៌អហិង្សា និង វប្បធម៌សន្ទនា ការអត់ធ្មត់ និងយោគយល់គ្នាជាភាគរៈ ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុង ពិធីបើក មហាសន្និបាត លើកទី៨ របស់សភាតំបន់អាស៊ី នៅព្រឹកថ្ងៃទី៩ ធ្នូ ថា ក្រោមប្រធានបទការជំរុញ សន្ដិភាព ការផ្សះផ្សា និង ការសន្ទនា នៅតំបន់អាស៊ី នេះ ពិតជាមានសារៈសំខាន់។

ក្នុងមហាសន្និបាតនេះ ក៏ផ្តោតលើការនិយមកណ្ដាល និងការដោះស្រាយទំនាស់ និង បញ្ហាវិវាទផ្សេងៗ ដោយសន្ដិវិធី និងដោយឈរ លើគោលការណ៍ នៃច្បាប់ជាតិ និង អន្ដរជាតិ នៅក្នុងសង្គមជាតិនីមួយៗ ទាំងរវាងប្រទេសជាតិនីមួយៗផងដែរ។

សម្ដេចតេជោ បានប្រសាស៍ថា “ប្រតិភូមកពីសភាតំបន់អាស៊ី នឹងចូលរួមពិភាក្សា យ៉ាងសកម្មលើ ប្រធានបទ នៃអង្គមហាសន្និបាត លើកទី៨ ដោយធ្វើការ ចែករំលែកចំណេះដឹង ព្រមទាំង បទពិសោធន៍ក្នុង ការកសាងសន្ដិភាព និង ការថែរក្សាសន្ដិភាព ដើម្បីជាឧត្តមប្រយោជន៍ ដល់ប្រជាជនយើងទាំងអស់គ្នា ។

លើសពីនេះ ខ្ញុំសូមលើកទឹកចិត្ត ដល់សង្គមមហាសន្និបាត ឲ្យធ្វើការពិភាក្សា លើប្រធានបទនេះក្នុងន័យទូលាយ ដោយមិនត្រឹមតែ ផ្ដោតទៅលើការពង្រឹង និង ការថែរក្សាសន្ដិភាពប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងខិតខំស្វែង យល់អំពីដំណើរការនៃការដោះស្រាយជម្លោះនិងការទប់ស្កាត់ ក្នុងប្រទេសនានា នៅក្នុងតំបន់ថែមទៀតផង”៕

មហាសន្និបាត​ APA ផ្ដោតសំខាន់ ការលើកកម្ពស់ វប្បធម៌អហិង្សា និងវប្បធម៌សន្ទនា