អង្គរវត្ត​រកចំណូលបាន​ជិត៦លាន​ដុល្លារ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥

អង្គរវត្ត​រកចំណូលបាន​ជិត៦លាន​ដុល្លារ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥

ចំណូល​ដែល​បាន​មកពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​របស់​ភ្ញៀវ​បរទេស​នៅ​ប្រាសាទអង្គរវត្ត​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥ បាន​ចំនួន៥.៨៧៥.៤០០ដុល្លារ​អាម៉េរិក ដែល​កើន​ឡើង​បើ​ប្រៀបធៀប​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៤។ ការ​កើន​ឡើង​នេះ​មាន​ចំនួន៥,៧១ភាគរយ។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា។

 

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​ពី​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់ ១១ខែ ឆ្នាំ ២០១៥ គឺ​ភ្ញៀវ​ទេសចរ​ទិញ​បណ្ណ​មាន​ចំនួន១.៨៧៧. ៤៣៧នាក់​កើនឡើង២,២១ភាគរយ បើ​ប្រៀបធៀប​នឹង១១ខែ ឆ្នាំ២០១។ រីឯ​ចំណូល​ដុល​មាន​ចំនួន​សរុប៥៣.៥៥៦.៤៨០ដុល្លារ​គឺ​កើនឡើង១,១៥ភាគរយ​បើ​ធៀប​នឹង ១១ខែ ឆ្នាំ២០១៤។

 

របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៥ ក៏បាន​បង្ហាញថា​ នៅក្នុង​ ខែ ​វិច្ឆិកា ឆ្នាំ២០១៥នេះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប​មាន​ចំនួន ២០០.០៨៤ នាក់។ ចំណែក​ចំណូល​សរុប​មាន​ចំនួន៥.៨៧៥.៨០០ដុល្លារ។ គឺ​កើនឡើង៥,៧១ភាគរយ​បើ​ធៀប​នឹង​ចំណូល​កាល​ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៤។

 

 
អង្គរវត្ត​រកចំណូលបាន​ជិត៦លាន​ដុល្លារ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥

 

 

របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ក៏បាន​បង្ហាញ​ថា​កាលពី​ឆ្នាំ២០១៣ មាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប២.០២១.៧១៥ នាក់​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​រមណី​យ​ដ្ឋា​ន​អង្គរ។ចំណែក​ចំណូល​ប្រចាំឆ្នាំ២០១៣មាន​ចំនួន៥៧.៦៨៧.៦៨០ដុល្លារ អាម៉េរិក។ រីឯ​ឆ្នាំ២០១៤មាន​ភ្ញៀវទេសចរ​បរទេស សរុប២.០៥៩.៧០២នាក់ នឹង​ទទួលបាន ចំណូល៥៩.៣៤២.០០០ ដុល្លារ​អាម៉េរិក។
 

សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន​បានសម្រេច​ថា យោងតាម​សំណើ​របស់​ក្រុមហ៊ុន​សុខាអូតែល​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​កិច្ចសន្យា​ស្តីពី​ការប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ជាមួយ​ក្រុមហ៊ុន សុខា អូ​តែ​ល នឹង​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​បទដ្ឋាន​គតិយុត្ត​ក្នុងការ​បង្កើត​និង​ការដាក់​ឲ្យ​ដំណើរការ​សហគ្រាស​សាធារណៈ​ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សាភិបាល​មួយ​ដើម្បី​គ្រប់គ្រង​ការងារ​នេះ។ សហគ្រាស​សាធារណៈ​នេះ គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរការ​ការងារ​រប​ស់​ខ្លួន​នៅ​ដើមខែ​មករា ឆ្នាំ២០១៦ខាងមុខ​តទៅ។

 
អង្គរវត្ត​រកចំណូលបាន​ជិត៦លាន​ដុល្លារ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥

 

កាលពី​ថ្ងៃទី១២ ខែ​ វិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការ​លក់​បណ្ណ​ចូល​ទស្សនា​អង្គរ​ដែល​មាន​លោក ជូ វិ​ជិ​ត្ត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ប្រធាន​និង​សមាជិក១០រូប។  គណៈកម្មការ​នោះ​មានមុខ​ងារ​និង​ភារកិច្ច​ដូចជា​រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង​ការ​កាន់កាប់​បញ្ជី​គណនេយ្យ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​ក៏ដូចជា​ការផ្ទេរ​បុគ្គលិក​និង​ភារកិច្ច​នានា​ពី​ក្រុមហ៊ុន​សុខាអូតែល​មក អាជ្ញាធរ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​នឹងត្រូវ​បង្កើតឡើង​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ។ ពិនិត្យ​វាយតម្លៃ​និង​ចរចា​ជាមួយ​ក្រុមហ៊ុន​សុខាអូតែល​អំពី​ការទូទាត់​គ្នា​នូវ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដែល​មាន​ការពាក់ព័ន្ធ។ រៀបចំ​នូវ​លិខិត​បទដ្ឋាន​ចាំបាច់​នានា​ជូន​រាជរដ្ឋាភិបាល​ដើម្បី​បង្កើត​គ្រឹះ​ស្ថានសាធារណៈរដ្ឋបាល​សម្រាប់​គ្រប់គ្រង​ចំណូល​ដែល​បាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​អង្គរ។
 

សេចក្តី​សម្រេច​របស់​គណៈ​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា      បុគ្គលិក​ទាំងអស់​រប​ស់​ក្រុមហ៊ុន សុខា អូ​តែ​ល ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ប្រមូល​ចំណូល​នេះ​នឹង​បន្ត​ការងារ​របស់​ខ្លួន​ដដែល​ក្រោម​ការគ្រប់គ្រង​របស់​ស​ហ​គ្រាស​សាធារណៈ​របស់​រដ្ឋ​នេះ៕
 

អត្ថបទ៖ លោក ច័ន្ទ​តារា

ប្រភព៖ ខ្មែរដេលី