នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​ទីតាំង​ស្តុក​-​ចែកចាយ​សំបក​-​ពោះវៀន​កង់​ម៉ូតូ​រំលោភសិទ្ធិ​ក្រុមហ៊ុន

ខេត្ត​បាត់​ដំបង ៖ សមត្ថកិច្ច​នគរបាល​នាយក​ដ្នា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ធ្នូ ២០១៥ បាន​ចុះ​បង្ក្រាប​ទីតាំង​នាំ​ចូល ស្តុក លក់ និង​ចែកចាយ​សំបក​-​ពោះវៀន​កង់​ម៉ូតូ ដែល​រំលោភ​លើ​កម្មសិទ្ធិ​ក្រុមហ៊ុន​មួយ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១៧ ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ។

ករណី​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​អនុ​ញ្ញា​ពី​លោក​ឧត្តមសេនីយ៍ឯក ជា សុ​មេធី អគ្គស្នងការ​រង​នគរ​ន​បាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឲ្យ​កម្លាំង​របស់​លោក​ចុះ​ទៅ​សហការ​ជា​មួ​សមត្ថកិច្ច​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក គឺ ប៊ុ​ណ្ណា​រ៉ា ព្រះ​រា​ជ្ញា​រង​ខេត្តបាត់ដំបង ។

លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង ស្រេង បាន​ឲ្យ​ដឹង​ថា ទីតាំង​នាំ​ចូល ស្តុក លក់ និង​ចែកចាយ​សំបក​-​ពោះវៀន​កង់​ម៉ូតូ​នេះ​មាន​ម្ចាស់​ឈ្មោះ តាំង គឹ​ម​ឡុ​ង បាន​រំលោភ​លើ​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន គង់ ងួ​ន គ្រុប អាហរ័ណ នីហរ័ណ ព្រមទាំង​ដកហូត​វត្ថុ​តាង​ សំបក និង​ពោះវៀន​កង់ ទោចក្រយានយន្ត​ម៉ាក IRC ដូច​មាន សំបក​កង់​ចំនួន​១៨៦​សំបក​, ពោះវៀន​កង់​៦៣០​ពោះវៀន ។

ក្រោយ​ធ្វើការ​ឆែកឆេរ វត្ថុ​តាង​ដែល​ដកហូត​បាន និង​ម្ចាស់ផ្ទះ ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕