មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បិទ​គ្លីនិក​ឯកជន​របស់​ជនជាតិ​ចិន​មួយ​កន្លែង​នៅ​ស្រុក​ក្រឡាញ់

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​សមត្ថកិច្ច ចុះ​ទៅ​បិទ​គ្លីនិក​ព្យាបាល​ជំងឺ​ខុស​ច្បាប់​មួយ​កន្លែង ដែល​ជា​របស់​ជនជាតិ​ចិន នៅ​ស្រុក​ក្រឡាញ់ ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ។ ក្នុង​ពេល​ចុះ​អនុវត្ត​ច្បាប់​បិទ​កន្លែង​ទទួល​ព្យាបាល​ជំងឺ​នោះ មន្ត្រី​ជំនាញ​បាន​ដក​ហូត​យក​ថ្នាំពេទ្យ​ច្រើន​ប្រភេទ​ចំនួន​ជាង ១​ម៉ឺន ៤​ពាន់​គ្រាប់ ព្រម​ទាំង​សេរ៉ូម​ជាង ៣២០​ដប​ទៀត។

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​អះអាង​ថា គ្លីនិក​មួយ​កន្លែង​ដែល​មាន​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​បើក​ព្យាបាល​ជំងឺ​ដោយ​រក​កម្រៃ​ពី​អ្នក​ភូមិ​ជនបទ​នៅ​ស្រុក​ក្រឡាញ់ គឺ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ទាំង​កន្លែង​ព្យាបាល ឯ​គ្រូពេទ្យ​ទៀតសោត ក៏​មិន​មាន​លិខិត​ទទួល​ស្គាល់​ពី​សមាគម​គ្រូពេទ្យ​កម្ពុជា ទេ។ ដោយសារ​ការ​រក​ឃើញ​បែប​នេះ មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ចុះ​ទៅ​បិទ​គ្លីនិក​ឯកជន​មួយ​នោះ ព្រម​ទាំង​ដក​ហូត​យក​ថ្នាំពេទ្យ​ជាង ១​ម៉ឺន ៤​ពាន់​គ្រាប់ និង​សេរ៉ូម​ជាង ៣២០​ដប​ទៀត ដែល​នាំ​ចូល​មក​ព្យាបាល​ដោយ​ខុស​ច្បាប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប គឺ​លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៩ ខែ​ធ្នូ ថា ទាំង​គ្លីនិក​ដែល​ទទួល​ព្យាបាល​អ្នក​ជំងឺ​នោះ គឺ​មិន​មាន​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ទេ ឯ​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​អ្នក​ព្យាបាល​ជំងឺ ក៏​មិន​មាន​លិខិត​ទទួល​ស្គាល់​វិជ្ជាជីវៈ​ពី​សមាគម​គ្រូពេទ្យ​កម្ពុជា ដែរ។ លោក ក្រូស សារ៉ាត់ បញ្ជាក់​ថា មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប មិន​អាច​អនុញ្ញាត​ឲ្យ​គ្លីនិក​ឯកជន​បែប​នេះ បន្ត​ទទួល​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ខ្មែរ​ត​ទៅ​ទៀត​ទេ៖ «កន្លែង​ហ្នឹង គឺ​គាត់​អត់​សុំ​ច្បាប់​អត់​អី យើង​ហៅ​គាត់​ទៅ​ព្រមាន ខ្សឹប​ប្រាប់​ហើយ​អី​ហើយ គាត់​នៅ​តែ​មិន​សុំ​ច្បាប់​មិន​រៀបចំ អ៊ីចឹង​តាម​គោលការណ៍​លុប​បំបាត់​មុខ​របរ​ខុស​ច្បាប់ គឺ​ត្រូវ​តែ​មាន​វិធានការ»

បិទ​គ្លីនិក​នៅ​ខេត្ត​សៀមរាប ៦២០
គ្លីនិក​ឯកជន​របស់​ស្ត្រី​ជនជាតិ​ចិន នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ចុះ​ទៅ​បិទ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Hang Savyouth

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជិត​កន្លែង​ព្យាបាល​របស់​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​នោះ ឲ្យ​ដឹង​ថា ឧបករណ៍​ខ្លះ​ដែល​គេ​យក​ទៅ​ព្យាបាល គឺ​មិន​សូវ​មាន​អនាម័យ​ត្រឹមត្រូវ​ទេ ហើយ​គ្លីនិក​នោះ​ពេល​ខ្លះ​ក៏​ទទួល​ធ្វើ​ការងារ​ដែល​ច្បាប់​ហាម​ឃាត់​ដែរ ដូចជា សេវា​រំលូត​កូន បើ​ទោះ​បី​ជា​ស្ត្រី​ខ្លះ​មាន​ផ្ទៃពោះ​រហូត​ដល់ ៩​ខែ​ហើយ​ក៏ដោយ ក៏​គេ​ហ៊ាន​រំលូត​ដែរ ឲ្យ​តែ​សាមី​ខ្លួន​ឲ្យ​ប្រាក់​ថ្លៃ​ព្យាបាល​ខ្ពស់។

អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប ដែល​ចុះ​ទៅ​អនុវត្ត​ការ​បិទ​គ្លីនិក​នោះ លោក អ៊ាប ប៊ុនលឿន មាន​ប្រសាសន៍​ថា លោក​បាន​សម្រេច​បិទ​កន្លែង​ព្យាបាល​ខុស​ច្បាប់​នេះ​ជា​ស្ថាពរ ព្រម​ទាំង​ដក​ហូត​យក​ថ្នាំ និង​សេរ៉ូម​ទាំងអស់។ ចំណែក​ឯ​អ្នក​ពាក់ព័ន្ធ​នឹង​គ្លីនិក​នេះ​មួយ​ចំនួន​ទៀត នឹង​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​បន្ត៖ «យើង​ចុះ​មក​ថ្ងៃ​នេះ ដោយសារ​គាត់​ជ្រក​នៅ​ក្រោម​ស្លាក​សមាគម​គ្រូពេទ្យ​គុណធម៌ ដែល​យើង​មាន​ការ​លំបាក​ក្នុង​ការ​ដឹង ប៉ុន្តែ​ពេល​យើង​បាន​ព័ត៌មាន​ច្បាស់​ទើប​ចុះ​មក​បិទ»

គ្លីនិក​ឯកជន​ទទួល​ព្យាបាល​អ្នក​ជំងឺ​នៅ​ទី​ជនបទ​មួយ​នេះ បាន​ជ្រក​នៅ​ក្រោម​ស្លាក​របស់​សមាគម​គ្រូពេទ្យ​គុណធម៌ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ឲ្យ​ធ្វើ​សកម្មភាព​តាំង​តែ​ពី​ឆ្នាំ​២០០៦ មក ក៏ប៉ុន្តែ​អ្វី​ដែល​ខុស គឺ​លក្ខន្តិកៈ​របស់​សមាគម​គ្រូពេទ្យ​គុណធម៌ ដែល​ក្រសួង​មហាផ្ទៃ ចេញ​ច្បាប់​អនុញ្ញាត​នោះ មាន​ធ្វើ​សកម្មភាព​តែ​ដើរ​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​អនាម័យ និង​ការ​ថែទាំ​សុខភាព​ប៉ុណ្ណោះ មិន​ទទួល​ព្យាបាល​ជំងឺ​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី ស្ត្រី​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​គ្លីនិក​នេះ បាន​ត្រឹម​តែ​ឈរ​មើល​អាជ្ញាធរ​បិទ​កន្លែង​របស់​គេ ប៉ុន្តែ​មិន​ហ៊ាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។