ប្តឹង​ថា​ចោរ​ចូល​ប្លន់ សមត្ថកិច្ច​ទៅ​ស្រាវជ្រាវ​សន្និដ្ឋាន​ថា​ជា​រឿងប្រឌិត​ព្រោះតែ​ល្បែងស៊ីសង

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​បាន​ប្រឌិត​រឿង​ទៅ​ប្តឹង​សមត្ថកិច្ច​ថា​ចោរ​ចូល​ប្លន់​យក​លុយ​អស់ និង​ខ្សែ​ក​៥​ជី ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​គ្មាន​ឃើញ​ស្លាកស្នាម​អ្វី​សោះ ហើយ​ប្រភព​ពី​អ្នក​ជិតខាង​ថា​ស្ត្រី​ម្នាក់​នេះ​ជា​មនុស្ស​ធ្លាប់​លេងល្បែង​ទៀត ក៏​សន្និដ្ឋាន​ជា​រឿងប្រឌិត ។ ដែល​ហេតុការណ៍​ប្រឌិត​រឿង​ប្តឹង​សមត្ថកិច្ច​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ២០១៥ នៅ​ប៉ុស្តិ៍​នគរបាល​ស្រុក​ជុំ​គិរី ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​ដែល​កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​ទាំង​នគរបាល យោធា កងរាជអាវុធហត្ថ​ទូ​ទាំង​ខេត្ត កំពុង​តែ​មាន​ភារកិច្ច​មមាញឹក​ក្នុង​ការ​ត្រៀមលក្ខណៈ​ដើម្បី​រៀបចំ​ការពារ​យ៉ាង​ហ្មត់ចត់​នា​ថ្ងៃ​បុណ្យ​សមុទ្រ​កាន់តែ​ខិតចូល​មក​ដល់​ខាង​មុខ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ២០១៥​នេះ មាន​របាយការណ៍​នគរបាល​ស្រុក​ជុំ​គី​រី​រាយការណ៍​មក​កាន់​ស្នងការ​ខេត្ត​ថា មាន​ប្រជាជន​ម្នាក់​មក​ប្តឹង​នគរបាល​ស្រុក​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ធ្នូ ២០១៥​នេះ មាន​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើម បាន​ចូល​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​មាន​មនុស្ស​នៅ​ក្នុងផ្ទះ​៣​នាក់​ម្តាយ​និង​កូន​តូច ប្តី​មិន​នៅផ្ទះ ហើយ​បាន​ចាប់​ស្ត្រី​ជា​ម្ចាស់​ចងស្លាបសេក រួច​ទះកំភ្លៀង​២-៣​ដៃ​ចំ​ៗ​កណ្តាល​មុខ ព្រម​រើ​កកាយ​ក្នុងផ្ទះ​យក​លុយ​អស់​ចំនួន​១​លាន​៤​សែន​រៀល និង​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​៥​ជី រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ដោយ​គ្មាន​អ្នក​ជិតខាង​ណា​ម្នាក់​ដឹង​ឡើយ ។

ប្រភព​រាយការណ៍​នោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ក្រោយ​ពេល​ក្រុម​ចោរ​ចេញ​បាត់​អស់ ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​ស្រាយ​ខ្សែចំណង​ដោយ​ខ្លួនឯង​តាំងពី​ម៉ោង​២​រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​ទើប​រួច​ចំណង ហើយ​មក​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​ត្រូវ​បាន​លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង និង​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​របាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​ជុំ​គី​រី លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា បញ្ជា​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយឯក គង់ សុ​ខន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ ។

លោក​បន្ត​ទៀត​ថា នៅ​ពេល​ពិនិត្យ​ស្លា​ម​ស្នាម​ទាំង​៦​ចំណុច​ដែល​ម្ចាស់ផ្ទះ​បាន​រាយការណ៍​នោះ សមត្ថកិច្ច​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ប្លែក​ដូច​បាន​រាយការណ៍​សោះ ។ ចំណុច​ទី​១-​ថា​ក្រុម​ចោរ​បាន​វាយ​កញ្ចក់​ទ្វារ​ចូល ពិនិត្យ​ទៅ​គ្មាន​បំណែក​កញ្ចក់​ទេ​, ទី​២-​ថា​ពួក​វា​ចូល​ដល់​ចាប់ចង​ស្លាបសេក​អស់​រយៈពេល​២​ម៉ោង មើលទៅ​កដៃ ដែល​ថា​ចោរ​ចង​នោះ​គ្មាន​ឃើញ​ស្លាកស្នាម​អ្វី​សោះ​, ទី​៣-​ថា​ចោរ​ទះកំភ្លៀង​យ៉ាង​ខ្លាំង​ជា​ច្រើន​ដៃ​ក៏​គ្មាន​ឃើញ​ស្លាកស្នាម​បន្តិច​សោះ​, ទី​៤-​ថា​ពួក​វា​ចូល​រើ​កកាយ​នៅ​ក្នុងផ្ទះ ក៏​គ្មាន​ឃើញ​របស់របរ​ក្នុងផ្ទះ​រប៉ាត់រប៉ាយ គឺ​នៅ​ស្អាត​ទាំងអស់​, ទី​៥-​ថា​ចោរ​ពាក់​ស្បែកជើង​មាន​ចងខ្សែ​(​ម៉ៃ​ហ្វ៊​ក​) ពិនិត្យ​ជុំវិញ​ផ្ទះ​គ្មាន​ឃើញ​ដានជើង​សោះ និង ទី​៦-​ថា​ក្រុម​ចោរ​២​នាក់​នេះ​ពាក់​ម៉ាស់​មុខ និង​ពាក់​ស្រោមដៃ​ទៀត​ផង ពុំ​ស្គាល់​មុខ​ទេ ។

ដោយ​ចំណុច​ដែល​ស្ត្រី​ម្ចាស់ផ្ទះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ទាំង​៦​ចំណុច​ហាក់ដូចជា​គ្មាន​ការ​ពិត​ទាំងអស់​ក្រោយ​ពេល​សមត្ថកិច្ច​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ មាន​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បាន​ផ្តល់​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កន្លង​មក​ស្ត្រី​ម្នាក់​នេះ​ជា​មនុស្ស​ធ្លាប់​លេងល្បែង និង​ធ្លាប់​យក​ខ្សែ​ក​ដែល​ថា​ចោរប្លន់​នេះ​ទៅ​បញ្ចាំ​ទៀត​ផង រីឯ​ប្តី​ប្រ​ព​ន្ឋ​អ្នក​ទាំង​ពីរ​ពុំ​សូវ​ស៊ីចង្វាក់​គ្នា​ទេ ប្រហែលជា​ប្តី​ធ្លាប់​ដឹង​ថា ប្រ​ព​ន្ឋ​លេងល្បែង​ក៏​មិនដឹង ទើប​ថ្ងៃ​កើតហេតុ​នោះ​ប្តី​ជា​អ្នក​ឡាន​មិន​ចូល​ដេក​ផ្ទះ​ទេ គឺ​ប្តី​នៅ​ដេក​ក្នុង​ឡាន​នៅ​ឯ​ថ្នល់​ខាងក្រៅ​ផ្ទះ​ឯណោះ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​ខាងលើ​គឺជា​ករណី​ប្រឌិត​រឿង​ដោយ​ខ្លួនឯង​ដោយសារ​តែ​ល្បែងស៊ីសង ៕

សូម​បញ្ជាក់​ថា ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដែល​បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​នេះ​មានឈ្មោះ អ៊ឹ​ង ស្រី​មុំ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត ៕