កណ្តាស់​តែមួយ​ឆែត​អាច​ចម្លងជំងឺ​ទៅ​មនុស្ស​ពេញ​មួយ​បន្ទប់​បាន​

កណ្តាស់​តែមួយ​ឆែត​អាច​ចម្លងជំងឺ​ទៅ​មនុស្ស​ពេញ​មួយ​បន្ទប់​បាន​

​បើ​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ HealthDay News កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ ដំណក់​ទឹកតូចៗ​ដែល​លេច​ចេញ​ពី​ការ​កណ្តាស់​របស់​មនុស្ស​ម្នាក់​អាច​សាយភាយ​ទៅ​ពេញ​បន្ទប់​មួយ​បាន​តែ​ក្នុង​ពេល​ប៉ុន្មាន​នាទី តែប៉ុណ្ណោះ​។ របកគំហើញ​ថ្មី​នេះ​នឹង​ត្រូវ​ធ្វើ​ការបង្ហាញ​នៅក្នុង​ការប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម the American Physical Society in Mobile, Ala. ។​

​កន្លងមក គេ​បានដឹង​ហើយ​ថា​កណ្តា​ស់អា​ច​ចម្លងជំងឺ​ជាច្រើន​បាន ដូចជា​កញ្ជ្រឹល​និង​គ្រុនផ្តាសាយ​ជាដើម ពីព្រោះ​វីរុស​ដែល​បង្កប់ខ្លួន​នៅក្នុង​ដំណក់​ទឹកតូចៗ​របស់​កណ្តាស់​អាច​ត្រូវ​អ្នកដទៃ​ដកដង្ហើម​ស្រូប​យក​ចូល​ទៅក្នុង​ខ្លួន ឬ​ក៏​ធ្លាក់​ទៅទើរ​លើ​អ្វី​មួយ​រួច​ចម្លង​ទៅ​អ្នកណា​ដែល​មក​ប៉ះ​អ្វី​នោះ​។ ក៏​ប៉ុន្តែ​គេ​មិន​បានដឹង​ទេ​ថា តើ​ដំណក់​ទឹកតូចៗ​របស់​កណ្តា​ស់វា​សាយភាយ​ទៅ​យ៉ាងណា ឬក៏​ថា​តើ​អ្នក​ណា​ខ្លះ​ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​ដោយសារ​កណ្តាស់​ជាង​អ្នកណា​។​

ពួក​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន the Massachusetts Institute of Technology (MIT) ដែល​ដឹកនាំ​ដោយ Lydia Bourouiba  បាន​ពិនិត្យ​មើល​ខ្សែ​វីដេអូ​របស់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ពីរ​នាក់ ដែល  កណ្តាស់​ជាច្រើន​ថ្ងៃ​។ គេ​បាន​សង្កេតឃើញថា ដំណក់​ទឹកតូចៗ​របស់​កណ្តា​ស់បាន​សាយភាយ​ទៅ​ពេញ​ក្នុង​បន្ទប់​មួយ ហើយ​ឡើង​ខ្ពស់​រហូត​ទៅ​ដល់​ពិ​តាន​។ គេ​និយាយថា​ដំណក់​ទឹកតូចៗ​របស់         កណ្តាស់​នោះ​វា​បានកកើតឡើង​ក្រោម​ដំណើរការ​មួយ​ដែល​គេ​ហៅថា​"​ពពក​នៃ​កណ្តាស់​ល្បឿន​លឿន high-propulsion sneeze cloud "៖ គឺថា​ដំណក់​ទឹកតូចៗ​នោះ​មិនមែន​កកើតឡើង​នៅពេល​ចេញពី​មាត់​មក​នោះទេ តែ​វា​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ជាច្រើន​ដំណាក់កាល ចាប់ពី​ពេល​ចេញពី​សួត​មក​ដល់​មាត់​និង​បបូរមាត់ មុននឹង​ចូល​ទៅក្នុង​ខ្យល់​។​

គេ​ត្រូវ​ធ្វើ​ការសិក្សា​ជា​បន្ត​ទៀត​អំពី​ឌី​ណាមិក​របស់​កណ្តាស់ ដើម្បី​រក​មើល​ថា​តើ​មាន​អ្វី​ដែល​អាច​បង្ការ​ការ​សាយ​ភាយ​ដ៏​លឿន​នោះ​បាន​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។