ប៉ូលិស​ខណ្ឌ​៧​មក​រា​និង​ប៉ូលិស​ខណ្ឌដង្កោ​សហការ​គ្នា​បំបែកសំបុក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចុះ​បំបែកសំបុក​ក្រុម​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៩ ធ្នូ ២០១៥ ​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ ពិន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​, ២-​ឈ្មោះ ឡេ​ង ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៣- ឈ្មោះ ម៉េ​ង លី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង ៤-​ឈ្មោះ សេង រ​ដ្ឋា ភេទ​ស្រី អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ។ ទាំង​៤​នាក់​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​កន្លែង​ហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ​កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​ចំណុច​មុខ​សាលា​បាក់​ទូក ក្នុង​ខណ្ឌ​៧​មក​រា ដោយ​ឆែកឆេរ​ឃើញ​មាន​គ្រឿងញៀន​៨​កញ្ចប់ និង​ម៉ូតូ​២​គ្រឿង រួច​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​បន្ថែម​ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប ដល់​សំបុក​នេះ​តែ​ម្ដង ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​នៅ​ជនសង្ស័យ​៤​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់​) ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន មាន​ដូច​ជា គ្រឿងញៀន​៣​កញ្ចប់​តូច និង​៣​កញ្ចប់​ធំ​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១, កាំភ្លើងខ្លី​១​ដើម ម៉ាក​ប៉េអា​ល់​កុ​ល​, ម៉ូតូ​៣​គ្រឿង ម៉ាក PCX ពណ៌​ខ្មៅ ១​គ្រឿង ពុំ​មាន​ស្លាក​លេខ ម៉ាកនិ​ច ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1FK-9167  និងម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-6993 ​ព្រម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​តាម​និ​តិ​វិធី​ច្បាប់ ៕