EU គ្មានជំហរផ្តាច់ ជំនួយមកកម្ពុជា តែផ្ទុយទៅវិញ តែងតែមានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ

ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុប លោក George Edgar បានបញ្ជាក់ជំហរនៅចំពោះប្រមុខ ការទូតកម្ពុជា លោក ហោ ណាំហុង ថា សហភាពអឺរ៉ុប ពុំមានគម្រោងណាមួយ ក្នុងកាត់ផ្តាច់ជំនួនមក កម្ពុជានោះទេ ដោយច្រានចោល ការផ្សព្វផ្សាយតាមរយៈបណ្តាញ ព័ត៌មានកន្លងមកថា ជារឿងមិនត្រឹមត្រូវ ខុសពីការពិត។

ការប្រកាសជំហរបស់សហភាពអឺរ៉ុបគឺធ្វើឡើងក្នុងជំនួបរវាង ប្រមុខការទូកកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក George Edgar ឯកអគ្គរដ្ឋទូតស្ថានប្រតិភូ សហភាពអឺរ៉ុប ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ នៅទីស្តីការក្រសួង។

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយជំនួប លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានបញ្ជាក់ថា មានព័ត៌មានជាច្រើនថា សហភាពអឺរ៉ុប បានបោះឆ្នោតអនុម័ត្រ កាត់ជំនួយមកកម្ពុជា សារព័ត៌មានដែលចេញផ្សាយកន្លងមកនេះមិនត្រឹមត្រូវនោះទេ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា “EU នៅតែមានបំណងសហប្រតិបត្តិការល្អជាមួយកម្ពុជា លើគ្រប់វិស័យ”។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថា  សហគមន៍អឺរ៉ុប ព្រមានលុបចោល នូវជំនួយមកកម្ពុជា ក្នុងទំហំទឹកប្រាក់ ប្រមាណជា ៤៣៥លានដុល្លារអាម៉េរិក ក្នុងករណី លោក សម រង្ស៊ី មិនអាចវិលត្រឡប់មក ធ្វើនយោបាយនៅកម្ពុជាវិញបាន៕

EU គ្មានជំហរផ្តាច់ ជំនួយមកកម្ពុជា តែផ្ទុយទៅវិញ តែងតែមានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ