អស់ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ ទើប​ពលរដ្ឋ​ស្រុក​បរិបូរណ៍ សុំ​បង្កើត​សហគមន៍​ការពារ​ព្រៃឈើ​ដោយ​ខ្លួនឯង​

បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលមាន​ព្រំប្រទល់​ជាប់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅតែ​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​នានា ក្នុង​ឃុំ​ពេជ្រ​ចង្វារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រោង​ដាក់​លិខិត​ទៅ​អាជ្ញាធរខេត្ត​សុំ​បង្កើត​សហគមន៍​ការពារ​ព្រៃឈើ​ដោយមាន​ស្នាម​មេដៃ​អ្នកគាំទ្រ​ចំនួន​៦០០​នាក់​នាពេល​ឆាប់ៗ​ខាងមុខ​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពេជ្រ​ចង្វារ បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ព្រៃឈើ​នៅ​សេសសល់​តិចតួច ហើយ​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ក៏ដូចជា​មាន​សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់​។ តំណាង​ប្រជាពលរដ្ឋ​មួយរូប​ដែលជា​អ្នក​ផ្ដួច​ផ្ដើមគំនិត​បង្កើត​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា កន្លងមក​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​បរិបូរណ៍ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ផ្ទុយទៅវិញ​គេ​បែរជា​បណ្ដោយ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច បន្តសកម្មភាព​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​វាយតម្លៃថា ប្រសិនបើ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​ខេត្តកំពង់ឆ្នាំង មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះ គឺ​ប្រាកដជា​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពេជ្រ​ចង្វារ​រួមគ្នា​បង្កើត​សហគមន៍​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ជាមិនខាន​។ ការដែល​ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​រួម​កម្លាំង​គ្នា​ការពារ​ព្រៃឈើ​ដោយ​ខ្លួនឯង គឺជា​រឿង​សំខាន់បំផុត​ព្រោះ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។ តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពេជ្រ​ចង្វារ បាន​បញ្ជាក់ថា ការដែល​ពួកគាត់​ចង់​បង្កើត​សហគមន៍​ការពារ​ព្រៃឈើ​ដោយ​ខ្លួនឯង គឺ​ដោយសារ​ពួកគាត់​ចង់​រក្សា​ព្រៃឈើ​ទុក​ដើម្បី​ទាញយក​អនុផល​និង​ទុក​ឈើ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​អាស្រ័យ​ផល​យូរអង្វែង​៕

T-0324​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង