ជម្លោះដីធ្លី​នៅ​ខេត្តកំពង់ស្ពឺ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​

កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ ក្បួន​ដង្ហែ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​បានធ្វើ​ដំណើរ​មកដល់​ទី​រួម​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ពួកគាត់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​រយៈពេល​៣​ថ្ងៃ​ចេញពី​តំបន់​មាន​ជម្លោះ​។ ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧ បានទាមទារ​យក​ដីធ្លី​របស់​ពួកគាត់​ពី​ក្រុមហ៊ុន​អេ​ច​អិ​ល​អេ​ច និង​ពី​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ វិញ​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ករណី​ក្រុមហ៊ុន​អេ​ច​អិ​ល​អេ​ច និង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​១០០០​គ្រួសារ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​អំពើ​រំលោភ​ឆក់​ប្លន់​ដីធ្លី​នៅ​ស្រុក​ឱ​រ៉ា​ល់ ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​មុខ​សាលាខេត្ត​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​នេះ ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​តាម​លិខិត​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​បញ្ជាក់ថា ពួកគាត់​ដើរ​ឆ្លងកាត់​ពី​ភូមិ​មួយ​ចូល​ភូមិ​មួយ​កាត់​ព្រៃភ្នំ​អស់​រយៈពេល​៣​ថ្ងៃ​ទើប​មក​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ នៅ​ចម្ងាយ​ផ្លូវ​ប្រមាណ​៨០​គីឡូម៉ែត្រ​។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ដីធ្លី​របស់​ពួកគាត់​ជាង​៤០០០​ហិកតា ត្រូវ​ក្រុមហ៊ុន​អេ​ច​អិ​ល​អេ​ច និង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​រំលោភ​យ៉ាង​កំរោល​។

ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា​ករណី​ក្រុមហ៊ុន​អេ​ច​អិ​ល​អេ​ច និង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​១០០០​គ្រួសារ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ មន្ត្រី​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ទៀតថា ច្រើន​ឆ្នាំ​មកហើយ​អាជ្ញាធរ​ស្រុក​ឱ​រ៉ា​ល់ និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ មិនបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​ឲ្យ​ស្របតាម​លិខិត​លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​នោះទេ​។ ផ្ទុយទៅវិញ​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អំពើ​ឆក់​ប្លន់​ដីធ្លី​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ទាំង​២​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ស្រេច​តែ​អំពើ​ចិត្ត​៕

12348388_1506537422975168_134766050_nលោក អ៊ូ សំអួន អភិខេត្តកំពង់ស្ពឺ
7a686598-5e23-4208-9d6a-6225343ecf9dhlh-620