ករណី​ក្រុមហ៊ុន​សាងសង់​កាស៊ីណូ​រំលោភ​លើផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ប៉ោយប៉ែត អាចមាន​ការឃុបឃិត​ពី​មន្ត្រី​ពុករលួយ​

នៅក្នុង​ក្រុង​ប៉ោយប៉ែត សំណង់​ផ្សេងៗ​ដែល​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឬ​សាងសង់​លើ​ច​ញ្ចើ​ម​ផ្លូវជាតិ​និង​ផ្លូវ​រថភ្លើង​ជាដើម នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​ដោយសារតែ​ម្ចាស់​សំណង់​ទាំងនោះ ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត​(Lucky Poi Pet) សាងសង់​អគារ​បន​ល្បែង​រំលោភ​លើផ្លូវ​រថភ្លើង​ដោយ​សេរី ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​សំណង់​សុរិយោដី ក្រុង​ប៉ោយប៉ែត ធ្វើ​មិនដឹង​មក​ឮ​អ្វី​ទាំងអស់​។ ចំណែក​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បែរជា​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​សំណង់​ខុសច្បាប់​កើតឡើង​ព្រោងព្រាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា មន្ត្រី​សុរិយោដី​ថ្នាក់ក្រុង ថ្នាក់​ខេត្ត និង​មន្ត្រី​អាជ្ញាធរ គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត អាច​សង់​អគារ​រំលោភ​លើដី​ផ្លូវ​រថភ្លើង​ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រី​សង្គម​ស៊ីវិល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត សង់​អគារ​រំលោភ​លើដី​ផ្លូវ​រថភ្លើង​របស់​រដ្ឋ​ដែលមាន​ទទឹង​ប្រមាណ​៤​ម៉ែត្រ និង​បណ្ដោយ​ជាង​១០​ម៉ែត្រ ជាប់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ស្នាក់ការ​ការិយាល័យ​គយ​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ជំនាញ​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត សាងសង់​អគារ​បន​ល្បែង​រំលោភ​លើដី​ផ្លូវ​រថភ្លើង​យ៉ាង​គឃ្លើន​។ ទីតាំង​សាងសង់​អគារ​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត គឺជា​អតីត​អគារ​ការិយាល័យ​ប្រៃសណីយ៍​ក្រុង​ដែលមាន​ទទឹង​ប្រមាណ​៤០​ម៉ែត្រ​គុណ​នឹង​៧០​ម៉ែត្រ​។ កាស៊ីណូ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់​ឈ្មោះ ភួ​ន ផេង ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ​២០១៥ ហើយ​មកដល់ពេលនេះ​បានសម្រេច​ប្រមាណ​៨០​ភាគរយ​ហើយ ប៉ុន្តែ​ប្រហែល​ម្ចាស់​អគារ​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​សាងសង់​អគារ​បន​ល្បែង​រំលោភ​លើដី​ផ្លូវ​រថភ្លើង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

plov-2លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ
image​អគារ​កាស៊ីណូ​ឡាក់​គី​ប៉ោយប៉ែត ​