Arsenal និង Chelsea ទៅវគ្គ១៦ក្រុមចុងក្រោយនៃ Champions League

ខ្សែ​ប្រយុទ្ធ Olivier Giroud បានក្លាយ​ជា​វីរ​បុរស​​របស់​ក្រុម Arsenal ខណៈ​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ និង Chelsea បាន​ទទួល​​ជ័យ​ជម្នះកាល​ពី​ថ្ងៃ​​ពុធ ដើម្បី​​ឈាន​ទៅ​ប្រកួត​​វគ្គ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​១៦ក្រុម​ចុង​ក្រោយនៃក្រប​ខ័ណ្ឌ Champions League​។ ក្រុម​មាន​មូល​ដ្ឋាននៅ​ទីក្រុង​​ឡុងដ៍​ទាំង​ពីរ បាន​ធ្វើ​ការ​អប​អរ និង​រីក​រាយ​ខ្លាំង​​នៅ​រាត្រី​ប្រកួត​​ចុងក្រោយ​ក្នុង​ពូល ខណៈ​ដែល Arsenal បាន​កត់​ត្រា​ជ័យ​ជម្នះ ៣-០ នៅ​លើ​ទឹក​ដីក្រុម Olympiakos ហើយ Chelsea បាន​យក​ឈ្នះ​លើ​ក្រុម Porto ក្នុង​លទ្ធ​ផល ២-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅលើ​កំពូលតារាង​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Roma, Dynamo Kiev និងក្រុម​របស់​បែល​ហ្ស៊ិក Gent ក៏​បាន​ឈ្នះកៅ​អី​​របស់​ពួក​គេ​ឈាន​ទៅ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផងដែរ​។
ollie-giroud-008
Arsenal ត្រូវ​តែ​​ធ្វើការ​ស្រោច​ស្រង់​ចំពោះ​ការ​រងប​រា​ជ័យ ៣-២ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Olympiakos កាល​ពី​ពេលមុននេះ​ក្នុង​រដូវកាល​នេះ នៅ​ពេល​ដែល​​ពួក​គេ​​បាន​ជួប​ក្រុម​ម្ចាស់​ជើង​ឯក​របស់​ក្រិក​មួយ​នេះ​នៅ​ក្រៅ​ដី​​​ក្នុងការ​ប្រកួត​ពូល F​។ ក្រុម​របស់​លោក Arsene Wenger បាន​រង​បរា​ជ័យ​ក្នុង​ទីក្រុង Piraeus ចំនួន​៣លើក​ក្នុង​​ប៉ុន្មាន​រដូវកាល​ថ្មី​ៗ​នេះ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Giroud បាន​ជួយ​ឲ្យ​ពួកគេ​មានគ្រាប់​បាល់​នាំ​មុខមុន​ក្នុង​តង់​ទី​១ និង​បាន​បន្ថែមការ​នាំ​មុខ​នោះក្នុង​រយៈ​ពេល​ដ៏ខ្លី​បន្ទាប់​​ចាប់​ផ្តើម​លេង​ក្នុង​​តង់​ទី​២​ក្រោ​យពីមានការ​លេង​យ៉ាង​ល្អ​​ពីសំណាក់​កីឡាករ Joel Campbell​។ បន្ទាប់​មក Giroud បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅនាទី ទី​៦៩​ដើម្បី​​ជួយ​ឲ្យក្រុម Arsenal ឈាន​​ទៅ​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ​​ក្នុង​រដូវកាល​ទី​១៦​ជាប់​ៗ​គ្នា បើ​ទោះ​​បីបញ្ចប់​ក្នុង​ចំណាត់​​ថ្នាក់​លេខ​២​ក្នុង​ពូល​របស់​ពួក​គេ​​ដែល​អាច​នឹង​ធ្វើឲ្យ​ពួកគេ​ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម Real Madrid ឬ  Barcelona នៅ​ជុំ​បន្ទាប់​ក៏ដោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia