ប្រាសាទ​​​អង្គរវត្ត​​​មាន​​​ទំហំ​​ធំ និង​​​មាន​​​ភាព​​​ស្មុគស្មាញ​ជាង​​​ការ​​​​​​គិត​​​

ក្រុម​​​អ្នកស្រាវជ្រាវ​​​បុរាណ​​​វិទ្យា​​​​​​បាន​​​រក​​​ឃើញ​​​អាថ៌កំបាំង​​​ថ្មី​​​ៗ​​​មួយ​​​​​​ចំនួន​​​អំពី​​​តំបន់​​​ប្រវត្តិសាស្ត្រ​​​អង្គរ​​​ រួម​​​មាន​​​ដូច​​​ជា​​​ ភ័ស្តុ​​​តាង​​​នៃ​​​របាយ​​​ប្រជា​​​ជន​​​ដែល​​​រស់​​​នៅ​​​រង្វើល​​​ៗ​​​ពី​​​គ្នា​​​​​​របាំង​​​ការ​​​ពារ​​​ព័ទ្ធជុំវិញ​​​អង្គរ​​​វត្ត និង​​​សំណង់​​​រាង​​​ដូច​​​គូទខ្យង​​​ដ៏​​​ធំ​​​ដែល​​​ “ពិបាក​​​ពន្យល់​​​” ។

លោក​​​ រ៉ូឡែន ហ្លិត​​​ឈ័រ (Roland Fletcher)  ដែល​​​ដឹក​​​នាំ​​​ក្រុម​​​អ្នក​​​ជំនាញ​​​មក​​​ពី​​​សាកល​​​វិទ្យា​​​ល័យ​​​សីុដនី (University of Sydney) វិទ្យាស្ថាន​​​ French School of the Far East និង​​​អាជ្ញាធរ​​​អប្សរា​​​ បាន​​​លើក​​​ឡើង​​​ថា លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​ខុស​​​ពី​​​ការ​​​សន្និដ្ឋាន​​​លើក​​​មុន​​​អំពី​​​ទំហំ​​​នៃ​​​បរិវេណ​​​ប្រសាទ​​​អង្គរវត្ត​​​ និង​​​លក្ខណៈ​​​ពិសេស​​​របស់​​​ប្រាសាទ​​​ផ្សេង​​​ៗ​​​ទៀត​​​ ក្នុង​​​តំបន់​​​នេះ​​​។

cam-photo-map-angkor-watលទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ដែល​​​ចេញ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​នៅ​​​ក្នុង​​​​​​ព្រឹត្តិបត្រ​​​របស់​​​សាកលវិទ្យាល័យ Cambridge នៅក្នុង​​​សប្តាហ៍​​​នេះ គឺ​​​​​​មានភាពលុបលើ​​​​​​លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​៥ឆ្នាំ​​​មុន​​​ ដោយ​​​ការ​​​ធ្វើ​​​កំណាយ ការ​​​ប្រើ​​​ប្រព័ន្ធ​​​រ៉ាដា​​​ឆ្លុះ​​​ចូល​​​ក្នុង​​​ដី​​​ និង​​​បច្ចេក​​​វិទ្យា​​​ Lidar ជា​​​ប្រព័ន្ធ​​​​​​​​​​​​​​វាស់​​​វែង​​​ចម្ងាយ​​​ដោយ​​​​​​វិភាគ​​​លើ​​​ពន្លឺ​​​​​​ដែល​​​ឆ្លុះ​​​បញ្ចាំង​​​គោល​​​ដៅ​​​បួក​​​​​​រួម​​​ជាមួយ​​​កា​ំរស្មី ឡាស៊ែ ដែ​​​ល​​​បាញ់​​​​​​ពី​​​លើ​ចុះ​​​ទៅ ​​​ក្រោម​​​​។

លោក​​​ ហ្លិតឈ័រ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ការ​​​សន្និ​​​ដ្ឋាន​​​លើក​​​មុន​​​អំពី​​​លក្ខណៈ​​​របស់​​​អង្គរវត្ត​​​គឺ​​​ថា វា​​​គឺ​​​ជា​​​ក្រុង​​​តូច​​​ៗ​​​។ ហេតុ​​​ដូច្នេះ​​​ប្រាសាទ​​​ធំៗ​​​​​​នីមួយ​​​ៗ​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា​​​ជា​​​រាជ​​​ធានី​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “អ្វី​​​ដែល​​​គម្រោង​​​នេះ​​​បង្ហាញ​​​គឺ​​​ថា អង្គរវត្ត​​​មិន​​​មែន​​​ជា​​​ក្រុង​​​តូច​​​ៗ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ជា​​​ច្រើន​​​ នោះ​​​ឡើយ​​ វា​​​គឺ​​​ជា​​​ទី​​​ក្រុង​​​ដ៏​​​ធំ​​​មួយ​​​”។ លោក​​​បាន​​​ពន្យល់​​​ថា ប្រព័ន្ធ​​​ផ្លូវ​​​ធំៗ​​​ដែល​​​មាន​​​ការ​​​រៀបចំ​​​បាន​​​យ៉ាង​​​ល្អ​​​​​​ ​​​និង​​​ផ្ទះ​​​គឺ​​​មាន​​​ហួស​​​ពី​​​បរិវេណ​​​ ប្រាសាទ​​​ដែល​​​មាន​​​របាំង​​​ហ៊ុម​​​ព័ទ្ធ​​​​​​ទៅ​​​ទៀត​​​ ហើយសុទ្ធតែមាន​​​មនុស្សរស់នៅ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ពួក​​​វា​​​ [ប្រាសាទ​​​] សុទ្ធ​​​តែ​​​កប់​​​នៅ​​​ក្រោម​​​ប្រព័ន្ធ​​​ដ៏​​​ធំ​​​នេះ​​​​​​ ប្រព័ន្ធ​​​នេះ​​​​​​គឺ​​​វា​​​ជាប់​​​ៗ​​​គ្នា​​​”។ ការ​​​រក​​​ឃើញ នេះ​​​​​​ ជាលទ្ធផល​​​​​ដ៏មានសារៈ​​​ប្រយោជន៍​​​ខ្លាំង​​​ណាស់​​​សម្រាប់​​​អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​យល់​​​ដឹង​​​អំពី​​​ដង់ស៊ីតេ​​​ប្រជា​​​ពល​​​រដ្ឋ​។

លោក ហ្លិតឈ័រ បាន​​​ថ្លែង​​​ទៀត​​​ថា “របាយ​​​ ប្រជា​​​ជន​​​​​​មិន​​​​​​មាន​​​ដង់សីុតេ​​​ខ្ពស់​​​ទេ​​​​​។នេះ​​​គឺជា​​​​​​តំបន់​​​ដ៏​​​ធំ​​​ទូលាយ​​​”។

ឧទាហរណ៍​​​ដូចជា​​​នៅ​​​ឯ​​​ប្រាសាទ​​​តាព្រហ្ម​​​ជាដើម​​​ អក្សរ​​​ចារិក​​​បង្ហាញ​​​ថា ប្រាសាទ​​​នេះ​​​មាន​​​បុគ្គលិក​​​ចំនួន​​​១២.៦៤០​​​នាក់​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា មាន​​​ការ​​​កំណត់​​​នៅ​​​ក្នុង​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​​​ថា មាន​​​មនុស្ស​​​ត្រឹម​​​តែ​​​២.០០០នាក់​​​ប៉ុណ្ណោះ​​​រស់​​​នៅ​​​ក្នុង​​​បរិវេណ​​​ប្រាសាទ​​​នេះ​​​។

ដង់ស៊ីតេ​​​ប្រជា​​​ជន​​​ត្រូវ​​​បាន​​​កំណត់​​​ផ្អែក​​​លើ​​​​​​ការ​​​យល់​​​ដឹង​​​តាមរយៈ​​​ប្រព័ន្ធ​​​ផ្លូវ​​​ ដោយ​​​តំបន់​​​នីមួយ​​​ៗ​​​មាន​​​ស្រះ​​​ទឹក​​​មួយ​​​ និង​​​ “ផ្ទះ​​​រាង​​​ដូច​​​ពំនូក​​​ជា​​​ច្រើន​​​” ដែល​​​មនុស្ស​​​រហូត​​​ដល់​​​បី​​​គ្រួសារ​​​អាច​​​រស់​​​នៅ​​​បាន​​​។

ប្រធាន​​​ក្រុម​​​អ្នក​​​ជំនាញ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា “ប្រភាគ​​​ដ៏​​​តូច​​​នៃ​​​ចំនួន​​​ប្រជា​​​​​​ ពល​​​រដ្ឋ​​​ទាំង​​​អស់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​អង្គរវត្ត​​​​​​បាន​​​រស់​​​នៅ​​​ក្នុង​​​បរិវេណ​​​ដែល​​​មាន​​​របង​​​ហ៊ុម ព័ទ្ធ​​​ ហើយ​​​មាន​​​មនុស្ស​​​រាប់​​​សែន​​​​​នាក់​​​​​​​​​រស់​​​នៅ​​​ជុំ​​​វិញ​​​បរិវេណនេះ​​​។ បរិវេណ​​​អង្គរវត្ត​​​ទាំង​​​មូល​​​​​​ គឺ​​​ធំ​​​ជាង​​​​​​អ្វី​​​ដែល​​​យើង​​​បាន​​​គិត​​​ទៅ​​​ទៀត​​​”។  លោក​​​បាន​​​ពន្យល់​​​ថា ក្រុម​​​អ្នក​​​ជំនាញ​​​បាន​​​រក​​​ឃើញ​​​តំបន់​​​រស់​​​នៅ​​​ចំនួន​​​ពីរ​​​នៅ​​​សងខាង​​​ផ្លូវ​​​ភាគ​​​ខាង​​​ជើង​​​នៃ​​​តំបន់​​​នេះ​​​ និង​​​សំណង់​​​ដ៏​​​អាថ៌​​​កំបាំង​​​មួយ​​​ទៀត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​។

ក្រុម​​​អ្នក​​​ជំនាញ​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ផង​​​ដែរ​​​ថា ក្រោយពេល​​​អង្គរវត្ត​​​​​​ត្រូវ​​​បាន​​​សាង​​​សង់រួច​​​ជាច្រើនឆ្នាំមក​​​ គេបាន​​​សង់​​​​​​របាំង​​​ការ​​​ពារ​​​ព័ទ្ធ​​​ជំុវិញ​​​តាមក្រោយ​​​។

លោក ហ្លិតឈ័រ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​ “មាន​​​ចន្លោះ​​​ធំៗ​​​​​​​​​តាម​​​ជញ្ជាំង​​​ [ខាង​​​ក្រៅ​​​] នៃ​​​អង្គរ​​​វត្ត​​​។​​​ចន្លោះ​​​ធំ​​​ៗ​​​ទាំង​​​នោះ​​​បិទ​​​ភ្ជិត​​​ដោយ​​​កំបោ​​​ដែល​មាន​​​អាយុកាល​​​ក្រោយ​​​​​​អង្គរវត្ត​​​”។ ​​​លោក​​​បាន​​​បន្ថែម​​​ថា ការ​​​សាង​​​សង់​​​បន្ថែម​​​ទាំង​​​​​​នេះ​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ប្រហែល​​​១០០​​​ឆ្នាំ​​​ក្រោយ​​​មក​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “មានគេ​​​ចង់​​​ការ​​​ពារ​​​អង្គរវត្ត”។​​​​​​បច្ចុប្បន្ន​​​ គ្មាន​​​ភ័ស្តុ​​​តាង​​​បុរាណ​​​វិទ្យា​​​ដើម្បី​​​បង្ហាញ​​​ថា ​​​មាន​​​ការ​​​វាយ​​​ប្រហារទ្រង់ទ្រាយ​​​ធំ​​​​​​ដោយ​​ពលទាហាន​​​​​​កើត​​​ឡើង​​​នៅ​​​ទី​​​នោះ​​​ឡើយ​​​។

ប៉ុន្តែ ការ​​​រក​​​ឃើញ​​​ថ្មី​​​មួយ​​​មាន​​​សំណួរ​​​ច្រើន​​​ជាង​​​ចម្លើយ​​​។

គោល​​​បំណង​​​នៃ​​​សំណង់​​​ដ៏ធំ​​​ដែល​​​រក​​​ឃើញ​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​អង្គរ​​​វត្ត​​​ដែល​​​គ្រប​​​ដណ្តប់​​​លើ​​​ផ្ទៃ​​​ដី​​​ទំហំ​​​១.៥០០ម៉ែត្រ ​​​គុណ​​​៦.០០ម៉ែត្រ​​​នៅ​​​មិន​​​ទាន​​​់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​។

សេច​​​ក្តីផ្តើម​​​នៅក្នុង​​​របាយការណ៍​​​​​​សិក្សា​​​ស្រាវជ្រាវ​​​នេះ​​​លើក​​​ឡើង​​​ថា “សំណង់​​​រាង​​​ដូច​​​គូទខ្យង​​​ដ៏​​​ធំ​​​មាន​​​តែ​​​មួយ​​​គត់​​​ហើយ​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​អាថ៌កំបាំងនេះ​​​​​​ មិន​​​ដែល​​​ត្រូវ​​​ បាន​​​គេ​​​ទទួល​​​ស្គាល់​​​ ឬសូម្បី​​​តែ​​​គិត​​​ទុក ឬ​​​សន្និ​​​ដ្ឋាន​​​ពី​​​មុន​​​មក​​​ឡើយ​​​ ហើយ​​​វា​​​នៅ​​​តែ​​​ពិបាក​​​ពន្យល់​​​។គេនៅមិនទាន់​​​ដឹង​​​នៅឡើយទេ​​​ថា ​​​តើសំណង់​​​នេះ​​​​​​មានទំហំ​​​​​​​​​ប៉ុននៅក្នុង​​​អាណា​​​ចក្រ​​​អង្គរ​​​ឬ​​​យ៉ាងណា​​​នោះ​​​”៕ស៊ុយឈាង

The post ប្រាសាទ​​​អង្គរវត្ត​​​មាន​​​ទំហំ​​ធំ និង​​​មាន​​​ភាព​​​ស្មុគស្មាញ​ជាង​​​ការ​​​​​​គិត​​​ appeared first on ខេមបូឌា ដេលី.