សាក្សី​ថា​ឃើញ​ពួក​ខ្មែរក្រហម​សម្លាប់​ជនជាតិ​វៀតណាម​យក​ប្រមាត់​នៅ​សៀមរាប

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី ព្រំ សារុន អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ខេត្ត​បាត់ដំបង។ អង្គ​ជំនុំជម្រះ​បន្ត​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ឯ​ខេត្ត​សៀមរាប។

សាក្សី​ថ្មី​វ័យ ៦៤​ឆ្នាំ គឺ​លោក អ៊ុំ ស៊ន់ អះអាង​នៅ​ក្នុង​សវនាការ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក​បាន​លួច​មើល​ឃើញ​ពួក​ខ្មែរក្រហម​យក​គ្រួសារ​ជនជាតិ​វៀតណាម ទៅ​សម្លាប់​នៅ​វត្ត​ខ្សាច់ ក្នុង​ភូមិ​យាង ឃុំ​សង្វើយ ស្រុក​ជីក្រែង ខេត្ត​សៀមរាប៖ «សុទ្ធតែ​ជនជាតិ​វៀតណាម ដែល​គេ​សម្លាប់​នោះ។ ឃើញ​បណ្ដើរ​នោះ អ្នក​ដែល​គេ​បណ្ដើរ​នោះ​ចង​ក្រពាត់​ស្លាបសេក។ គេ​ដើរ​បណ្ដើរ​ឆ្វេង​ស្ដាំ តែ​អ្នក​វាយ​គេ​ចាំ​វាយ​ត្រង់​មាត់​ទ្វារ ដែល​នៅ​បៀត​អន្លង់​នោះ។ គេ​ចាំ​វាយ​តែ​ម្នាក់​នោះ។ អ្នក​បណ្ដើរ​គេ​យក​ទៅ​​ក៏​ដាក់​ភូស ហើយ​គេ​ក៏​ទៅ​វិញ​ទៅ ទៅ​យក​មួយ​ទៀត។ ពួក​នោះ​មិន​មែន​ពួក​យោធា​ទេ។ ពួក​នោះ គឺ​ពួក​ឈ្លប​កាន់​ក្ដាប់​កន្លែង​នោះ​ឯង។ ខ្ញុំ​ស្គាល់​ទាំង​មនុស្ស​អ្នក​វាយ​ទៀត។ មនុស្ស​មួយ​ឈ្មោះ ឃត មនុស្ស​មួយ​ទៀត​ឈ្មោះ មុយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ស្លាប់​អស់​ហើយ។ កូន​ង៉ា​ក្មេង​តូច គេ​ចាប់​ជើង​ទាំង​បាន គេ​បោក​នឹង​ដើម​ដូង។ គេ​វាយ​ផាំង! គេ​បោះ​ព្រូស​ទៅ​លើ​ខ្មោច​ដែល​គេ​សម្លាប់​រួច​ហើយ»

ចម្លើយ​សាក្សី អ៊ុម ស៊ន់ គឺ​ជា​សក្ខីកម្ម​បន្ថែម​លើ​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ សៀន ស៊ង់ កាល​ពី​ចុង​ខែ​តុលា ដែល​បញ្ជាក់​ថា បាន​ឃើញ​ករណី​សម្លាប់​ជនជាតិ​វៀតណាម ជាមួយ​លោក​ដែរ។ ទាំង​សាក្សី អ៊ុម ស៊ន់ ដូច​គ្នា​នឹង​សាក្សី សៀន ស៊ង់ ដែរ អះអាង​ថា បាន​ឃើញ​ពួក​ខ្មែរ​ក្រហម​វះ​យក​ប្រមាត់​ជនជាតិ​វៀតណាម ឈ្មោះ ចន្ថា ដែល​លោក​ធ្លាប់​ស្គាល់​ច្បាស់៖ «ចៅ​យាយ​ម៉ា​នោះ គេ​ពុំ​យក​ប្រមាត់ គឺ ចន្ថា។ ស្រី​ក្រមុំ គេ​ពុំ​យក​ប្រមាត់​មែន​នុះ​ឯង។ ឃើញ​ប្រមាត់​គេ​ដាក់​ព្យួរ​នឹង​ធាង​ដូង​មួយ​ចង្កោម។ ​យក​តែ​ស្រី​ក្រមុំៗ ទេ​ប្រមាត់​នោះ។ វះ​នោះ​មិន​មែន​វះ​តែ​ម្នាក់​ទេ។ វះ​ច្រើន ប្រមាត់​ឡើង​មួយ​ត្រណោត។ មួយ​ចង្កោម​ដោត​ដែក​លួស​ទៀត។ ពាក់​នឹង​ជញ្ជាំង។ ចំពោះ​ដែល​ខ្ញុំ​ឃើញ គឺ​ខ្ញុំ​ឃើញ តែ​ត្រង់​គេ​យក​ប្រើ​ការ​អ្វី ខ្ញុំ​អត់​ដឹង​ទេ»

សាក្សី​រូប​នេះ​ថ្លែង​ថា លោក​មិន​អាច​ដឹង​ច្បាស់​ថា ចំនួន​ជនជាតិ​វៀតណាម ដែល​ពួក​កង​ឈ្លប​ខ្មែរ​ក្រហម​សម្លាប់​នៅ​ពេល​នោះ មាន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ​ទេ។ លោក​ប៉ាន់​ប្រមាណ​ថា អាច​មាន​ចំនួន ២៥​នាក់។

ទោះ​ជា​មាន​សាក្សី​ពីរ​រូប​ផ្ដល់​សក្ខីកម្ម​ដូច​គ្នា​យ៉ាង​នេះ​ក្ដី ក៏​មិន​អាច​ធ្វើ​ឱ្យ​មេធាវី​ជនជាប់ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) ទទួល​យក​បាន​ទេ៖ «ខ្ញុំ​មិន​ជឿ​ថា លោក​ឃើញ​ការ​សម្លាប់​នោះ​ទេ»។

ទាក់ទង​នឹង​ការ​ជំទាស់​របស់​លោក វិកទ័រ កូប៉េ ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំជម្រះ លោក​ចៅក្រម និល ណុន បង្អាក់​មិន​ឱ្យ​ជំទាស់​បន្ត​ទេ ដោយ​លោក​ចាត់​ទុក​ថា លោក វិកទ័រ កូប៉េ ធ្វើ​សេចក្ដី​សន្និដ្ឋាន​លើ​សក្ខីកម្ម​ពាក់​កណ្ដាល​ទី។

សក្ខីកម្ម​របស់​សាក្សី អ៊ុម ស៊ន់ នៅ​មិន​ទាន់​បាន​បញ្ចប់​ទេ ហើយ​អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​សក្ខីកម្ម​នេះ​បន្ត​ទៀត នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។