អាជ្ញាធរ​ច្រានចោល​របាយការណ៍​គោលនយោបាយ​សំណង​សេសាន​ក្រោម​២

អាជ្ញាធរ​បាន​ច្រានចោល​របាយការណ៍​គោលនយោបាយ​សំណង​សេសាន​ក្រោម​២ របស់​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ ដោយ​លើក​ឡើង​ថា របាយការណ៍​នេះ​នៅ​មាន​ចំណុច​ខ្វះខាត មិន​ឯករាជ្យ ទិន្នន័យ​មួយ​ចំនួន​មិន​ច្បាស់លាស់ និង​មាន​កំហុស​អក្ខរាវិរុទ្ធ​ជាដើម។ ចំណែក​តំណាង​ក្រុម​ស្រាវជ្រាវ​ចាត់​ទុក​ការ​ច្រានចោល​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ថា​នឹង​ប៉ះពាល់​ដល់​សហគមន៍​កាន់​តែ​ខ្លាំង។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មន្ត្រី​ក្រសួង​បរិស្ថាន មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ច្រានចោល​ទាំង​ស្រុង​លើ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​របស់​លោក​បណ្ឌិត កែម ឡី ដែល​រក​ឃើញ​ថា គោលនយោបាយ​សំណង​សេសាន​ក្រោម​២ របស់​រដ្ឋាភិបាល​ផ្ដល់​ជូន​ពលរដ្ឋ​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ ហើយ​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​សង្គមកិច្ច និង​បរិស្ថាន​មាន​ទំហំ​ធំ​ធេង។

ការ​ច្រាន​ចោល​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​នៅ​ពេល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​អង្កេត​គោលនយោបាយ​សំណង និង​តម្លៃ​ទ្រព្យ​តាម​ទីផ្សារ​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ។

អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ អះអាង​ថា របាយការណ៍​នេះ​មាន​និន្នាការ​នយោបាយ​ទិន្នន័យ​របាយការណ៍​មិន​អាច​ប្រើប្រាស់​បាន ពិសេស​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​កន្លង​មក​នោះ​ឡើយ៖ «ប្រព័ន្ធ​ខ្លឹមសារ​នៃ​ការ​បក​ស្រាយ​វា​អត់​គ្រប់​ជ្រុងជ្រោយ អត់​ទាន់​ស្រប​អ្វី​ដែល​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ ដូច្នេះ​ខ្លឹមសារ​ក្នុង​របាយការណ៍​នេះ យើង​មិន​អាច​យក​វា​នោះ​ទេ»

លោក​បញ្ជាក់​ដែរ​ថា ពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ចំនួន ៦​ភូមិ ជិត ១.០០០​គ្រួសារ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ទូទាត់​សំណង​ជា​ថវិកា​បាន​រួច​រាល់​ទាំង​ស្រុង​ជូន​ពលរដ្ឋ​បាន ៣​ភូមិ​ហើយ នៅ​សល់​តែ ៣​ភូមិ​ទៀត​ប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ផល​ប៉ះពាល់​ដើម្បី​ទូទាត់​សំណង​បន្ថែម​ទៀត។

​ទីប្រឹក្សា​ឯករាជ្យ និង​ជា​តំណាង​ក្រុម​អ្នក​ស្រាវជ្រាវ​ការ​សិក្សា​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ទទួល​យក​ការ​ពិត មិន​គួរ​ច្រានចោល​របាយការណ៍​យ៉ាង​ឆាប់​រហ័ស​ពេក​នោះ​ទេ ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទទួល​បាន​ផល​ពិត​ប្រាកដ៖ «ប្រសិនបើ​គាត់​មាន​សេចក្ដី​ក្លាហាន​ទទួល​យក​ការពិត គាត់​មាន​ឱកាស​នឹង​កែ ប៉ុន្តែ​បើ​គាត់​មិន​មាន​សេចក្ដី​ក្លាហាន​ទទួល​យក​ការ​ពិត​នោះ​ទេ គាត់​មិន​អាច​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជាក់ស្ដែង​មាន​ប្រសិទ្ធភាព​នោះ​ទេ»

​របាយការណ៍​អង្កេត​គោលនយោបាយ​សំណង និង​តម្លៃ​ទ្រព្យ​តាម​ទីផ្សារ​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​បាន​ស្ទង់​មតិ​ពលរដ្ឋ​ចំនួន​ជិត​៤០០​នាក់ មកពី​៩​ភូមិ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ឬ​ដោយ​ផ្ទាល់​ពី​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​២ ក្នុង​ស្រុក​សេសាន កាល​ពី​ឆ្នាំ​២០១៤ បង្ហាញ​ថា ជាង ៩០% នៃ​ពលរដ្ឋ​ទទូច​ឲ្យ​លុប​ចោល​ការ​សាងសង់​គម្រោង​ទំនប់​នេះ។

របាយការណ៍​ដដែល​រក​ឃើញ​ទៀត​ថា សំណង់​ដែល​ផ្ដល់​ឲ្យ​មិន​ទាន់​សមស្រប​តាម​តម្លៃ​ទីផ្សារ និង​មិន​បាន​គិត​ដល់​ការ​ចំណាយ​បែប​ប្រពៃណី​នៅ​ឡើយ។ ជាក់ស្ដែង​សំណង​ប្រពៃណី​មិន​បាន​គិត​ដល់​ការ​ចំណាយ​លើ​ពិធី​សែនព្រេន​ពេល​ផ្លាស់​ទីលំនៅ ដែល​ជា​មធ្យម​ក្នុង ១​គ្រួសារ​ចំនួន ១.០០០ ទៅ ២.០០០​ដុល្លារ និង​ក្នុង​សហគមន៍​មួយ​ត្រូវ​ចំណាយ​ប្រមាណ ៣.០០០ ទៅ ៤.០០០​ដុល្លារ។

ចំណែក​ឯ​តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​២ ក្នុង​ស្រុក​សេសាន លោក ស្រី លីបិ ថ្លែង​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ពលរដ្ឋ​រងគ្រោះ។ លោក​អះអាង​ថា កន្លង​មក​សំណង​ដែល​ផ្ដល់​ឲ្យ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​ទាំង​អស់​នោះ​ទេ៖ «សំណង​ខ្លះ ផ្ដល់​ឲ្យ​ចំពោះ​អ្នក​ដែល​មាន​ផល​តិច​ហ្នឹង គេ​ត្រូវ​ទទួល​យក​តិច គេ​ទទួល​យក​ដោយ​រីករាយ វា​អត់​អី​ទេ តែ​បើ​អ្នក​ដែល​មាន​ផល​ច្រើន ដី​ច្រើន​ផល​ដំណាំ​ច្រើន គេ​មិន​ចង់​បាន​ទេ និង​ទទួល​យក​នោះ​ទេ»

អាជ្ញាធរ​អះអាង​ថា គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​មាន​កម្លាំង​ផលិត​ថាមពល ៤០០​មេហ្គាវ៉ាត់ ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។