លោក ហោ ណាំហុង ថា​សភា​អឺរ៉ុប​គ្មាន​គម្រោង​ផ្ដាច់​ជំនួយ​ពី​កម្ពុជា​នោះ​ទេ

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ថ្លែង​ថា សហភាព​អឺរ៉ុប​បញ្ជាក់​ថា ព័ត៌មាន​ស្ដីពី​ការ​ព្រមាន​ដក​ជំនួយ​មក​ឲ្យ​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​មិន​លើកលែង​ការ​ចោទ​ប្រកាន់​មក​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នោះ​ទេ ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ។

បន្ទាប់​ពី​ជំនួប​បិទ​ទ្វារ​ប្រមាណ ១​ម៉ោង រវាង​ភាគី​ទាំង​ពីរ​លោក ហោ ណាំហុង ថ្លែង​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និយាយ​ថា ព័ត៌មាន​ដែល​ថា សហភាព​អឺរ៉ុប​នឹង​កាត់​ផ្ដាច់​ជំនួយ​រាប់​រយ​លាន​ដុល្លារ ដែល​គ្រោង​ផ្ដល់​មក​ឲ្យ​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​លុប​ចោល​បទ​ចោទ​ប្រកាន់​នានា​លើ​លោក សម រង្ស៊ី និង​សកម្មជន​បក្ស​ប្រឆាំង​នោះ ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ៖ «»។

យ៉ាង​ណា​ក៏ដោយ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ចច អែដហ្គឺ (George Edgar) មិន​បញ្ជាក់​ពី​បញ្ហា​នេះ​ទេ។ តែ​លោក​បញ្ជាក់​ថា លោក​រង់ចាំ​ស្វាគមន៍​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​ដែល​លោក​បំពេញ​ការងារ​នៅ​កម្ពុជា។

នេះ​ជា​កិច្ច​ប្រជុំ​ផ្លូវ​ការ​លើក​ដំបូង​រវាង​លោក ហោ ណាំហុង និង​លោក ចច អែដហ្គឺ ក្នុង​ឋានៈ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។ លោក ចច អែដហ្គឺ ធ្លាប់​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​១៩៩៧ ដល់​១៩៩៩។

កាល​ពី​ចុង​ខែ​វិច្ឆិកា សភា​អឺរ៉ុប បាន​ចេញ​ញត្តិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់ និង​ការ​តាម​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហើយ​សភា​អឺរ៉ុប​ព្រមាន​ថា ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ទេ សភា​អឺរ៉ុប​ព្រមាន​លុបចោល​ជំនួយ​ដែល​គ្រោង​ផ្ដល់​ឲ្យ​កម្ពុជា ដែល​មាន​តម្លៃ​ប្រមាណ ៤៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​ជំនួប​នោះ លោក ហោ ណាំហុង ឲ្យ​ដឹង​ថា លោក​បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​ពី​ខ្លឹមសារ​នៃ​វប្បធម៌​សន្ទនា។ លោក​ថា កម្ពុជា​គោរព​និង​ការពារ​សិទ្ធិ​បញ្ចេញមតិ៖ «»។

ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​ការ​ដក​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា និង​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ការ​ដក​សមាជិកភាព​សភា​របស់​លោក សម រង្ស៊ី មក​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​បរទេស និង​សហគមន៍​អន្តរជាតិ ក្នុង​នោះ​ក៏​មាន​ពី​សភា​សហភាព​អឺរ៉ុប ផង​ដែរ។ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី បាន​បញ្ជក់​ថា លោក​នឹង​ព្យាយាម​ជួប​ជាមួយ​តំណាង​គណបក្ស​នយោបាយ​នៅ​កម្ពុជា ទាំង​អស់​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។