របាយការណ៍៖ ១០​ឆ្នាំ​កម្ពុជា​ខាតបង់​ជាង​១៥​ប៊ី​លាន​ដុល្លារ​ដោយសារ​លំហូរ​ប្រាក់​ខុស​ច្បាប់

អង្គការ​សុចរិតភាព​ហិរញ្ញវត្ថុ​សកល (Global Financial Integrity) ហៅ​កាត់​ថា (GFI) រក​ឃើញ​ថា កម្ពុជា​បាន​បាត់បង់​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១៥​ប៊ី​លាន ឬ ១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៣ ដោយសារ​លំហូរ​សាច់ប្រាក់​ដោយ​ខុសច្បាប់​ទៅ​ក្រៅ​ប្រទេស។ ក្នុង​នោះ ចំនួន​ទឹក​ប្រាក់​ដែល​បាត់បង់​ច្រើន​ជាង​គេ គឺ​នៅ​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​ប្រមាណ​ជាង ៤​ប៊ី​លាន ឬ ៤​ពាន់​លាន​ដុល្លារ។ ចំនួន​នេះ​ច្រើន​ជាង​ថវិកា​ជាតិ​សរុប​ដែល​កម្ពុជា បាន​ចំណាយ​នៅ​ឆ្នាំ​២០១៣ ទៅ​ទៀត ដែល​កាល​នោះ​មាន​ចំនួន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥ របស់​អង្គការ GFI មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ។ របាយការណ៍​ប្រចាំ​ឆ្នាំ​នេះ បាន​គណនា​ចំនួន​ទឹក​ប្រាក់​ខាតបង់​ចន្លោះ​ពី​ឆ្នាំ​២០០៤ ដល់​២០១៣ ដោយ​ផ្អែក​លើ​ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) ទទួល​បាន​ពី​ប្រទេស​ចំនួន​១៤៩។

ក្នុង​របាយការណ៍​ឆ្នាំ​២០១៥​នេះ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៦១ ជា​ប្រទេស​ខាតបង់​ទឹកប្រាក់​ជា​មធ្យម​ជាង ១,៥​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ (១៥៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ) ដោយសារ​លំហូរ​សាច់​ប្រាក់​ដោយ​ខុស​ច្បាប់​នេះ។ ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ជាង​ប្រទេស​ភាគ​ច្រើន ក៏ប៉ុន្តែ​អាក្រក់​ជាង​មីយ៉ាន់ម៉ា និង​ប្រទេស​ឡាវ ដែល​ខាត​បង់​ទឹកប្រាក់​ជា​មធ្យម​ប្រមាណ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ទិន្នន័យ​ក្នុង​របាយការណ៍​បង្ហាញ​ថា កត្តា​ដែល​បណ្ដាល​កម្ពុជា បាត់បង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​លំហូរ​ពាណិជ្ជកម្ម គឺ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​វិក្កយបត្រ​មិន​ត្រឹមត្រូវ មាន​ន័យ​ថា តម្លៃ​នៅ​លើ​វិក្កយបត្រ​ខុស​ពី​តម្លៃ​ជាក់ស្ដែង​នៃ​ផលិតផល​នាំ​ចេញ ឬ​នាំចូល ដែល​អ្នក​រក​ស៊ី​បាន​រាយការណ៍​ទៅ​អាជ្ញាធរ។

របាយការណ៍​លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គការ​នេះ​ទទួល​បាន​ទិន្នន័យ​ពាណិជ្ជកម្ម​ពី​កម្ពុជា ដើម្បី​គណនា ដោយ​ប្រៀបធៀប​ជាមួយ​នឹង​ទិន្នន័យ​បាន​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កម្ពុជា។

សូម​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។