តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​អះអាង​ថា​ខ្វះខាត​ថវិកា​ព្យាបាល​របួស

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប ដែល​រង​របួស​ធ្ងន់​ដោយសារ​ការ​វាយ​ប្រហារ​របស់​ក្រុម​បាតុករ​ហិង្សា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ចុង​ខែ​តុលា អះអាង​ថា ថវិកា​ដែល​រដ្ឋសភា​ជួយ​ថ្លៃ​ព្យាបាល​របួស​របស់​អ្នក​ទាំង​ពីរ មិន​បាន​គ្រប់គ្រាន់ រីឯ​សម្ភារៈ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ក៏​នៅ​មិន​ទាន់​បាន​ជួសជុល​នៅ​ឡើយ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន ដែល​មាន​ស្នាម​របួស​ពេញ​ខ្លួន ហើយ​ដៃ​ខាង​ស្តាំ​មាន​រុំ​ផ្អោប​នឹង​ប្រដាប់​អប​ឆ្អឹង​នោះ​ផង បាន​ត្អូញត្អែរ​ថា លោក និង​លោក គង់ សភា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប​ទៀត ខ្វះខាត​ថវិកា​ក្នុង​ការ​ព្យាបាល​មុខ​របួស និង​ជួសជុល​ការ​ខូចខាត​ទ្រព្យ​សម្ភារៈ​ផ្ទាល់​ខ្លួន។

ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ពុធ ទី​៩ ធ្នូ លោក គង់ សភា និង​លោក ញ៉យ ចំរើន បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​ក្នុង​គ្រា​អស់​ថវិកា​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្យ៉ាថៃ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ៖ «ថវិកា​រដ្ឋសភា​ដែល​ជួយ​យើង​ឲ្យ​ជួសជុល​អី​ឡាន​អី​ហ្នឹង ប៉ុន្តែ​ថវិកា​ហ្នឹង​មិន​គ្រប់គ្រាន់​ទេ។ យើង​សំណូមពរ​ចុង​ក្រោយ​ហ្នឹង​ទៅ គេ​ថា​ថវិកា​សភា​ហ្នឹង​អស់​ហើយ ដោយសារ​ចុង​ឆ្នាំ​អ៊ីចឹង​គេ​អត់​អាច​ផ្តល់​ជូន​គ្រប់​ទេ។ អ៊ីចឹង​ហើយ​យើង​ទាំង​ពីរ​នាក់​ហ្នឹង​ចេញ​មុន។ យើង​ស្នាក់នៅ​ខាង​ក្រៅ​ហ្នឹង វា​ធូរ​ថ្លៃ​ជាង​គេង​នៅ​ក្នុង​ពេទ្យ»

ទោះ​បី​ជា​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ ខ្វះ​ថវិកា​ក្នុង​ការ​ព្យាបាល​របួស​ក៏​ពិត​មែន ប៉ុន្តែ​ពួក​គេ​អះអាង​ថា មិន​បាន​ពឹង​អាស្រ័យ​ជំនួយ​ណា​មួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន នោះ​ឡើយ។

ទាក់ទង​នឹង​ប្រាក់​សម្រាប់​ចំណាយ​ព្យាបាល​មុខ​របួស​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ស្នើ​ឲ្យ​រដ្ឋសភា ចំណាយ​ប្រាក់​បន្ថែម​ទៀត​ទៅ​លើ​ចំនួន​ទឹក​ប្រាក់ ២​ម៉ឺន​ដុល្លារ​ដែល​រដ្ឋសភា​បាន​សម្រេច​រួច​ហើយ។ លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋសភា ចេញ​ថ្លៃ​ជួសជុល​រថយន្ត​ដែល​ត្រូវ​បាន​វាយ​កម្ទេច​ដោយ​ក្រុម​បាតុករ​ហិង្សា​នោះ​ដែរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តំណាង​រាស្ត្រ​ទាំង​ពីរ​នោះ មិន​ទាន់​ឃើញ​ប្រាក់​ទាំង​នោះ​នៅ​ឡើយ​ទេ។

ក្រុម​បាតុករ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច កាល​ពី​ចុង​ខែ​តុលា បាន​នាំ​គ្នា​ស្រែក​ទាមទារ​ឲ្យ​ដក​អនុប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា។

ក្រុម​បាតុករ​ទាំង​នោះ បាន​ចាប់​អូស​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ចេញ​ពី​រថយន្ត ហើយ​ព្រួត​គ្នា​ចោមរោម​វាយ​ទាត់​ធាក់ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ដួល​សន្លប់​នៅ​នឹង​កន្លែង។ បាតុកម្ម​ហិង្សា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ប្រទេស​បារាំង ថា បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​នៅ​បារាំង គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ចំណែក​បាតុកម្ម​ប្រឆាំង លោក កឹម សុខា នៅ​ភ្នំពេញ ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូច​គ្នា។ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់​ទុក​សម្ដី​របស់ លោក ហ៊ុន សែន ថា​អាច​ជា​ការ​បញ្ឆេះ​កំហឹង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា។

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev

បើ​ទោះ​បី​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​រូប​នេះ​រង​របួស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ពួក​គេ​អះអាង​ថា នឹង​មិន​ចង​ពៀរ​សង​សឹក​ជាមួយ​ជន​ដៃ​ដល់​នោះ​ឡើយ។

លោក គង់ សភា ដែល​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្តោង​ច្រមុះ ត្រចៀក និង​ចង្កេះ​នោះ​អះអាង​ថា យុត្តិធម៌​សម្រាប់​រូប​លោក​ហាក់​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ។ លោក​បន្ត​ថា លោក​ចង់​ឃើញ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​វែក​មុខ​អ្នក​ដែល​បញ្ជា​ពី​ក្រោយ​ឲ្យ​មាន​អំពើ​ហិង្សា និង​ជន​ដៃ​ដល់​ជាច្រើន​រូប​ទៀត៖ «ខ្ញុំ​កំពុង​រង់ចាំ​យុត្តិធម៌​របស់​យើង​ខ្ញុំ ហើយ​យុត្តិធម៌​ទាំងអស់​ហ្នឹង​ហាក់​នៅ​ឆ្ងាយ​ពី​អារម្មណ៍​របស់​ខ្ញុំ​នៅ​ឡើយ។ ជន​ដៃ​ដល់​ជាច្រើន​ដែល​វាយ​ខ្ញុំ នៅ​មិន​ទាន់​ឃើញ​មាន​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ។ រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល ១​ខែ​ហើយ អត់​ទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ទាល់​តែ​សោះ ក្រៅ​ពី​អ្នក​ចូល​សារភាព​ហ្នឹង គឺ​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ដែល​រៀបចំ​ឲ្យ​មាន​អ្នក​ចូល​សារភាព​បី​នាក់​ហ្នឹង​តែ​ប៉ុណ្ណោះ។ ចំណែក​ជន​ដៃ​ដល់​ផ្សេង​ទៀត អត់​ទាន់​ឃើញ​មាន»

ចំណែក លោក ញ៉យ ចំរើន វិញ មាន​ប្រសាសន៍​ថា លោក​ទុក​ពេល​ឲ្យ​តុលាការ​កម្ពុជា ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​អស់​ពី​លទ្ធភាព​ជា​មុន មុន​ពេល​លោក​ប្ដឹង​ពី​ករណី​ហិង្សា​នេះ​ទៅ​តុលាការ​អន្តរជាតិ​ជាច្រើន​ទៀត ក្នុង​នាម​លោក​ជា​ពលរដ្ឋ​អាមេរិកាំង នោះ៖ «ដោយសារ​ខ្ញុំ​ជា​សញ្ជាតិ​អាមេរិក​ផង ដូច្នេះ​ខ្ញុំ​ទុក​លទ្ធភាព​ឲ្យ​តុលាការ​កម្ពុជា ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព។ បើ​សិន​ជា​មិន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ​នោះ ខ្ញុំ​នឹង​រៀបចំ​ច្បាប់​នៅ​អាមេរិក ដើម្បី​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ»

លោក ញ៉យ ចំរើន បាក់​ដៃ​ស្តាំ​បី​កំណាត់ ហើយ​កំពុង​ដាក់​ដែក​អប​ឆ្អឹង​ដែល​បាក់​នោះ រាង​កាយ​របស់​លោក​មាន​សភាព​ទ្រុឌទ្រោម ភ្នែក​ខាង​ស្តាំ​របស់​លោក​បាក់​ឆ្អឹង​ចាក់​បុក​ទៅ​គ្រាប់​ភ្នែក រីឯ​ច្រមុះ​របស់​លោក​ក៏​បាក់​ឆ្អឹង​ក្តោង​ច្រមុះ​ស្រុត​ចូល​ទៅ​ក្នុង និង​បាក់​ធ្មេញ​មុខ​ចំនួន​ពីរ​ថែម​ទៀត។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ចុង​ខែ​តុលា បាន​ហៅ​បាតុកម្ម​ហិង្សា​នោះ​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ទុះ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី លោក ហ៊ុន សែន ប្រកាស​ថា នឹង​មាន​បាតុកម្ម​ប្រឆាំង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ក៏​ធ្លាប់​បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើ​ហិង្សា​នេះ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់ចត់ និង​មាន​តម្លាភាព​ចំពោះ​ករណី​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។